ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់ពលករម្នាក់បានស្លាប់ក្នុងថ្លុកឈាម និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីផ្ទុះជម្លោះខ្មែរគ្នាឯងមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅលើទឹកដីថៃ ខេត្តនគររាជសីមា កាលពីម៉ោង១២យប់ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦។ ជនរងគ្រោះក្នុងហេតុការណ៍ផ្ទុះជម្លោះនោះគេស្គាល់តែម្នាក់គឺឈ្មោះ នួន វិឆៃ ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករសំណង់នៅក្នុងខេត្តកើតហេតុ និងមានទីលំនៅភូមិឃុំនិងស្រុកបវរល ខេត្តបាត់ដំបង ត្រូវជនដៃដល់ចាក់លេច១កាំបិតកៃ ចំក្រោមដោះខាងឆ្វេងស្លាប់នៅនឹងកន្លែងកើតហេតុ។
ចំណែកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ជាកម្មករជាមួយគ្នា រងរបួសធ្ងន់ត្រូវជនដៃដល់កាប់នឹងពូថៅចំកខាងក្រោយ សៀតថ្កា និងក្រោមក្លៀកខាងស្តាំដឹកទៅសង្គ្រោះ។ ជនរងគ្រោះដែលស្លាប់ត្រូវបានភាគីថៃដឹកសពត្រឡប់ប្រគល់ឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីព្រលប់ថ្ងៃទី៤ មករា ២០១៧ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យថៃ មិនដឹងថាយ៉ាងម៉េចទៅហើយទេ។
តាមសាច់ញាតិសពបានប្រាប់កោះសន្តិភាពថា ករណីហិង្សាឈានដល់ការកាប់ចាក់គ្នានេះ ដំបូងជនរងគ្រោះដែលរងរបួសធ្ងន់ផ្ទុះជម្លោះជាមួយមនុស្ស១ក្រុមជាពលករខ្មែរដូចគ្នា លុះជនរងគ្រោះដែលស្លាប់ចូលទៅឃាត់កុំឲ្យបន្តឈ្លោះគ្នាស្រាប់តែត្រូវគេចាក់ស្លាប់តែម្តង។ សាច់ញាតិសពបន្តថា បក្ខពួកជនដៃដល់ត្រូវសមត្ថកិច្ចថៃចាប់ខ្លួនមួយចំនួនហើយ ចំណែកជនដៃដល់ និងបក្ខពួកមួយចំនួនទៀត បាន និងកំពុងគេចខ្លួនតែស្គាល់អត្តសញ្ញាណអស់ហើយ។
សពត្រូវបានសាច់ញាតិធ្វើបុណ្យតាមប្រពៃណី និងបូជារួចហើយ កាលពីរសៀលម្សិលមិញ(៥ មករា ២០១៧)។ សាច់ញាតិសពបញ្ជាក់ថា ក្រោយពិធីបុណ្យរួចនឹងដាក់ពាក្យបណ្តឹងលើជនបង្កដើម្បីឲ្យសមត្ថកិច្ចចាប់ខ្លួនជនដៃដល់ ដែលកំពុងគេចខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
ចែករំលែកព័តមាននេះ