ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធររាជធានី​ភ្នំពេញ​សន្យា​ផ្តល់​កម្មសិទ្ធិ​ដី​ស្របច្បាប់​ជូន​ពលរដ្ឋ​រស់នៅ​អម​សងខាង​ប្រឡាយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្លែង​ទៅ​កាន់​ពលរដ្ឋ​រាប់រយ​នាក់ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រឡាយ​បេតុង និង​ផ្លូវ​អម​ប្រឡាយ​បាក់​ទូក នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ ថ្លែង​ទៅ​កាន់​ពលរដ្ឋ​រាប់រយ​នាក់ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ប្រឡាយ​បេតុង និង​ផ្លូវ​អម​ប្រឡាយ​បាក់​ទូក នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែមករា ឆ្នាំ​២០១៧ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ នោះ លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ប្រឡាយ​បាក់​ទូក​រហូត​ដល់​ទំនប់​កប់​ស្រូវ​នឹង​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ពេល​អាជ្ញាធរ​ស្ថាបនា​ជញ្ជាំង​បេតុង​ប្រឡាយ និង​ផ្លូវ​អម​សងខាង​ប្រឡាយ​នេះ​រួច​។

លោក ប៉ា សុ​ជាតិ​វង្ស មាន​ប្រសាសន៍​ទៀត​ថា ដោយសារ​កំណើនសេដ្ឋកិច្ច​ធ្វើ​ឲ្យ​ប្រជាជន​មាន​ជីវភាព​ធូរធា មាន​យានយន្ត​កាន់តែ​ច្រើន បាន​ធ្វើ​ឲ្យ​ភ្នំពេញ​ប្រឈម​ទៅ​នឹង​ការ​កកស្ទះ​ចរាចរ ដែល​រដ្ឋបាល​ភ្នំពេញ បាន​រិះរក​គ្រប់​វិធានការ​ក្នុង​ការ​ដោះស្រាយ ចំណែក​បញ្ហា​ប្រឡាយ​លូ​ក៏​ជា​ចំណុច​ប្រឈម​យ៉ាង​ខ្លាំង​ក្នុង​ការ​ដោះស្រាយ​ផង​ដែរ​។ ជាក់ស្តែង​ប្រឡាយ​បាក់​ទូក​នេះ​ត្រូវ​បាន​គេ​រំលោភ​ធ្វើ​ឲ្យ​ស្ទះ​ចរន្តទឹក​ហូរ ឯ​បញ្ហា​ចរាចរ​ក៏​មានការ​កកស្ទះ​នៅ​តំបន់​នេះ​ផង​ដែរ ប៉ុន្តែ​ដោយ​ការ​ខិតខំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ទើប​អាច​ស្ថាបនា​ប្រឡាយ និង​ផ្លូវ​អម​ប្រឡាយ​បាក់​ទូក​នេះ​បាន​។

លោក ប៉ា សុ​ជាតិ​វង្ស អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ប្រឡាយ និង​ផ្លូវ​នេះ ដែល​ជា​សម្បត្តិ​សាធារណៈ ដើម្បី​ប្រយោជន៍​យើង​ទាំងអស់​គ្នា​។ លោក​បន្ត​ថា ក្រោយ​ការ​ស្ថាបនា​ប្រឡាយ និង​ផ្លូវ​អម​ប្រឡាយ​បាក់​ទូក​នេះ​រួច ប្រជាពលរដ្ឋ​រស់នៅ​អម​ប្រឡាយ​បាក់​ទូក​នេះ​នឹង​ទទួល​បាន​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់ ដូច្នេះ​សូម​ឲ្យ​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​រស់នៅ​អម​សងខាង​ប្រឡាយ​នេះ រហូត​ដល់​ទំនប់​កប់​ស្រូវ​ត្រូវ​ចូលរួម​ជាមួយ​អាជ្ញាធរ ដើម្បី​ស្ថាបនា​បន្ត​ទៅ​មុខ​ទៀត​ឲ្យ​បាន​លឿន ចំពោះ​ដី​ដែល​នៅ​សល់​ពី​គម្រោង​នេះ​រដ្ឋ​នឹង​ប្រគល់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​បងប្អូន​តែ​ម្តង​។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ជញ្ជាំង​បេតុង​ប្រឡាយ​បាក់​ទូក ដែល​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ​មាន​ប្រវែង​២១៦​ម៉ែត្រ ទំហំ​ប្រឡាយ​១០​ម៉ែត្រ​និង​ផ្លូវ​បេតុង​អម​សងខាង​ប្រឡាយ​ទទឹង​៦​ម៉ែត្រ​សងខាង​។ នេះ​ជា​ជំហាន​ទី​១ និង​ជា​គំរូ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ​។ លោក​បន្ត​ថា កន្លង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្ថាបនា​ជញ្ជាំង​បេតុង​ប្រឡាយ​ជា​ច្រើន​កន្លែង​ហើយ នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដូច​ជា​ជញ្ជាំង​បេតុង​ប្រឡាយ​តាម​ផ្លូវ​លេខ​១០៥ ជញ្ជាំង​បេតុង​ប្រឡាយ​បឹង​ត្របែក ហើយ​ថ្មី​នេះ​បាន និង​កំពុង​ស្ថាបនា​ជញ្ជាំង​បេតុង​ប្រឡាយ​បឹង​សាឡា​ង​ផង​ដែរ​។

ក្រៅពី​នេះ មានការ​ស្តារ និង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូ និង​ការ​សាងសង់​ស្ថានីយ៍​បូមទឹក​ថ្មី​បន្ថែមចំនួន​៤​កន្លែង​បាន និង​កំពុង​ស្ថាបនា​ជិត​រួចរាល់ ហើយ​ក្នុង​ឆ្នាំ​២០១៧​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ស្ថាបនា​ស្ថានីយ៍​ចំនួន​២​កន្លែង​ទៀត គឺ​ស្ថានីយ​បូមទឹក​១០០​ខ្នង និង​ស្ថានីយ​បូម​ទឹកលូ​ប្រាំ​បន្ថែម​ទៀត​៕