ជាតិ » ព័ត៌មាន​​សេដ្ឋកិច្ច

តម្លៃ​ប្រេងឥន្ធនៈ​បន្ត​ឡើងថ្លៃ​ជិត​ដល់​4​ពាន់​រៀល ខណៈ​OPEC​កាត់​បន្ថយ​ការ​ផលិត

ដោយ ៖ សហការី   

ថ្ងៃសុក្រ ទី៦ ខែមករា ឆ្នាំ២០១៧ ម៉ោង ១២:៣០   (06-01-2017 12:30)

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ តម្លៃ​ប្រេងឥន្ធនៈ​បាន​ឡើងថ្លៃ​ជា​បន្ដបន្ទាប់ ចាប់តាំងពី​១​លី​ត្រ​ថ្លៃ​ជាង​៣​ពាន់​រៀល​តិចតួច រហូត​ដល់​បច្ចុប្បន្ន​នេះ មាន​តម្លៃ​ជិត​៤​ពាន់​រៀល​ក្នុង​១​លី​ត្រ ។ ការ​ឡើងថ្លៃ​នេះ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បាន​ត្អូញត្អែរ​យ៉ាង​ខ្លាំង ដោយ​ខ្លះ​រអ៊ូ​ថា សាំង​ចុះ​យឺត​បាន​មួយ​ភ្លែត តែ​ឥឡូវ​ចាប់ផ្តើម​ឡើង​ស្រឺ​ត​ៗ​វិញ ។

កញ្ញា​សុ​ផា​រី​កា បុគ្គលិក​បម្រើ​ការ​នៅ​ស្ថាប័ន​មួយ​បាន​បញ្ចេញមតិ​ថា ការ​ធ្វើ​ដំណើរ​នៅ​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ មានការ​កកស្ទះ​ចរាចរណ៍​ស្ទើរ​គ្រប់ពេល និង​គ្រប់​ទីកន្លែង ។ កញ្ញា​និយាយ​ថា ៖ « ជា​មធ្យម ក្នុង​មួយ​អាទិត្យ ខ្ញុំ​ត្រូវ​ចំណាយ​លើ​ថ្លៃ​សាំង​ជិត​៣​លី​ត្រ ចុះបើ​សាំង​ឡើង​ផង ម្ហូបអាហារ​ឡើង​ផង ខ្ញុំ​មិនដឹង​ទៅ​រក​ប្រាក់​ឯណា​មក​ចាយ​គ្រប់​ទេ» ។

លើស​ពី​នេះ នៅ​តាម​បណ្តាញ​សង្គម ក៏​មានការ​ត្អូញត្អែរ​អំពី​តម្លៃ​ប្រេងសាំង​ដែល​ឡើង​ដូច​ផ្លេកបន្ទោរ ហើយ​ចុះ​វិញ​យឺត​នេះ​ផង​ដែរ ។ អ្នក​ប្រើប្រាស់​ទាំងនោះ ក៏​បាន​សំណូមពរ​ឲ្យ​ក្រសួង​ពិនិត្យ​លើ​តម្លៃ​ប្រេងឥន្ធនៈ​នេះ ដើម្បី​កំណត់​តម្លៃ​សមរម្យ​មួយ​ដូច​បណ្តា​ប្រទេស​ដទៃ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី សឹង សុ​ផា​រី អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​បកស្រាយ​ថា តម្លៃ​ប្រេង​មិនមែន​ខាង​ក្រសួង​ជា​អ្នក​កំណត់​ត្រូវ​ឡើងថ្លៃ ឬ​ចុះថោក​នោះ​ទេ គឺ​អាស្រ័យ​លើ​ទីផ្សារ​អន្តរជាតិ ។

លោកស្រី​ថ្លែង​ថា ៖ « កន្លង​មក សាធារណជន​តែង​យល់​ច្រឡំ​ថា ក្រសួង​ជា​អ្នក​ដំឡើង​ថ្លៃ ឬ​កំណត់​ថ្លៃ តែ​ក្រសួង​គ្រាន់តែ​មាន​យន្តការ​រក្សា​លំនឹង​កុំ​ឲ្យ​ឡើង​ខ្លាំង​នៅ​តាម​ស្ថានីយ ដោយ​ដាក់​ចេញ​នូវ​រូបមន្ត​កំណត់​តម្លៃ​រួម​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​លើ​ស្ថានីយ​ទាំងអស់​នៅ​កម្ពុជា​ប៉ុណ្ណោះ​។ ការ​ឡើងថ្លៃ ឬ​ចុះ​នេះ គឺ​ផ្អែក​តាម​ទីផ្សារ​អន្តរជាតិ ព្រោះ​ប្រេង​គ្រប់​ស្ថានីយ​សុទ្ធតែ​នាំ​ចូល​ពី​បរទេស​ទាំងអស់ ។ មួយវិញទៀត ថ្មី​ៗ​នេះ​អង្គការ OPEC​បាន​កាត់​បន្ថយ​ផលិតកម្ម​របស់​គេ ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​ផង​ដែរ » ។
អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​ដដែល​បន្ត​ថា រយៈពេល​ខ្លី​ខាង​មុខ ក្រសួង​មិន​អាច​សន្មត​បាន​ទេ​ថា តម្លៃ​ប្រេង​នៅ​តែ​បន្ត​ឡើង​ឬ​យ៉ាងណា​នោះ​។ បើសិនជា​សេដ្ឋកិច្ច និង​នយោបាយ​ពិភពលោក​ល្អ​ប្រសើរ ការ​ទិញ​ដូរ​ក៏​អាច​ប្រែប្រួល​ទៅ​តាម​នោះ​ដែរ ។

យោង​តាម​គេហទំព័រ​បរទេស​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១ មក​រា ២០១៧ គឺជា​ថ្ងៃ​ចាប់ផ្តើម​ជា​ផ្លូវការ​នៃ​កិច្ចព្រមព្រៀង​ខាងលើ​រវាង OPEC និង​ប្រទេស​ផ្សេង​ៗ​ដូច​ជា​រុ​ស្ស៊ី ក្នុង​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ប្រមាណ​ជិត​១,៨​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​ថ្ងៃ​អង្គារ តម្លៃ​ប្រេង​បាន​កើនឡើង​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​១៨​ខែ​កន្លង​មក ដែល​ជា​លទ្ធផល​មក​ពី​កិច្ចព្រមព្រៀង​រវាង​អង្គការ​ប្រទេស​នាំ​ប្រេង​ចេញ (OPEC) និង​ប្រទេស​ដទៃ ក្នុង​ការ​កាត់​បន្ថយ​ផលិតកម្ម​ដើម្បី​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​លើ​ទីផ្សារ ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​កម្ពុជា​បាន​នាំ​ចូល​នូវ​ប្រេងឥន្ធនៈ​ទាំងស្រុង​ពី​ប្រទេស​វៀតណាម សិង្ហ​បុរី និង​ថៃ ខណៈ​ដែល​ប្រេង​និង​ឧស្ម័ន​នៅ​បាតសមុទ្រ និង​ក្រោម​ដី​របស់​ខ្លួន មិន​ទាន់​អាច​ធ្វើ​អាជីវកម្ម​បាន ។

កាលពីដើម​ខែឧសភា ឆ្នាំ​២០១៦ កន្លង​ទៅ មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ចិន គ្រោង​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេងកាត់​ដ៏​ធំ​មួយ​នៅ​កម្ពុជា ។

រោងចក្រ​ចម្រាញ់​ប្រេងកាត​នេះ នឹង​អនុវត្ត​នៅ​ដំណាក់កាល​ទី​១ ក្នុង​ទំហំ​ទឹកប្រាក់​៦២០​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មាន​សមត្ថភាព​ផលិត​បាន​២​លាន​តោន​ក្នុង​១​ឆ្នាំ ស្ថិត​នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ លើ​ផ្ទៃដី​ប្រមាណ​៤០​ហិ​កតា ក្នុង​ចំណោម​ផ្ទៃដី​សរុប​៤០០​ហិ​កតា ។ ប្រសិនបើ​មិន​មាន​អ្វី​ប្រែប្រួល​នោះ ការ​សាងសង់​វគ្គ​ដំបូង​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៨​ខាង​មុខ ។ ទោះបី​យ៉ាងណា គិត​មក​ដល់​ពេល​នេះ គម្រោង​វិនិយោគ​មួយ​នេះ​ហាក់​ពុំ​ទាន់​ចេញ​រូបរាង​នៅឡើយ ៕