ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​លើកទឹកចិត្ត​វិ​និ​យោ​-​គិ​ន​វិស័យ​អាកាសចរណ៍បើក​ការ​ហោះហើរ​ត្រង់​មក​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ព្រមទាំង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កម្ពុជា​-​ឥណ្ឌា ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​វិញ​ទៅ​មក​ឱ្យ​កើនឡើង​ថែម​ទៀត រដ្ឋាភិបាល​ឥណ្ឌា​បាន​លើក

រាជធានី​ភ្នំពេញ ៖ ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ ព្រមទាំង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី ពិសេស​ទាក់ទាញ​ភ្ញៀវ​ទេសចរ​កម្ពុជា​-​ឥណ្ឌា ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​វិញ​ទៅ​មក​ឱ្យ​កើនឡើង​ថែម​ទៀត រដ្ឋាភិបាល​ឥណ្ឌា​បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ក្នុងស្រុក​សិក្សា និង​ពិនិត្យ​មើល​លទ្ធភាព​នៃ​ការ​បើក​ការ​ហោះហើរ​ត្រង់​មក​កម្ពុជា ។

ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា លោក Naveen Srivastava មាន​ប្រសាសន៍​ថា ៖ «​រដ្ឋាភិបាល​ឥណ្ឌា​បាន​យកចិត្តទុកដាក់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា ហើយ​ខ្ញុំ​ផ្ទាល់ ក៏​ដូច​ជា​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា ព្រមទាំង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ កំពុង​ខិតខំ​ជំរុញ​ឲ្យ​មាន​ជើងហោះហើរ​ផ្ទាល់​រវាង​ប្រទេស​ទាំង​ពីរ​នា​ពេល​ឆាប់​ៗ​ខាង​មុខ ។ នៅ​ពេល​កំណើន​នៃ​អ្នកដំណើរ​កើនឡើង​នោះ ក្រុមហ៊ុន​អាកាសចរណ៍​នឹង​ផ្តោត​លើ​ការ​វិនិយោគ​ជើងហោះហើរ​ផ្ទាល់​នេះ » ។

អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក សូ វិ​សុ​ទ្ធី បានឱ្យ​ដឹង​ថា ក្រសួងទេសចរណ៍​ស្នើ​សុំ និង​ជំរុញ​ឱ្យ​មានការ​ត​ភ្ជាប់​ជើងហោះហើរ​ពី​ឥណ្ឌា​មក​កាន់​កម្ពុជា ។ ប៉ុន្តែ​តួនាទី​នេះ វា​អាស្រ័យ​ខាង​អាកាសចរណ៍​ស៊ី​វិល និង​ក្រុមហ៊ុន​អាកាសចរណ៍​ជា​អ្នក​សម្រេចចិត្ត ។

លោក សូ វិ​សុ​ទ្ធី មាន​ប្រសាសន៍​ថា ៖ «​ក្នុង​នាម​ក្រសួងទេសចរណ៍ និង​ភាគី យើង​ចង់ឱ្យ​មានការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ​ដើម្បី​ទាញ​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ចូល​មក​ទស្សនា​កម្ពុជា​បន្ថែម​ទៀត ពីព្រោះ​ទីផ្សារ​ទេសចរណ៍​ឥណ្ឌា​នឹង​មាន​កំណើន​រហូត​ដល់​៥០​លាន​នាក់​នៅ​ឆ្នាំ​២០២០ ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ខណៈ​បច្ចុប្បន្ន​នេះ ភ្ញៀវ​ទេសចរ​ឥណ្ឌា​ចូល​ទស្សនា​នៅ​កម្ពុជា មាន​ជាង​៣​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៦ ហើយ​នៅ​ឆ្នាំ​២០២០ កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ឥណ្ឌា​ប្រហែល​១១​ម៉ឺន​នាក់ » ។

លោក ឡោ ធូ​រ៉ា ប្រធាន​នាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​នៃ​ក្រសួងទេសចរណ៍ មាន​ប្រសាសន៍​ថា ៖ « ភ្ញៀវ​ទេសចរ​ឥណ្ឌា​មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ក្នុង​រង្វង់​១០% ហើយ​យើង​សង្ឃឹមថា នៅ​ឆ្នាំ​២០១៧​នឹង​កើនឡើង​១០%​បន្ថែម​ទៀត បើសិនជា​យើង​សហការ​គ្នា និង​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ឱ្យ​បាន​ច្រើន​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឥណ្ឌា » ។

លោក​បន្ត​ថា ៖ « ភ្ញៀវ​ទេសចរ​កម្ពុជា​ទៅ​ទស្សនា​នៅ​ប្រទេស​ឥណ្ឌា​កាលពី​ឆ្នាំ​២០១៥​មាន​ប្រហែល​៤​ពាន់​នាក់ ជា​ភ្ញៀវ​ទេសចរ​បែប​សាសនា​ដើម្បី​ទៅ​ឈ្វេងយល់​បន្ថែម​លើ​វិស័យ​ព្រះពុទ្ធ​សាសនា ។ យើង​សង្ឃឹមថា​បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ឥណ្ឌា ខិតខំ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ផ្សេង​ៗ​ជាមួយ​គ្នា នោះ​ការ​យល់​ដឹង​រវាង​ពលរដ្ឋ និង​ពលរដ្ឋ​ឱ្យ​យល់​ពី​គ្នា​នឹង​មើលឃើញ​សារសំខាន់​នៃ​គោលដៅ​ទេសចរណ៍ ពិសេស​ផ្នែក​សាសនា ។ កាលណា​ប្រជាពលរដ្ឋ​ឈ្វេងយល់​ពី​គ្នា​ហើយ​នោះ កំណើន​ភ្ញៀវ​ទេសចរ​នឹង​កើនឡើង » ។

លោក​លើក​ឡើង​ថា ៖ « បើសិន​មានការ​ត​ភ្ជាប់​ជើងហោះហើរ​កាន់តែ​រហ័ស កំណើន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន តែ​សំខាន់​ក្រុមហ៊ុន​អាកាសចរណ៍​ត្រូវការ​ចំណាយពេល​សិក្សា​ពី​តម្រូវការ​ទីផ្សារ​ឱ្យ​បាន​ច្បាស់​ផ្នែក​សេដ្ឋកិច្ច មុន​នឹង​សម្រេចចិត្ត​ធ្វើការ​ហោះហើរ ត្រូវការ​រយៈពេល ហើយ​ពេល​ណា​នោះ​យើង​មិន​ទាន់​ដឹង​ទេ ប៉ុន្តែ​រដ្ឋាភិបាល និង​ស្ថាប័ន​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ជំរុញ​ការងារ​នោះ » ។

គួរ​រំឭក​ថា ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ឥណ្ឌា ក្នុង​ន័យ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា គ្រោង​រៀបចំ​ម​ហោ​ស្រប​ឥណ្ឌា​បង្ហាញ​ពី​ការ​សម្តែង​របាំ​បុរាណ​រាមាយណៈ​, របាំ​បុរាណ​កាតាក់​ឥណ្ឌា​, របាំ​ប្រពៃណី​ម៉ា​ន​ងារ​, ពិធីបុណ្យ​ព្រះពុទ្ធ​សាសនា និង​បុណ្យ​អាហារ​ជាដើម ។

បើ​តាម​ការ​បញ្ជាក់​ពី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា នៅ​ក្នុង​សន្និសីទ​កាលពី​ថ្ងៃ​ទី​៤ មក​រា កន្លង​មក​ថា ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ឥណ្ឌា​នៅ​ឆ្នាំ​២០១៦ អាច​នឹង​កើនឡើង​លើស​ពី​១១៩​លាន​ដុល្លារ ដោយសារ​មានការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​រដ្ឋាភិបាល​ឥណ្ឌា ក្នុង​ការ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ៕