ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ស្រែកយំ​បណ្តើរ​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​បណ្ដើរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្រែកយំ​បណ្ដើរ​រត់​មក​ប្តឹង​សមត្ថកិច្ច​បណ្ដើរ បន្ទាប់​ពី​បុរស​ជា​ប្តី​បាន​វាយ​ហែក​ហោប៉ៅ​យក​លុយ​ដែល​ផ្ញើ​ត្រឡប់​ទៅ​វិញ ។ ហេតុការណ៍​ …

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្រែកយំ​បណ្ដើរ​រត់​មក​ប្តឹង​សមត្ថកិច្ច​បណ្ដើរ បន្ទាប់​ពី​បុរស​ជា​ប្តី​បាន​វាយ​ហែក​ហោប៉ៅ​យក​លុយ​ដែល​ផ្ញើ​ត្រឡប់​ទៅ​វិញ ។ ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ឈៀវ ង៉ា អាយុ​២៥​ឆ្នាំ ឯ​បុរស​ជា​ប្តី​ឈ្មោះ ញ៉ែ​ម ម៉ៅ អាយុ​២៧ ឆ្នាំ​មុខរបរ​បើកបរ​រថយន្ត​ដឹក​ដី រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា តាំងពី​រៀប​ការ​ជាមួយ​គ្នា​មក​៧​ឆ្នាំ​ហើយ ដែល​ពេល​នេះ​មានកូន​ស្រី​ម្នាក់​អាយុ​៥​ឆ្នាំ គាត់​មិន​ដែល​មាន​សេចក្តីសុខ​ឡើយ ដោយ​បុរស​ជា​ប្តី​ទុកដាក់​លុយ​ដែល​រកបាន​មក​ដោយ​ខ្លួនឯង ហើយ​ក៏​មិន​ដែល​ឲ្យ​លុយ​គាត់​ចាយវាយ​ដែរ ។ កាល​កូនស្រី​ទើប​មាន​អាយុ​ប្រហែល​១​ឆ្នាំ ប្តី​ចិត្ត​សាវា​របស់​នាង​នេះ​បាន​រត់​ចោល​នាង​ទៅ​រស់នៅ​ជាមួយ​ស្ត្រី​មេម៉ាយ​ម្នាក់​បាត់ ទើបតែ​រយៈពេល​២​ឆ្នាំ​ក្រោយ​នេះ​គាត់​ត្រឡប់​មក​រស់នៅ​ជាមួយ​គាត់​វិញ ស្មានថា​គាត់​កែប្រែ​ចិត្ត​ហើយ ការ​ពិត​គាត់​នៅ​តែ​ដដែល​គឺ​នៅ​តែ​ដើរ​ផឹកស៊ី ជក់​ថ្នាំ​ញៀន មិន​ដែល​គិត​ពី​ប្រពន្ធ​កូន​ឡើយ ។

ស្ត្រី​ជា​ប្រពន្ធ​បញ្ជាក់​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ ប្តី​របស់​នាង​បាន​យក​លុយ​មក​ផ្ញើ​៣៨៥.០០០​រៀល​រួច​ចេញ​ទៅ​ក្រៅ​បាត់ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ត្រឡប់​មក​ទារ​លុយ​វិញ តែ​នាង​មិន​ព្រម​ឲ្យ ស្រាប់តែ​ចាប់​នាង​វាយ​ហែក​ហោប៉ៅ​ខោ​យក​លុយ​វិញ រួច​ចាកចេញ​ទៅ​បាត់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធ​បានរ​ត់ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ និង​ប្តឹង​លែងលះ​បុរស​ជា​ប្តី​ចិត្ត​សាវា​នេះ​ភ្លាម​ៗ​ផង​ដែរ តែ​ត្រូវ​សមត្ថកិច្ច​ប្រាប់​ថា បើ​ចង់​លែងលះ​ចាំ​ព្រឹក​ចាំ​ទៅ​ប្តឹង​សុំ​លែងលះ​នៅ​សាលាសង្កាត់​ទៅ ខាង​សាលាសង្កាត់​ទើប​គេ​មាន​សិទ្ធិ​ក្នុង​ការ​ដោះស្រាយ​រឿង​លែងលះ​នេះ ៕