ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ើប​អង្កេត​មេ​ខ្មូត រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​បង្ហើប​ថា រក​ឃើញ​មុខសញ្ញា​បំផ្លាញ​ព្រៃឈើ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​បង្ហើប​ឲ្យ​ដឹង​ថា បាន​រក​ឃើញ​មុខសញ្ញា​ហើយ​តែ​មិន​អាច​និយាយ​បាន

រាជធានី​ភ្នំពេញ ៖ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​បង្ហើប​ឲ្យ​ដឹង​ថា បាន​រក​ឃើញ​មុខសញ្ញា​ហើយ​តែ​មិន​អាច​និយាយ​បាន ព្រោះ​ស្ថិត​ក្នុង​ករណី​ស៊ើបអង្កេត​នៅឡើយ​។

បើ​ទោះជា​លោក​រដ្ឋមន្ត្រី​បាន​អះអាង​ថា រក​ឃើញ​មុខសញ្ញា​ក្តី ក៏​ប៉ុន្តែ​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ និង​មុខសញ្ញា​ដែល​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​មុខសញ្ញា​បង្ក​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ព្រៃ​ឡង់​នោះ​ទេ ។

ការ​បង្ហើប​ពីមុខ​សញ្ញា​បំផ្លាញ​ព្រៃឈើ​ដែល គេ​ដឹង​ថា ​មាន​ខ្នង​នៅ​ពីក្រោយ​និង​ខ្លះ​សុទ្ធតែ​ឧកញ៉ា​នោះ គឺ​បន្ទាប់​ពី​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ចូល​បំភ្លឺ​តាម​ការ​កោះហៅ​របស់​គណៈកម្មការ​ទី​៣​នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៤ ខែមករា នៅ​វិមាន​រដ្ឋសភា ។

ទោះជា​យ៉ាងណា លោក​រដ្ឋមន្ត្រី សាយ សំអាល់ បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​មួយ​ចំនួន​របស់​អ្នក​សារព័ត៌មាន ដែល​ពាក់ព័ន្ធ​ទៅ​នឹង​មុខសញ្ញា​បទល្មើស​ព្រៃឈើ តែ​លោក​អះអាង​ដោយ​បញ្ជាក់​ថា «​យើង​ធ្វើ​គ្រប់​ទាំងអស់ យើង​មិន​អាច​និយាយ​បាន​ទេ​នៅ​ពេល​នេះ ព្រោះ​រឿង​ខ្លះ​នៅ​ក្នុង​ករណី​ស៊ើបអង្កេត​នៅឡើយ ខ្ញុំ​អាច​ថា​យើង​មានមុខ​សញ្ញា​របស់​យើង អត់​អាច​និយាយ​លើស​ពី​ហ្នឹង​បាន​ទេ​» ។

លោក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ថា បទល្មើស​ព្រៃឈើ​មានការ​ថយ​ចុះ​ច្រើន បន្ទាប់​ពី​រាជរដ្ឋាភិបាល​ប្រកាស​បើក​យុទ្ធនាការ​បង្ក្រាប និង​ទប់ស្កាត់​នូវ​រាល់​បទល្មើស​ព្រៃឈើ​នា​ពេល​កន្លង​មក ក៏​ប៉ុន្តែ​ត្រូវ​មាន​វិធានការ​ផ្សេង​ៗ​ទៀត ដើម្បី​លុប​បំបាត់​ទាំងស្រុង​តែ​ម្តង​ករណី​បំផ្លាញ​ព្រៃឈើ​ដែល​ជា​ជម្រក​សត្វ និង​ជា​សម្បត្តិ​ធម្មជាតិ​នេះ ។

លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​សង្គម​ស៊ី​វិល​មួយ​ចំនួន ដែល​មិន​បាន​គោរព​តាម​ការ​ឯកភាព​គ្នា​កាលពី​ពេល​កន្លង​ទៅ ដែល​បាន​សម្រេច​រួច​ហើយ​ថា ធ្វើការ​រួម​គ្នា​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ តែ​បែរជា​មានការ​លើក​ឡើង​ថា ធ្វើការ​ដោយឡែក​ទៅ​វិញ ខុស​ពី​ស្មារតី​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦ និង​សារាចរ​លេខ​០៥​ទៅ​វិញ ។ 

លោក​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​អ្នក​សារព័ត៌មាន សួរ​ទៅ​ខាង​សហគមន៍ ឬ​សង្គម​ស៊ី​វិល​នោះ​វិញ ពិសេស​នោះ​បញ្ហា​សហគមន៍​ព្រៃ​ឡង់ ដែលកាលពី​ស​ប្តា​ហ៍​កន្លង​ទៅ សហគមន៍​ព្រៃ​ឡង់​បាន​ចេញ​របាយការណ៍​មួយ​បង្ហាញ​ថា ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​មានការ​កើនឡើង​រហូត​ដល់​ទៅ​១៤​ភាគរយ ៕