ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​កើនឡើង​បន្តបន្ទាប់​ដោយសារ​ការ​កាត់​បន្ថយ​ផលិតកម្ម

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​អង្គារ តម្លៃ​ប្រេង​បាន​កើនឡើង​មក​ត្រឹម​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​១៨​ខែ​កន្លង​មក ដែល​ជា​លទ្ធផល​មក​ពី​កិច្ចព្រមព្រៀង​រវាង​អង្គការ​ប្រទេស​នាំ​ប្រេង​ចេញ (OPEC) និង​ប្រទេស​ដទៃ ក្នុង​ការ​កាត់​បន្ថយ

កាលពី​ថ្ងៃ​អង្គារ តម្លៃ​ប្រេង​បាន​កើនឡើង​មក​ត្រឹម​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​១៨​ខែ​កន្លង​មក ដែល​ជា​លទ្ធផល​មក​ពី​កិច្ចព្រមព្រៀង​រវាង​អង្គការ​ប្រទេស​នាំ​ប្រេង​ចេញ (OPEC) និង​ប្រទេស​ដទៃ ក្នុង​ការ​កាត់​បន្ថយ​ផលិតកម្ម​ដើម្បី​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​លើ​ទីផ្សារ ។

នៅ​ថ្ងៃ​ទី​១ មក​រា ២០១៧ គឺជា​ថ្ងៃ​ចាប់ផ្តើម​ជា​ផ្លូវការ​នៃ​កិច្ចព្រមព្រៀង​ខាងលើ​រវាង OPEC និង​ប្រទេស​ផ្សេង​ៗ​ដូច​ជា​រុ​ស្ស៊ី ក្នុង​ការ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ប្រមាណ​ជិត​១,៨​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ។

លោក Hans van Cleef ឧត្តម​សេដ្ឋវិទូ​ផ្នែក​ថាមពល​របស់​ធនាគារ ABN AMRO Bank N.V. ក្នុង Amsterdam ថ្លែង​ថា ៖ « មុខសញ្ញា​ដំបូង​ៗ​បង្ហាញ​ថា ការ​កាត់​បន្ថយ​ផលិតកម្ម​របស់​ប្រទេស​ជា​សមាជិក OPEC និង​ប្រទេស​ដទៃ​កំពុង​តែ​បង្កើន​ក្តី​សង្ឃឹមថា ការ​ផ្គត់ផ្គង់​លើសលប់​ក្នុង​ទីផ្សារ​សកលលោក នឹង​ត្រូវ​បាន​បញ្ឈប់ » ។

លោក Ric Spooner ប្រធាន​អ្នកវិភាគ​ទីផ្សារ​ក្នុង CMC Markets ក៏​បាន​យល់​ស្រប​ផង​ដែរ ។ លោក​និយាយ​ថា ៖ « ទីផ្សារ​នឹង​ចាំ​មើល​ភស្តុ​តាង​នៃ​ការ​កាត់​បន្ថយ​ផលិតកម្ម ។ អ្វី​ដែល​អាច​កើតឡើង​ជាងគេ គឺ​ប្រទេស​ជា​សមាជិក OPEC និង​ប្រទេស​ដទៃ​ទៀត​នឹង​ប្តេជ្ញា​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នេះ ជា​ពិសេស ក្នុង​ដំណាក់កាល​ដំបូង » ។

វិនិយោគិន​នឹង​តាមដាន OPEC យ៉ាង​ល្អិតល្អន់​ផង​ដែរ​ដើម្បី​មើល​ថា តើ​សមាជិក​ទាំងនោះ​ធ្វើ​តាម​ការ​សន្យា​របស់​ពួក​គេ​ដែរ​ឬទេ ។

លោក Tamas Varga ឧត្តម​អ្នកវិភាគ​ផ្នែក​ប្រេង​ក្នុង​ក្រុមហ៊ុន PVM Oil Associates ថ្លែង​ថា ៖ « ប្រសិនបើ​ឆ្នាំ​២០១៦ ជា​ឆ្នាំ​នៃ​ការ​សន្យា​នោះ ហេតុនេះ​ឆ្នាំ​២០១៧ ត្រូវ​តែ​ជា​ឆ្នាំ​នៃ​សកម្មភាព » ។

មន្ត្រី​ម្នាក់​ក្នុង National Oil Corporation បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​ថា លី​ប៊ី ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​លើកលែង​ការ​កាត់​បន្ថយ​ផលិតកម្ម​នេះ បាន​បង្កើន​ផលិតកម្ម​របស់​ខ្លួន ចាប់ពី​៦០​ដល់​៦៨៥​ពាន់​ធុង​ក្នុង​មួយ​ថ្ងៃ កាលពី​ខែធ្នូ ។

សម្រាប់​ផលិតកម្ម​ប្រេង​របស់​ប្រទេស​រុ​ស្ស៊ី​កាលពី​ខែធ្នូ បាន​រក្សា​កម្រិត​ថេរ គឺ​ស្មើនឹង​១១,២១​លាន​ធុង​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ក៏​កំពុង​តែ​រៀបចំ​កាត់​បន្ថយ​ផលិតកម្ម​ប្រមាណ​៣០​ម៉ឺន​ធុង​ក្នុង​មួយ​ថ្ងៃ​ផង​ដែរ នា​ឆមាស​ទី​១​ឆ្នាំ​២០១៧ ៕