ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​កង​វិស្វកម្ម​១៨៤​នាក់​បាន​ត្រឡប់​មក​ដល់​កម្ពុជា​វិញ បន្ទាប់​ពី​បំពេញបេសកកម្ម​នៅ​លី​បង់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កង​វិស្វកម្ម​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​១៨៤​នាក់​ចូលរួម​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​លី​បង់ នៅ​ចុងឆ្នាំ​២០១៥​កន្លង​ទៅ

រាជធានី​ភ្នំពេញ ៖ កង​វិស្វកម្ម​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​១៨៤​នាក់​ចូលរួម​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​លី​បង់ នៅ​ចុងឆ្នាំ​២០១៥​កន្លង​ទៅ បាន​ត្រឡប់​មក​ដល់ កម្ពុជា​វិញ បន្ទាប់​ពី​បញ្ចប់​ការងារ​ប្រកបដោយ​ភាព​ជោគជ័យ​។ លោក អ៊ុ​ច បូ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព នៅ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៧ ក្នុង​ពិធី​ទទួល​កង​វិ​ស្វ័ក​ម្ម​កម្លាំង​វិស្វកម្ម​មួក​ខៀវ​កម្ពុជា ចំនួន​១៨៤​នាក់ បាន​ធ្វើ​មាតុភូមិនិវត្តន៍​វិញ នៅ​មូលដ្ឋាន​ទ័ពអាកាស រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កម្លាំង​មួក​ខៀវ​ទាំង​១៨៤​នាក់ ដែល​បាន​វិល​មក​កម្ពុជា​វិញ​នេះ គឺ​បាន​បំពេញការងារ​ទទួល​បាន​ជោគជ័យ និង​មានការ​ទទួលស្គាល់​ស្នាដៃ​របស់​កម្ពុជា ដែល​បាន​បំពេញការងារ​រយៈពេល​១​ឆ្នាំ​នៅ​ប្រទេស​លី​បង់​។

កម្លាំង​វិស្វកម្ម​នេះ គឺ​បាន​កសាង​ផ្លូវថ្នល់ សង់​សំណង់​បន្ទាយ សម្រាប់​កម្លាំង​ទ័ព​អង្គការសហប្រជាជាតិ មក​ពី​បណ្តា​ប្រទេស ផ្សេង​ៗ រៀបចំ​ប្រព័ន្ធ​ទឹក​ស្អាត ដោះ​មីន​នៅ​លើ​ផ្ទៃដី​ជា​ច្រើន​រយ​ហិ​កតា និង​ការពារ​ដំណើរ​ជូន​ជនភៀសខ្លួន​ផង​ដែរ​។ លោកនាយ​ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ថ្លែង​ថា “​រាជរដ្ឋាភិបាល កម្ពុជា​បាន​បង្ហាញ​ពី​ចក្ខុវិស័យ​របស់​ខ្លួន ក្នុង​គោលដៅ​និរន្ត​ភាព​នៃ​ការ​អភិវឌ្ឍន៍​ថ្មី នៃ​ការ​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព ទៅ​បណ្តា​ប្រទេស​ចំនួន​៨ ដោយ​ប្តេជ្ញា​យ៉ាង​មុតមាំ​លើ​វិស័យ​រក្សា​សន្តិភាព ក្នុង​ការ​ចូលរួម​បំពេញបេសកកម្ម​របស់​អង្គការសហប្រជាជាតិ ដើម្បី​បន្ត​វិភាគទាន​រួមចំណែក​ជាមួយ​សហគមន៍​អន្តរជាតិ​”​។

លោក​ឧបនាយករដ្ឋមន្ត្រី​លើក​ឡើង​ថា “​រដ្ឋាភិបាល​បាន​ផ្តោត​សំខាន់​ទៅ​លើ​សកម្មភាព ក្នុង​វិស័យ​មួយ​ចំនួន ដែល​កម្ពុជា​មាន​លទ្ធភាព​ចូលរួម និង​ខិតខំ​ធ្វើការ​កែ​លម្អ ការ​គ្រប់គ្រង​ធនធានមនុស្ស ពិសេស​ការ​បង្កើន​ចំនួន​ចូលរួម​ជា​ស្ត្រី ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​ទស្សនៈ​របស់​អង្គការសហប្រជាជាតិ ក្នុង​ការ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​។
ប្រត្តិបត្តិការ​រក្សា​សន្តិភាព និង​ទស្សនៈទាន​សម្រាប់​របៀបវារៈ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ ដោយ​ចាត់​ទុក​ថា ការ​អភិវឌ្ឍន៍ នឹង​មិនកើត​មាន​ឡើយ ប្រសិនបើ​គ្មាន​សន្តិភាព បើ​គ្មាន​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក៏​គ្មាន​សន្តិភាព​ដែរ​។

លោកនាយ​ឧត្តមសេនីយ៍ សែ​ម សុវណ្ណ​នី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ថ្លែង​ថា “​កម្លាំង​មួក​ខៀវ​នៃ​កង​វិស្វកម្ម គឺ​បាន​ទៅ​បំពេញបេសកកម្ម នៅ​សាធារណរដ្ឋ​លី​បង់ កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៥​កន្លង​ទៅ តែ​រហូត​មក​ដល់​ថ្ងៃនេះ គឺ​បាន​បញ្ចប់​នៃ​ការ​បំពេញបេសកកម្ម រយៈពេល​១​ឆ្នាំ​”​។ លោក​បាន​បញ្ជាក់​បាន​ថា កម្លាំង​ដែល​ទៅ​បំពេញការងារ ផ្នែក​វិស្វកម្ម​នេះ គឺ​មាន​ចំនួន​គ្រប់ មិន​មាន​បាត់​កម្លាំង​នោះ​ទេ គឺ​ទៅ​គ្រប់ មក​គ្រប់​។ លោក Alexantre Huynh តំណាង​អ្នកសម្របសម្រួល​អង្គការសហប្រជាជាតិ​កម្ពុជា បាន​ថ្លែង​ថា “​កម្ពុជា​បាន​បញ្ជូន​កម្លាំង​ទៅ​កាន់​ប្រទេស​លី​បង់​នេះ គឺ​កម្ពុជា​បាន​បង្ហាញ​អំពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ខ្លួន ក្នុង​ការ​គាំទ្រ​ដល់​ប្រតិបត្តិការ​សន្តិភាព របស់​អង្គការសហប្រជាជាតិ ដើម្បី​ដោះស្រាយ​ជម្លោះ ដ៏​ស្មុគស្មាញ និង​ការពារ​ជន​ស៊ី​វិល ដែល​ជា​ភារកិច្ច​ដ៏​សំខាន់​បំផុត និង​ជា​សក្ខីភាព​ជាក់ស្តែង​ផង​ដែរ​។

លោកស្រី​បាន​បន្ថែម​ថា ព្រឹ​តិ្ត​ការណ៍​ប្រមាណ​២៣​ឆ្នាំ​មុន កង​រក្សា​សន្តិភាព​របស់ អង្គការសហប្រជាជាតិ​បញ្ជូន​មក​កាន់​កម្ពុជា​។  តែ​បច្ចុប្បន្ន​កម្ពុជា​បាន​ប្រែ​ក្លាយជា​ប្រទេស​មួយ​បញ្ជូន​កម្លាំង និង​ក្រុម​ជំនាញ​ចូលរួម​ប្រតិបត្តិការ​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ក្នុង​នាម​មនុស្សធម៌ ទៅ​កាន់​ប្រទេស​ចំនួន​៨ រួម​មាន ប្រទេស ស៊ូ​ដង់ ស៊ូ​ដង់​ខាងត្បូង អាហ្វ្រិក​កណ្ដាល សាយ​ប្រឹស លី​បង់ ឆា​ដ ស៊ី​រី និង​ប្រទេស ម៉ា​លី​។ គួរ​បញ្ជាក់​ថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា បាន​បញ្ជូន​កម្លាំង ចំនួន​សរុប​ជាង​៤​ពាន់​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​១៥១​នាក់ ទៅ​ចូលរួម បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។ ដែល​បច្ចុប្បន្ន​កម្ពុជា​មាន​កម្លាំង​ចំនួន​ជិត​១០០០​នាក់ ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥ រួម​មាន ប្រទេស​ស៊ូ​ដង់ ស៊ូ​ដង់​ខាងត្បូង អាហ្វ្រិក​កណ្តាល លី​បង់ និង​ម៉ា​លី​។

ហើយ​កម្លាំង​មួក​ខៀវ​ទាំង​អស់នេះ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា សន្តិភាព​ច្រើន​ជាងគេ​លំដាប់​ទី​៣ នៅ​ក្នុង​តំបន់​អាស៊ាន​។ ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង សរុប​ប្រមាណ​ជិត​៤​ពាន់​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​ជាង​១០០​នាក់ ទៅ​ចូលរួម បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។ នៅ​ដើម​ខែមករា​នេះ​កម្លាំង​មួក​ខៀវ​កម្ពុជា​ម្នាក់​ឈ្មោះ លោក លុយ ប៊ុ​ន​ឡុ​ង បាន​ស្លាប់​នៅ​ប្រទេស​អា​ហ្វ្រិ​ច​កណ្តាល នៅ​ក្នុង​មន្ទីរពេទ្យ​រ៉ូ​វ៉ា​ន​ដា ដោយសារ​តែ​ជំងឺគ្រុនចាញ់​ធ្ងន់ធ្ងរ​។ កាលពី​ថ្ងៃ​ទី​៤ ខែមករា​នេះ​កម្លាំង​មួក​ខៀវ​ចំនួន​១៨៤​នាក់​ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​កាន់​ប្រទេស​លី​បង់​ជំនួស​កន្លែង​កម្លាំង​ដែល​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ទាំងនេះ​៕