ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌដង្កោ ឃាត់ខ្លួន​ចោរលួច​ម៉ូតូ​បាន​ចំនួន​៣​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា ក្រុម​ចោរលួច​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ជឹ​ម ស៊ី​ថា

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា ក្រុម​ចោរលួច​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ ធ្វើការ​ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​បានជា​បន្តបន្ទាប់ ក្រោយ​ពេល​ដែល​ពួក​គេ​បាន​ធ្វើ​សកម្មភាព គាស់​បន្ទប់​ក្រោមផ្ទះ​មួយ​កន្លែង លួច​យក​បាន​ម៉ូត​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​មួយ​គ្រឿង បាន​សម្រេច និង​បាន​យក​ទៅ​លាក់​ទុក​នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង​យីហោ​《 ច័ន្ទ​គ្រឹះ​ស្នា 》​ប្រុង​នាំ​យក​ទៅ​លក់​បន្ត ប៉ុន្តែ​ត្រូវ​ជាប់ អន្ទាក់​នគរបាល​បែប​នេះ​តែ​ម្ដង​។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​០៥ ខែមករា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ផ្ទះ គ្មាន​លេខ ស្ថិត​នៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​បាន​ទាំង​៣​នាក់​នោះ មាន​១,​ឈ្មោះ ម៉ី សូ​រាជ្យ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ២,​ឈ្មោះ ម៉ី សូ​ណា​ន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទាំង​ពីរ​នាក់​នេះ​គឺជា​បងប្អូន​បង្កើត​នឹង​គ្នា ៣,​ឈ្មោះ ស្មាន់ ចាន់​ដា​រ៉ា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ជាមួយ​គ្នា​។

ចំណែកឯ​ម៉ូតូ​ដែល​លួច​បាន​នោះ ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-7322 លេខ​តួ និង​លេខ​ម៉ាស៊ីន​8291720 ដែល​ជា​កម្មសិទ្ធិ​របស់​បុរស​ម្នាក់​ឈ្មោះ អ៊ឹម វ​ណ្ណា អាយុ​៣៣​ឆ្នាំ មុខរបរ​ជា​ជាង​ថ្ម​ម៉ា​ប មាន​ទីលំនៅ​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​៤ ខែមករា ជាង​ថ្ម​ម៉ា​បម្នាក់​នោះ បាន​ទុក​ម៉ូតូ​របស់​ខ្លួន​នៅ​ក្នុង​បន្ទប់​ក្រោមផ្ទះ បន្ទាប់​មក​បាន​ឡើង​ទៅ​ដេក​នៅ​ខាងលើ ហើយ​លង់លក់​ដោយ​មិន​បានដឹង​ថា ក្រុម​ជនសង្ស័យ​ទាំងនោះ​ទៅ​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​យក​ម៉ូតូ​ទៅ​បាត់​តាំងពី​ពេល​ណា​នោះ​ឡើយ​។

លុះដល់​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​៥ ខែមករា បន្ទាប់​ពី​ក្រោកពីដំណេក បាន​ដើរ​ចុះពីលើផ្ទះ​មើលទៅ​បន្ទប់​ក្រោមផ្ទះ បានឃើញ​ទ្វារ​បន្ទប់​ចំហរ ហើយ​បាត់​មិនឃើញ​ម៉ូតូ ដែល​ខ្លួន​ទុក​នៅ​ក្នុង​បន្ទប់​នោះ​។ មិនតែប៉ុណ្ណោះ​នៅ​យប់​នោះ បុរស​រង​គ្រោះ​ពុំ​បាន​កឹ​ប​សោ​ទេ គឺ​គ្រាន់តែ​យក​មេសោ​ទៅ​ថ្ពក់​ពី​ខាងក្រៅ​តែ​ប៉ុណ្ណោះ ហើយ​ក្រោយ​ពេល ដឹង​ថា​ម៉ូតូ​ត្រូវ​បាន​ចោរលួច​យក​ទៅ​បាត់ ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ខណ្ឌដង្កោ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​លោក​វរៈសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ ហើយ​កំណត់​បាន​មុខសញ្ញា ជនសង្ស័យ​ទាំង​៣​នាក់​នោះ ហើយ​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​បាន​នៅផ្ទះ​សំណាក់​《 ច័ន្ទ​គ្រឹះ​ស្នា​》​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ ផ្លូវ​២៧១ ស្ថិត​នៅ​ក្នុងភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

ដោយនៅ​ក្នុង​ពេល​នោះ ក៏​មានការ​ចូលរួម​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​នៅ​ទីនោះ​ផង​ដែរ ព្រមទាំង​ធ្វើការ​ដកហូត​បាន​ម៉ូតូ​របស់​ជន​រង​គ្រោះ​មក​វិញ បន្ទាប់​មក​បាន​នាំ​យក​ទៅ​ធ្វើការ​សាកសួរ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​៕