ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ថ្លៃ​អើយ! ម្តាយប្តឹងកូន… កូនប្តឹងម្តាយ…

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ រឿង​រ៉ាវ​នឹក​ស្មាន​មិន​ដល់​លោក​ប្រាក់ សា​រឿ​ន អាយុ​៥០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ឡុ​ក សា​វ៉េ​ង អាយុ​៤៩​ឆ្នាំ បាន​និង​កំពុង​នាំ​គ្នា​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាឧទ្ធរណ៍ បន្ទាប់​ពី​សាលាដំបូង​ខេត្ត កាត់​ឱ្យ​ពួក​គាត់​ចាញ់ក្តី ហើយ​ប្រគល់​ដី​លំនៅ​ឋាន​ទំហំ​៦០

ខេត្តស្វាយរៀង ៖ រឿង​រ៉ាវ​នឹក​ស្មាន​មិន​ដល់​លោក​ប្រាក់ សា​រឿ​ន អាយុ​៥០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ឡុ​ក សា​វ៉េ​ង អាយុ​៤៩​ឆ្នាំ បាន​និង​កំពុង​នាំ​គ្នា​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាឧទ្ធរណ៍ បន្ទាប់​ពី​សាលាដំបូង​ខេត្ត កាត់​ឱ្យ​ពួក​គាត់​ចាញ់ក្តី ហើយ​ប្រគល់​ដី​លំនៅ​ឋាន​ទំហំ​៦០​អា​ទៅ​ឱ្យ​ម្តាយ​ឈ្មោះ ឈុំ ផង់ អាយុ​៨៧​ឆ្នាំ ជា​អ្នកកាន់កាប់​ដី​នោះ ។ ពួក​គាត់​ជា​កូន​បាន​អះអាង​ថា ការ​សម្រេច​របស់​សាលាដំបូង​ខេត្ត គឺ​អយុត្តិធម៌​សម្រាប់​ពួក​គាត់ និង​មិន​អាច​ទទួលយក​បាន​នោះ​ទេ ។

តាម​ការ​បញ្ជាក់​របស់​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ​បានឱ្យ​ដឹង​ថា កាលពី​ឆ្នាំ​២០០៦ ដោយសារ​កូនប្រុស​ទី​៣​ជំពាក់​លុយ​គេ​ច្រើន ហើយ​គេ​បាន​តម្រូវ​ឱ្យ​មាន​ប្រាក់​សង​គេ​ភ្លាម​ៗ​នោះ ម្តាយ​របស់​គាត់​ឈ្មោះ ឈុំ ផង់ បាន​សម្រេចចិត្ត​លក់​ដី​លំនៅ​ឋាន​របស់​គាត់​ទំហំ​៦០​អា​គឺ​ដី​កូនប្រុស​ទី​៣​ចំនួន​៣០​អា និង​ដី​លោកយាយ​៣០​អា​ក្នុង​តម្លៃ​១២០០​ដុល្លារ ដើម្បី​យក​លុយ​ទៅ​សង​គេ ហើយ​បាន​មក​អង្វរ​ឱ្យ​គាត់​ជួយ​ទិញ​យក ព្រោះ​ស្តាយ​ដី​កេរ​មិន​ចង់ឱ្យ​បាន​ទៅ​អ្នក​ដទៃ ចំណែក​រូប​គាត់​និង​ប្តី (​ប្រាក់ សា​រឿ​ន​-​ឡុ​ក សា​វ៉េ​ង​) គ្មាន​លុយ​ទិញ​នោះ​ទេ ប៉ុន្តែ​ដោយសារ​ដី​ភូមិ​របស់​គាត់​នៅ​ខាងក្រោយ ផ្លូវ​ចេញចូល​ដើរ​កាត់​តាម​ដី​ម្តាយ ហើយ​បើ​អ្នក​ផ្សេង​គេ​ទិញ​យក​ដី​នោះ​ទៅ គេ​នឹង​បិទផ្លូវ ពួក​គាត់​ច្បាស់​ជា​គ្មាន​ផ្លូវ​ដើរ​ចូល​ផ្ទះ​ទេ ។ ដោយ​ហេតុផល​នេះ​ហើយ ទើប​ពួក​គាត់​បង្ខំចិត្ត​ទៅ​ចងការ​មាស​គេ​១​តម្លឹង​ពី​បងប្អូន​ជីដូនមួយ​ឈ្មោះ សោម សុ​ផា​ន អាយុ​៤៤​ឆ្នាំ ដែល​នៅ​ជិតខាង​គ្នា​យក​មក​បង្គ្រប់​ជាមួយ​លុយ​របស់​គាត់ ក៏​ទិញ​យក​ដី​ពី​ម្តាយ​តែ​ម្តង​ទៅ ។

ប្រភព​បាន​បន្ត​ថា ដោយពេល​ទិញ​នោះ ពួក​គាត់​ជា​កូន និង​លោកយាយ​ជា​ម្តាយ ព្រមទាំង​បងប្អូន​ប៉ុន្មាន​នាក់​ទៀត បាន​នាំ​គ្នា​ទៅ​ធ្វើ​ឯកសារ​នៅ​សាលាឃុំ ដើម្បី​ឱ្យ​ឃុំ​ជួយ​ដឹង​ឮ ប៉ុន្តែ​ពេល​ធ្វើ​លិខិត​ស្នាម​នោះ ដោយសារ​តែ​ខ្លាច​ធ្វើ​លិខិត​ទិញ​-​លក់​គេ​ទាមទារ​ឱ្យ​បង់ពន្ធ​អស់​លុយកាក់​ទៀត ទើប​ពួក​គាត់​នាំ​គ្នា​ធ្វើ​ជា​លិខិត​ផ្ទេរសិទ្ធិ​ជំនួស​វិញ ដោយ​ដាក់​ថា​លោកយាយ ឈុំ ផង់ ជា​ម្តាយ​បាន​ផ្ទេរ​ដី​ភូមិ​ទំហំ​៦០​អា មក​ឱ្យ​កូន​ឈ្មោះ ប្រាក់ សា​រឿ​ន និង​ប្រពន្ធ​ឈ្មោះ ឡុ​ក សា​វ៉េ​ង ជា​អ្នកកាន់កាប់​ដី​នោះ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ទិញ​ដី​ពី​ម្តាយ​បាន​ហើយ ពួក​គាត់​មិន​បានឱ្យ​ម្តាយ​ចេញពី​ដី​នោះ​ទេ ព្រោះ​ម្តាយ​ចាស់​ណាស់​ទៅ​ហើយ គឺ​ពួក​គាត់​បាន​ធ្វើ​ផ្ទះ​ឈើ​ថ្មី​នៅ​លើ​ដី​ដែល​ទិញ​ពី​ម្តាយ​នោះ ហើយ​ឱ្យ​ម្តាយ​រស់នៅ​លើ​ផ្ទះ​នោះ​ដដែល ជាមួយនឹង​ចៅប្រុស​ឈ្មោះ​សុខ សុ​ភ័​ក្រ​ដែល​ត្រូវជា​កូន​របស់​ពួក​គាត់​ទាំង​២ ហើយ​ចំណីអាហារ​ផ្សេង​ៗ គឺ​ពួក​គាត់​ជា​កូន​ៗ​ជួយ​ផ្គត់ផ្គង់​ទំនុក បម្រុង ហើយ​លោកយាយ​បាន​រស់នៅ​ជាមួយ​ចៅ​រហូត​ដល់​ចៅ​ធំ ពេញកំលោះ​រៀប​ការ​ប្រពន្ធ និង​យកប្រពន្ធ​មក​រស់នៅ​លើ​ផ្ទះ​នោះ​ជាមួយ​ជីដូន​រហូត​បង្កើត​បាន​ចៅទួត​ម្នាក់​ទៀត ឱ្យ​ជីដូន​ជួយ​មើល​ទៀត​ផង ។

ប៉ុន្តែ​រហូត​មក​ដល់​ឆ្នាំ​២០១៤ មិនដឹង​ជា​លោកយាយ​ជា​ម្តាយ​នឹកឃើញ​បែប​ណា ឬ​មួយ​ក៏​មាន​អ្នក​ណា​ផ្លុំ​ត្រចៀក​ក៏​មិនដឹង ស្រាប់តែ​លោកយាយ​ឡាំប៉ា​ទាមទារ​យក​ដី​ដែល​លក់​ឱ្យ​កូន​រួច​ហើយ​នោះ​មក​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​វិញ ដោយ​អះអាង​ថា គាត់​លក់​តែ​ដី​របស់​កូន ឯ​ដី​របស់​គាត់ គាត់​មិន​បាន​លក់​ទេ ។ ដោយសារ​តែ​ពួក​គាត់​ជា​កូន​មិន​ព្រមឱ្យ ទើប​លោកយាយ​ឡើង​ទៅ​ដាក់​ពាក្យ​ប្តឹង​នៅ​សាលាឃុំ ចំណែក​ខាង​ឃុំ​ពេល​ដោះស្រាយ​បាន​បង្ខំ​ឱ្យ​កូន​ប្រគល់​ដី​នោះ​មក​ឱ្យ​ម្តាយ​វិញ ដោយ​អះអាង​ថា​ឯកសារ​ផ្ទេរសិទ្ធិ​ពី​ម្តាយ​ទៅ​កូន​ដែល​បាន​ធ្វើ​ពេល​ទិញ​លក់​ក្នុង​ឆ្នាំ​២០០៦​នោះ មិន​អាច​យក​ជា​ការ​បាន​ឡើយ ព្រោះ​វា​ជា​លិខិតបញ្ជាក់​ការ​ផ្ទេរមរតក ពេល​នេះ​ម្ចាស់​មរតក​ទាមទារ​យក​វិញ​ត្រូវ​តែ​ឱ្យ​គាត់​វិញ ។

ការ​សម្រេច​របស់​លោក​មេឃុំ ពួក​គាត់​ជា​ម្ចាស់​ដី​មិន​សុខចិត្ត​នោះ​ទេ ហើយ​ក៏​មិន​ព្រម​ប្រគល់​ដី​នោះ​ទៅ​ឱ្យ​ម្តាយ​ដែរ ទើប​បន្ត​ប្តឹង​ទៅ​តុលាការខេត្ត​តែ​ម្តង ហើយ​នៅ​ខែកុម្ភៈ ឆ្នាំ​២០១៦ សាលាដំបូង​ខេត្ត​បាន​កាត់​ឱ្យ​លោកយាយ​ជា​អ្នក​ឈ្នះ ហើយ​ប្រគល់​ដី​នោះ​ទៅ​ឱ្យ​លោកយាយ​គ្រប់គ្រង​វិញ តែ​ពួក​គាត់​២​នាក់​ប្តី​ប្រពន្ធ​នៅ​តែ​មិន​សុខចិត្ត​ទើប​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ទៀត ។

ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ ត្រូវ​បាន​ស្ត្រី​ឈ្មោះ សោម សុ​ផា​ន ដែល​ត្រូវជា​ក្មួយ​លោកយាយ ឈុំ ផង់ និង​ជា​អ្នក​ឱ្យ​មាស​ទៅ​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ចងការ​បាន​ប្រាប់​កោះសន្តិភាព​ថា លោកយាយ ឈុំ ផង់ គឺ​ពិតជា​បាន​លក់​ដី​នោះ​ឱ្យ​កូន​ពិតមែន ហើយ​អ្នកស្រុក​ជិតខាង​ផ្សេង​ៗ​ទៀត ក៏​បានដឹង​ឮ​ដែរ រួម​ទាំង​កូន​ៗ​របស់​លោកយាយ​៣-៤​នាក់​ទៀត​ផង ។ លុះ​៨​ឆ្នាំ​ក្រោយមក មិនដឹង​ជា​មាន​មូលហេតុ​អ្វី បានជា​នៅ​សុខ​ៗ​ស្រាប់តែ​លោកយាយ​ដើរ​ប្តឹង​ទាមទារ​យក​ដី​នោះ​មក​វិញ ។ ពេល​នេះ​លោកយាយ​អាយុ​៨៧​ឆ្នាំទៅ​ហើយ និង​កំពុង​រស់នៅ​លើ​ដី​នេះ​ស្រាប់​ទៀត កូន​ៗ​មិន​បាន​ដេញ​គាត់​ចេញ​ទេ ថែម​ទាំង​ប្រាប់​ថា ឱ្យ​គាត់​នៅ​រហូត​អស់​១​ជីវិត​របស់​គាត់ តែ​លោកយាយ​នៅ​តែ​ដើរ​ប្តឹង តើ​លោកយាយ​ចង់​យក​ដី​នោះ​ទៅ​ណា ?
ដោយឡែក​លោក សោម ហង់ មេឃុំ​ញរ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា រឿងរ៉ាវ​ម្តាយកូន​ទាំង​២​នាក់​ខាងលើ​នេះ គឺ​ម្នាក់​ៗ​ដណ្តើម​គ្នា​ដេក​កណ្តាល ដណ្តើម​គ្នា​យក​ត្រូវ​រៀង​ៗ​ខ្លួន ទើប​អាជ្ញាធរ​ដោះស្រាយ​មិន​ចេញ ហើយ​ភាគី​ទាំង​២​ក៏​ប្តឹងប្តល់​គ្នា​ឡើង​ទៅ​តុលាការ​ទៅ ។ ចំណែក​រឿង​ឯកសារ​វិញ​លោក​អះអាង​ថា កាលពី​ពេល​ដែល​ម្តាយកូន​ទាំង​២​មក​ឱ្យ​សាលាឃុំ​ជួយ​បញ្ជាក់​ដឹង​ឮ​នោះ គឺ​គេ​មិន​បាន​មក​ជួប​មេឃុំ​ទេ គេ​ទៅ​ជួប​ធ្វើ​ឯកសារ​តែ​ជាមួយ​ស្មៀន ពេល​ធ្វើ​ហើយ​ស្មៀន​យក​មក​ឱ្យ​លោក​ស៊ី​ញ៉េ លោក​ក៏​ស៊ី​ញ៉េ​ឱ្យទៅ​ដោយ​មិន​បាន​ពិនិត្យ​មើល​ថា​ជា​ឯកសារ​លក់ ឬ​ឯកសារ​ផ្ទេរសិទ្ធិ​អ្វី​នោះ​ទេ ។

ចំពោះ​រឿងរ៉ាវ​ខាងលើ​នេះ កោះសន្តិភាព​មិន​អាច​រក​ការ​បំភ្លឺ​ពី​លោកយាយ ឈុំ ផង់ ដែល​ជា​ភាគី​វិវាទ​បាន​នោះ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​៥ មក​រា ដោយសារ​តែ​លោកយាយ​ត្រូវ​បាន​សាលាឧទ្ធរណ៍​កោះហៅ​ទៅ​សាកសួរ​នៅ​ភ្នំពេញ​បាត់​ហើយ ។ ចំណែក​ភាគី​ខាង​កូន​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​បញ្ជាក់​ប្រាប់​ថា ពួក​គាត់​នៅ​តែ​ឱ្យ​ផ្ទះ​និង​ដី​នោះ​ឱ្យ​លោកយាយ​ជា​ម្តាយ​រស់នៅ​ដដែល គឺ​ឱ្យ​នៅ​អស់​១​ជីវិត​របស់​គាត់ ហើយ​បើ​លោកយាយ​ត្រូវការ​លុយកាក់​ទៀត​នោះ ពួក​គាត់​ក៏​ស្ម័គ្រចិត្ត​ជូន​គាត់​ទៀត​ដែរ ឬ​មួយ​លោកយាយ​ចង់បាន​ពាក្យ​ថា ដី​នោះ​ជា​ដី​របស់​គាត់​ដូច​ដើម​នោះ ពួក​គាត់​ក៏​ស្ម័គ្រចិត្ត​ឱ្យ​ដែរ ប៉ុន្តែ​ពួក​គាត់​សុំ​ឱ្យ​លោកយាយ​ធ្វើ​លិខិតបញ្ជាក់​ផ្លូវការ ដោយ​មានការ​ដឹង​ឮ​ពី​អ្នកស្រុក និង​អាជ្ញាធរ​ថា លោកយាយ​នឹង​មិន​លក់​ដី​នេះ ហើយ​ក៏​មិន​ប្រគល់​ដី​នេះ​ទៅ​ឱ្យ​កូន ឬ​សាច់ញាតិ​ណា​ទៀត​ដែរ គឺ​មាន​ន័យ​ថា ពេល​ម្តាយ​នៅ​រស់ ដី​នេះ​ជា​របស់​គាត់ តែបើ​ពេល​ណា​គាត់​លែង​នៅ ដី​នេះ​ត្រូវ​តែ​ជា​របស់​ពួក​គាត់​២​នាក់​ប្តី​ប្រពន្ធ ព្រោះ​ពួក​គាត់​បាន​ទិញ​ពី​ម្តាយ​រូ​ច​ហើយ ៕