ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែ​មាន​ភ្លើង​ឆេះ​ទើប​ដឹង​​ការ​ពិត

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ អគ្គិភ័យ​ឆេះ​ទីតាំង​សិប្បកម្ម​មួយ​កន្លែង​នៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល …

ខេត្តកណ្តាល ៖ អគ្គិភ័យ​ឆេះ​ទីតាំង​សិប្បកម្ម​មួយ​កន្លែង​នៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៧ តែ​មិន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ​ទេ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺថា ក្រោយ​ពី​មាន​ភ្លើង​ឆេះ​នេះ​ទើប​ដឹង​ថា ទីតាំង​សិប្បកម្ម​ខាងលើ​ជាទី​តាំង​លួច​ចម្រាញ់​ប្រេង​ខ្មៅ​ដោយ​ខុសច្បាប់ ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជា​យូរ​ឆ្នាំ​មក​ហើយ ។

ម្ចាស់​ទីតាំង​លួច​ចម្រាញ់​ប្រេង​ខ្មៅ​អត់​ច្បាប់​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ឈ្មោះ ច្រិ​ក វ៉ា​ន់​ថន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ​ជនជាតិ​ខ្មែរ ជា​មន្ត្រី​យោធា មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​តា​ខ្មៅ ក្រុង​តា​ខ្មៅ ដោយ​បាន​លួច​ដំណើរការ​ដោយ​អត់​ច្បាប់​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ ទាល់តែ​កើត​មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ទើប​បែកធ្លាយ​រឿង​អត់​ច្បាប់ ។

លោក ប៉ា សំអិត អធិការ​នគរបាល​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ដំណឹង​ពី​ករណី​អគ្គិភ័យ​ភ្លាម រូប​លោក​ក៏​បាន​រាយការណ៍​ទៅ​ខេត្ត ហើយ​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង រួម​ជាមួយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្រុក​១​គ្រឿង​ទៀត សរុប​៤​គ្រឿង ដើម្បី​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​អណ្តាតភ្លើង​កុំ​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ជិតខាង ប៉ុន្តែ​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​មិន​ទាន់​មក​ដល់​ផង ក៏​ត្រូវ​បាន​កម្មករ រួម​ជាមួយ​កងកម្លាំង​ដាក់​ម៉ាស៊ីនបូមទឹក​បាញ់​ពន្លត់​រហូត​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ក៏​បាន​បត់​ត្រឡប់​ទៅ​វិញ​ទាំង​មក​ដល់​ពាក់​កណ្តាលផ្លូវ ។

លោក ប៉ា សំអិត បញ្ជាក់​បន្ថែម​ថា ការ​ឆេះ​នេះ​គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី ហើយ​ពុំ​បង្ក​ឲ្យ​មាន​មនុស្ស​គ្រោះថ្នាក់ របួស ឬ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ គ្រាន់តែ​ខូចខាត​ស៊ីទែន​ផ្ទុក​ប្រេង​ស្ល​រួច​២ និង​ពុ​យ​ផ្ទុក​ប្រេង​៣​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​ការ​ចម្រាញ់​ប្រេង​ខ្មៅ​អត់​ច្បាប់​របស់​ឈ្មោះ ច្រិ​ក វ៉ា​ន់​ថន នេះ​លោក ស៊ុត តូ មេឃុំ បាន​ឆ្លើយ​យ៉ាង​ខ្លី​ថា​នឹង​បិទ​ចាប់ពី​ថ្ងៃនេះ​ទៅ​ហើយ ។ រីឯ​លោក សុខ សា​រ៉ាត់ មន្ត្រី​ឧស្សាហកម្ម​ស្រុក ក៏​បាន​ប្រាប់​យ៉ាង​ខ្លី​ដែរ​ថា ចំពោះ​សិប្បកម្ម​ចម្រាញ់​ប្រេង​ខ្មៅ​នេះ រូប​លោក​ក៏​មិន​ទាន់​បាន​ជួប​សួរនាំ​រឿង​មានច្បាប់​អត់​ច្បាប់​ដែរ ។ ចំណែក​លោក អ៊ួ ឈាង អភិបាលស្រុក ប្រាប់​ថា រូប​លោក​ជាប់​ប្រជុំ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ចំពោះ​សិប្បកម្ម​ចម្រាញ់​ប្រេង​ខ្មៅ​នេះ​បាន​បង្ក​ការ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួក​គាត់​រយៈពេល​យូរ​ឆ្នាំ​ហើយ ដោយសារ​តែ​ការ​ជះក្លិន​ស្អុយ​ឈ្ងៀម​ឈួ​ល​ពេញ​ភូមិ មិនតែប៉ុណ្ណោះ​ថែម​ទាំង​បង្ហូរទឹក​កាក​សំណល់​ចូល​ប្រឡាយ​ទឹក​ប្រើប្រាស់​មិនកើត​ទៀត​ផង ។

ពលរដ្ឋ​បញ្ជាក់​ថា រឿង​ប៉ះពាល់​នេះ​ពួក​គាត់​បាន​ប្រាប់​ទៅ​អាជ្ញាធរ​ភូមិ​-​ឃុំ​ញឹកញាប់​ហើយ តែ​មិន​មាន​ដំណោះស្រាយ​សោះ ស្ងាត់ឈឹង​រហូត​ធ្វើ​ឲ្យ​ពួក​គាត់​ម្ចាស់​សន្លឹក​ឆ្នោត​អស់ជំនឿ​ង​ទៅ​លើ​អាជ្ញាធរ​ភូមិ​-​ឃុំ​ទៀត​ផង ៕