ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ​សម្រេច​បន្ត​កុងត្រា​ជាមួយ​កីឡាករ​កូរ៉េ​ខាងជើង6​ខែ​ទៀត​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ចុះ​កុងត្រា​ជាមួយ​កីឡាករ​កូរ៉េ​ខាងជើង​៤​នាក់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​កាលពី​ឆ្នាំ​២០១៦​កន្លង​មកនេះ ឈាន​ចូល​ដល់​ឆ្នាំ​២០១៧ ក្រុម​ក្រសួងការពារជាតិ បាន​សម្រេច​បន្ត​កុងត្រា​ថ្មី​ជាមួយ​កីឡាករ​កូរ៉េ​ខាង

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​បាន​ចុះ​កុងត្រា​ជាមួយ​កីឡាករ​កូរ៉េ​ខាងជើង​៤​នាក់​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​កាលពី​ឆ្នាំ​២០១៦​កន្លង​មកនេះ ឈាន​ចូល​ដល់​ឆ្នាំ​២០១៧ ក្រុម​ក្រសួងការពារជាតិ បាន​សម្រេច​បន្ត​កុងត្រា​ថ្មី​ជាមួយ​កីឡាករ​កូរ៉េ​ខាងលើ​រយៈពេល​៦​ខែ​ទៀត​ដើម្បី​ពង្រឹងសមត្ថភាព​ក្រុម​របស់​ខ្លួន​ត្រៀម​ប្រកួត​ដណ្ដើម​ពាន​លី​គ​កំពូល​រដូវ​កាល​ថ្មី ។

ក្រុម​ក្រសួងការពារជាតិ​ដែល​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ពានរង្វាន់​សម្ដេច ហ៊ុន សែន ឆ្នាំ​២០១៦​នោះ​បាន​ត្រឹមតែ​ទទួល​បាន​ចំណាត់​ជា​ជើងឯក​រង​ក្នុង​ក្របខ័ណ្ឌ​លី​គ​កំពូល​ឆ្នាំ​២០១៦​ប៉ុណ្ណោះ ខណៈ​ក្រុម​បឹង​កេ​ត​អង្គរ​បាន​ក្លាយជា​ម្ចាស់​ជើង​ឯក​លី​គ​កំពូល​មាន​៤៧​ពិន្ទុ​ច្រើន​ជាង​ក្រុម​ក្រសួងការពារជាតិ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​ទាំង​២​ជើង​សរុប​មាន​១៨​ប្រកួត ។ នៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ ក្រុម​ក្រសួងការពារជាតិ​បាន​កំណត់​ទិស​ដៅ​រួច​ហើយ​ថា ត្រូវ​តែ​ប្រជែង​លើក​ពាន​លី​គ​កំពូល​ឆ្នាំ​២០១៧​ឱ្យ​ទាល់តែ​បាន ព្រោះថា ពេល​នេះ​យើង​មាន​ធនធាន​កីឡាករ​គ្រប់គ្រាន់ ដូច​ជា​កីឡាករ​មក​ពី​កូរ៉េ​ខាងជើង​៤​នាក់ និង​កីឡាករ​មក​ពី​ប្រេ​ស៊ី​ល​ម្នាក់ ។

លោក ទេព ឡុ​ង​រចនា គ្រូបង្ហាត់​របស់​ក្រុម​ក្រសួងការពារជាតិ​បានឱ្យ​ដឹង​ថា នៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ ការ​ប្រកួត​កាន់តែ​មាន​សភាព​តានតឹង​ជាង​រដូវ​កាល​ចាស់ ដូច្នេះ​យើង​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ ។ លោក​បញ្ជាក់​ទៀត​ថា ដើម្បី​ពង្រឹងគុណភាព​នៅ​ក្នុង​ក្រុម​ឱ្យ​បាន​ខ្លាំង​ត្រូវ​ពឹង​ទៅ​លើ​កីឡាករ​បរទេស បើ​គ្មាន​កីឡាករ​បរទេស​ជួយ​ទេ​យើង​មិន​អាច​ដណ្ដើម​ពាន​បាន​ដែរ ។ ចំណែក​កីឡាករ​មក​ពី​កូរ៉េ​ខាងជើង​ដែល​បាន​ចុះ​កុងត្រា​នៅ​ក្នុង​រដូវ​កាល​ថ្មី​នេះ​មាន Kim Kyong Hun, Choe Myong Ho, Ho Ri Hyok choi និង​កីឡាករ Jang Song Hyok និង​មាន​កីឡាករ​ចំណូល​ថ្មី​មក​ពី​ប្រេ​ស៊ី​ល​មួយ​រូប​ទៀត​គឺ​កីឡាករ​Leandro Duart De Lima ដែល​ពួក​គេ​គឺជា​ក្ដី​សង្ឃឹម​របស់​ក្រុម​ក្រសួង​ការ​ពារជាតិ​ក្នុង​ការ​ប្រកួត​រដូវ​កាល​ថ្មី​នេះ ។ ប៉ុន្តែ​លោក​ប្រាប់​ថា សម្រាប់​កីឡាករ​បរទេស​ទាំង​៥​នាក់​នេះ យើង​នឹង​ធ្វើការ​ជាមួយ​ពួក​គេ​កន្លះ​ឆ្នាំ​សិន ព្រោះថា​បើសិនជា​មាន​អ្វី​ប្រែ​ប្រួល ឬ​មាន​ចំណុចខ្សោយ​អ្វីមួយ​នោះ យើង​និង​ប្ដូរ​កីឡាករ​បរទេស​ថ្មី​មក​ជំនួស​វិញ​សម្រាប់​ការ​ប្រកួត​នៅ​ជើង​ទី​២ ។ ទោះជា​យ៉ាងណា​សម្រាប់​ការ​ប្រកួត​ក្នុង​រដូវ​កាល​ថ្មី​នេះ​អាច​មាន​សភាព​តានតឹង​ជាង​មុន ព្រោះ​ក្រុម​ទាំង​១២​សុទ្ធតែ​បាន​ពង្រឹងគុណភាព​រៀង​ៗ​ខ្លួន ថែម​ទាំង​បាន​នាំ​កីឡាករ​បរទេស​មក​ជួយ​ដល់​ក្រុម​របស់​គេ​ទៀត​ផង ។ ហេតុនេះ យើង​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ ត្រូវ​ស្វែងរក​គន្លឹះ និង​យុទ្ធសាស្ត្រ​ឱ្យ​បាន​គ្រប់គ្រាន់ ។ ជាង​នេះ​ទៅ​ទៀត យើង​មិន​អាច​មើល​រំលង​កីឡាករ​ក្នុងស្រុក​ដែរ ប៉ុន្តែ​កីឡាករ​ទាំង​អស់នោះ​សុទ្ធសឹងតែ​ជា​កីឡាករ​ដែល​លេង​កាលពី​ឆ្នាំ​ចាស់ ក្នុង​នោះ​ក៏​បាន​ដាក់​បញ្ចូល​កីឡាករ​យុវជន​ដែល​ជា​កីឡាករ​ថ្នាល​ចំនួន​៤​នាក់​ដែល​រហូត​មក​ទល់​ពេល​នេះ​ក្រុម​បាល់​ទាត់​ក្រសួងការពារជាតិ​មាន​កីឡាករ​សរុប​២៨​នាក់ ។

ការ​បណ្ដុះបណ្ដាល​កីឡាករ​យុវជន​ឱ្យ​ចូល​លេង​នៅ​ក្នុង​ក្រុម​បែប​នេះ គឺ​លោក​មាន​បំណង​ចង់ឱ្យ​ពួក​គេ​ក្លាយជា​កីឡាករ​ឆ្នើម​នា​ពេល​អនាគត ថែម​ទាំង​ជួយ​ដល់​វិស័យ​កីឡា​បាល់​ទាត់​កម្ពុជា​ឱ្យ​មានការ​រីក​ចម្រើន​អាច​ប្រកួតប្រជែង​ជាមួយ​កីឡាករ​នៅ​ក្នុង​តំបន់​បាន ៕