ឈាមស្រែកស្បែកហៅឃាតករកំណាចត្រូវចាប់ខ្លួន4ថ្ងៃក្រោយ
ខេត្តសៀមរាប ៖ ឃាតករដៃឆៅដែលចូលអារកប្លន់សម្លា.ប់ជនរងគ្រោះ៣នាក់ ជាប្តី-ប្រពន្ធ និងប្អូនប្រុសដល់ក្នុងបន្ទប់ជួលនៅក្រុងសៀមរាប ដែលបណ្តាលឱ្យស្លា.ប់២នាក់
ខេត្តសៀមរាប ៖ ឃាតករដៃឆៅដែលចូលអារកប្លន់សម្លា.ប់ជនរងគ្រោះ៣នាក់ ជាប្តី-ប្រពន្ធ និងប្អូនប្រុសដល់ក្នុងបន្ទប់ជួលនៅក្រុងសៀមរាប ដែលបណ្តាលឱ្យស្លា.ប់២នាក់
ខេត្តសៀមរាប ៖ ឃាតករដៃឆៅដែលចូលអារកប្លន់សម្លាប់ជនរងគ្រោះ៣នាក់ ជាប្តី-ប្រពន្ធ និងប្អូនប្រុសដល់ក្នុងបន្ទប់ជួលនៅក្រុងសៀមរាប ដែលបណ្តាលឱ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅស្រុកជីក្រែង ខេត្តសៀមរាប នាល្ងាចថ្ងៃទី៤ មករា ខណៈឃាតករកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៦ ។
លោកវរសេនីយ៍ឯក ភឹង ចិន្ដារ៉េត ស្នងការរងនគរបាលខេត្ត និងប្រធានការិយាល័យកណ្ដាលព្រហ្មទណ្ឌ បានប្រាប់ឱ្យដឹងនៅយប់ថ្ងៃទី៤ មករានេះថា ឃាតករប្លន់សម្លាប់ជនរងគ្រោះ៣នាក់ដល់បន្ទប់ជួលនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ គឺឃាតករឈ្មោះ ជា សុខជៀន អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង ។
លោកបានបន្តថា ប្រតិបត្តិការតាមប្រមាញ់ឃាតករដ៏សាហាវនេះ ត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលរបស់លោក បានសហការជាមួយកម្លាំងនគរបាលនាយកដ្ឋានក្រសួងមហាផ្ទៃ កម្លាំងនគរបាលតាមបណ្តាខេត្ត ព្រមទាំងកម្លាំងពាក់ព័ន្ធ និងប្រជាពលរដ្ឋល្អ ដែលបានជួយរាយការណ៍ពីករណីនេះ បន្ទាប់ពីបានកំណត់មុខសញ្ញាឃាតករយ៉ាងច្បាស់ ដោយសារស្ត្រីរងគ្រោះមិនស្លាប់បានស្គាល់ជនដៃដល់ ។
លោកស្នងការរងបានបន្តទៀតថា កម្លាំងជំនាញ និងកម្លាំងអធិការក្រុងបានបែងចែកកម្លាំងពិសេសជា៣ក្រុម ដោយមួយក្រុមសហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវនៅភ្នំពេញ ក្រុមមួយទៀតសហការជាមួយកម្លាំង នគរបាលខេត្តកំពង់ឆ្នាំង ស្រាវជ្រាវនៅខេត្តកំពង់ឆ្នាំង និងមួយក្រុមទៀតស្រាវជ្រាវនៅខេត្តសៀមរាបតែម្ដង ដែលទីបំផុតជនសង្ស័យត្រូវបានចាប់ខ្លួននៅស្រុកជីក្រែង ដោយកម្លាំងនគរបាលបានចាំស្ទាក់នៅទីនោះ ។
ជាមួយគ្នានេះ លោក ភឹង ចិន្តារ៉េត ក៏សូមថ្លែងអំណរគុណដល់កម្លាំងនគរបាលពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមប្រតិបត្តិការរហូតតាមចាប់ខ្លួនជនដៃដល់រូបនេះទទួលបានជោគជ័យតែក្នុងរយៈពេល៤ថ្ងៃ ។
ទោះជាយ៉ាងណា លោកមិនទាន់អាចបញ្ជាក់បានថា ឃាតករមានបក្សពួកប៉ុន្មាននាក់នោះទេ ព្រោះខណៈពេលនេះ កម្លាំងនគរបាលជំនាញកំពុងសួរចម្លើយបន្ដទៀត ។
សូមបញ្ជាក់ថា មនុស្ស៣នាក់ជាប្តី-ប្រពន្ធ និងប្អូនប្រុសជាបុគ្គលិកក្រុមហ៊ុនអាហារបំប៉នថៃត្រូវ បានឃាតករចិត្តឆៅ ជាបុគ្គលិកក្រុមហ៊ុនជាមួយគ្នាចូលអារកប្លន់សម្លាប់ដល់ក្នុងបន្ទប់ជួលបណ្តាលឱ្យស្លាប់២នាក់ក្នុងថ្លុកឈាម និងម្នាក់ទៀតរបួសធ្ងន់នារាត្រីថ្ងៃឆ្លងឆ្នាំសាកល២០១៦-២០១៧ ។
ហេតុការណ៍ឃាតកម្មដ៏សាហាវនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១ មករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងបន្ទប់ជួល ក្នុងក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ក្នុងហេតុការណ៍ឃាតកម្មនេះបណ្ដាលឱ្យជនរងគ្រោះ២នាក់ស្លាប់ក្នុងថ្លុកឈាម គឺ១-ឈ្មោះឃុយ សុយឹន ភេទប្រុស អាយុ២៧ឆ្នាំ ធ្វើការក្រុមហ៊ុនអាហារបំប៉នសុខភាព មានស្រុកកំណើតនៅស្រុកឈូក ខេត្តកំពត, ២-ឈ្មោះ ឡេង ស្រីពៅ ភេទស្រី អាយុ២៨ឆ្នាំ រងរបួសធ្ងន់ និង៣-ឈ្មោះ វេត រដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ក្នុងចំណោមជនរងគ្រោះទាំង៣នាក់នេះ ក្នុងនោះ២នាក់ ជាប្ដីប្រពន្ធនឹងគ្នា គឺឈ្មោះ ឃុយ សុខយឹន និងឈ្មោះ ឡេង ស្រីពៅ បច្ចុប្បន្នជនរងគ្រោះបានដឹងខ្លួននិយាយបានហើយ និងរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពី ក្រុមគ្រូពេទ្យបង្អែកខេត្តសៀមរាបបានដុតដៃដុតជើងជួយសង្គ្រោះទាន់ ។
ក្រោយពីធ្វើការសួរនាំនៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការខេត្តទាំងយប់រួចមកឃាតករអប្រិយរូបនេះ បានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើដ៏ឃោរឃៅទៅលើជនរងគ្រោះទាំងបីនាក់ ដោយម្នាក់ឯងមែន ដោយរូបគេបានដាក់ថ្នាំសណ្តំចូលទៅក្នុងទឹកឱ្យជនរងគ្រោះផឹកសន្លប់ រួចយកពូថៅកាប់មកលើជនរងគ្រោះលើបំពង់កឱ្យស្លាប់ភ្លាមៗ ដើម្បីយកទ្រព្យ ។ ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។ ឃាតកររូបនេះនឹងប្រឈមទោសជាប់គុកអស់មួយជីវិត ដោយចៀសមិនផុតឡើយ ។
នៅចំពោះមុខសមត្ថកិច្ចជាឃាតករឈ្មោះ ជា សុខជៀន និងឈ្មោះនៅលើហ្វេសប៊ុកដាក់ឈ្មោះ «ភូ តឹកឡឹក» អាយុ២៣ឆ្នាំ បានសារភាពថារូបគេពិតជាបានប្រព្រឹត្តអំពើឃាតកម្មទៅលើជនរងគ្រោះទាំងបីនាក់ពិតប្រាកដមែនហើយធ្វើសកម្មភាពតែម្នាក់ឯងទេ ដោយរូបគេបានដាក់ថ្នាំសណ្តំចូលទៅក្នុងទឹក ឲ្យទៅជនរងគ្រោះទាំង៣នាក់ផឹក ដើម្បីឱ្យសន្លប់ រួចយកកាំបិតបុ័ងតោកាប់សំដៅបំពង់កឱ្យស្លាប់តែម្តង ។
ឃាតកររូបនេះបន្តថា មូលហេតុពិតប្រាកដនៃការសម្លាប់នោះគឺ ជារឿងគំនុំសុទ្ធសាធ ។ ដំបូងឡើយខ្លួន និងជនរងគ្រោះបានស្គាល់គ្នាតាមហ្វេសប៊ុក រួចហើយជនរងគ្រោះបានហៅ ឲ្យរូបគេចូលបម្រើការងារ ជាបុគ្គលិកក្រុមហ៊ុន អាហារបំប៉នថៃដូចពួកគេដែរ ។ ឃាតករបន្តទៀតថា ពេលដែលខ្លួនយល់ព្រមចូលបម្រើការងារស្រាប់តែក្រុមជនរងគ្រោះបានប្រាប់ឲ្យរូបគេថាត្រូវបង់លុយចំនួន២,០០០ដុល្លារ ។
ហើយរូបគេមិនមានលុយទេ ប៉ុន្តែក្រុមជនរងគ្រោះនៅបន្ដបង្ខំ ទោះទៅខ្ចីលុយគេ ឬសុំពីគ្រួសារក៏ដោយ ។ ការបង្ខំឲ្យបង់លុយបែបនេះហើយធ្វើឲ្យខ្លួនខឹងសម្បារ ដោយយល់ថាខ្លួនបានចាញ់បោកគេហើយ ទើបរៀបចំផែនការសម្លាប់ចោលតែម្ដងទៅ ។
ក្រោយឃាតកម្មបានកើតឡើងមានការសន្និដ្ឋានខុសៗគ្នា ពីការសម្លាប់ដ៏ឃោរឃៅមួយនេះថាបើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់នៅកន្លែងកើតហេតុជាជំហានដំបូងថា ជនរងគ្រោះ៣នាក់ ដែលត្រូវឃាតករសម្លាប់់នេះគឺជារឿងគំនុំទេ មិនមែនជារឿងសម្លាប់ប្លន់យកទ្រព្យសម្បត្តិនោះទេ ព្រោះទ្រព្យសម្បត្តិមួយចំនួនរបស់ជនរងគ្រោះឃើញនៅក្នុងបន្ទប់ជួលព្រមទាំងមានឯកសាររបស់បុគ្គលិកទាំង៣នាក់នោះផងដែរ ៕
ចែករំលែកព័តមាននេះ