ឥណ្ឌា៖ តាមប្រភពពី Oddity Central ឱ្យដឹងថា ស្ត្រីជនជាតិឥណ្ឌាពីរនាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការរស់មកវិញរបស់ម្តាយអាយុ៨២ឆ្នាំ ដែលពួកគេធ្លាប់គិតថា បានស្លាប់កាលពី៤០ឆ្នាំមុន ដោយសារពស់វែកចឹកនោះ ។
កាលពី៤០ឆ្នាំមុន នៅឆ្នាំ១៩៧៦ ស្ត្រីជាម្តាយខាងលើឈ្មោះ Vilasa រស់នៅភូមិ Bidhoo ស្រុក Kanpur ប្រទេសឥណ្ឌា ។ គាត់បានទៅស្រែ ដើម្បីប្រមូលផល ស្រាប់តែគាត់ត្រូវពស់វែកខ្មៅចឹក ។ ភ្លាមៗនោះ គ្រូសាររបស់គាត់បាននាំទៅព្យាបាល តែដោយសារគ្មានសង្ឃឹមនឹងរស់ ពួកគេក៏យកគាត់ទៅបណ្តែតចោលលើទឹកទន្លេ Ganges ដែលជាកន្លែងសម្រាប់បណ្តែតសាកសពជនជាតិឥណ្ឌា ដែលបានស្លាប់ហើយ ។
កាលណោះ សម្បកខ្លួនរបស់លោកយាយ គឺមិនទាន់អស់ជីវិតនៅឡើយទេ ហើយក៏ត្រូវបានក្រុមអ្នកនេសាទត្រីជួយសង្គ្រោះ។ គាត់ដឹងខ្លួនឡើងវិញ តែមិនអាចចងចាំអ្វីឡើយ សូម្បីតែខ្លួនគាត់ជានរណា ក៏មិនដឹងផង ។ ដោយសារតែការបាត់បង់ស្មារតីរបស់លោកយាយនេះហើយ ទើបគាត់ត្រូវរស់នៅក្នុងប្រាសាទមួយកន្លែងអស់រយៈពេល៤០ឆ្នាំ ។
វាពិតជាគាប់ជួនព្រេងនិស្ស័យណាស់ ដែលកាលពីខែមុន លោកយាយអាចមានការចងចាំបានខ្លះ ពីអតីតកាលគាត់ ហើយក៏បានប្រាប់ទៅកាន់ក្មេងស្រីម្នាក់ ដែលរស់នៅប្រាសាទជាមួយនឹងគាត់ ។ ក្មេងស្រីនោះ ក៏យករឿងរបស់លោកយាយ Vilasa ទៅប្រាប់លោកតារបស់នាង ដែលធ្លាប់ជាអ្នកចូលរួមក្នុងពិធីបុណ្យសពរបស់លោកយាយ Vilasa កាលពី៤០ឆ្នាំមុន ។ លោកតានោះ ក៏បានទាក់ទងទៅកូនចៅរបស់លោកយាយ Vilasa ។
លោកយាយឥលូវនេះ មានអាយុ៨២ឆ្នាំហើយ ទម្រាំបានមកជួបកូនចៅវិញ ។ កូនស្រីច្បងរបស់លោកយាយ ឈ្មោះ Ram Kumari បានប្រាប់មក The Times of India ថា «ម្តាយរបស់ខ្ញុំបាននិយាយប្រាប់ខ្ញុំថា គាត់បានបាត់បង់ស្មារតី និងការចងចាំរបស់គាត់ ។ កាលពីប៉ុន្មានថ្ងៃមុន គាត់បាននិយាយប្រាប់ទៅក្មេងស្រីម្នាក់ ហើយក្មេងស្រីនោះក៏យករឿងទៅប្រាប់តារបស់នាង។
តាម្នាក់នោះ ធ្លាប់ចូលរួមពិធីបុណ្យសពរបស់ម្តាយខ្ញុំ កាលពី៤០ឆ្នាំមុន ហើយក៏មកទាក់ទងពួកខ្ញុំទាំងអស់គ្នា ។ កូនស្រីពៅរបស់លោកយាយឈ្មោះ Muni បាននិយាយថា «ពួកយើងចងចាំគាត់បាន ដោយសារតែស្នាមដៅពីកំណើតរបស់គាត់» ។ ថ្វីបើរឿងហេតុកើតឡើង ហាក់បីដូចជាកុនមែនពិត តែវាជាការពិតកើតមានមែន ។
ចែករំលែកព័តមាននេះ