ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ក្នុង​ឆ្នាំ​2016 សម្រេច​បាន​កំណើន​តិចតួច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៦​នេះ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ មាន​ចំនួន​៥៤​ម៉ឺន​តោន កើនឡើង​ត្រឹម​០,៧%​ប៉ុណ្ណោះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ ។

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៦​នេះ ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ មាន​ចំនួន​៥៤​ម៉ឺន​តោន កើនឡើង​ត្រឹម​០,៧%​ប៉ុណ្ណោះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ ។

លោក ហ៊ាន វណ្ណ​ហន ប្រធាន​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ បាន​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​៤ មក​រា ម្សិលមិញ​ថា គិតតែ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៦​កន្លង​មក គឺ​ថយ​ចុះ​៣០% និង​ធៀប​កាលពី​ខែធ្នូ​ឆ្នាំ​មុន ។ ការ​ថយ​ចុះ​នេះ​បាន​ធ្វើ​ឲ្យ​បរិមាណ​អង្ករ​នាំ​ចេញ​មាន​កំណើន​តិចតួច​ប៉ុណ្ណោះ បើ​គិត​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៦ កន្លង​មក ។

លោក​បន្ត​ថា ៖ « ក្នុង​ស្ថានភាព​នេះ​គួរតែ​មាន​យន្តការ​រួបរួម​គ្នា​មួយ​ដែល​មាន​ប្រសិទ្ធភាព ដើម្បី​ជំរុញ​ការ​នាំ​ចេញ​នៅ​ឆ្នាំ​ក្រោយ​ឱ្យ​មាន​ភាពល្អ​ប្រសើរ ហើយ​ការងារ​នេះ​សំខាន់ ត្រូវ​តែ​កែសម្រួល​សកម្មភាព​នៃ​ការ​គាំទ្រ​គោលនយោបាយ​នាំ​ចេញ​អង្ករ​ឡើង​វិញ​។ ឥឡូវនេះ កម្ពុជា​មិន​ទាន់​បាន​បញ្ចប់​ការ​កែសម្រួល​គោលនយោបាយ​ដែល​បាន​អនុម័ត​កាលពី​ឆ្នាំ​២០១០ នៅឡើយ​ទេ » ។

លោក ហ៊ាន វណ្ណ​ហន បន្ថែម​ថា ទោះជា​យ៉ាងណា គ្រប់​គ្នា​សង្ឃឹមថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​កែសម្រួល​គោលនយោបាយ​ខាងលើ​នេះ នឹង​ឈាន​ដល់​ភាព​ជោគជ័យ​ជា​មិន​ខាន ។

លោក សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន Amru Rice Cambodia ថ្លែង​ថា រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៦ កម្ពុជា​ជួបនឹង​ភាពរាំងស្ងួត ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​មានការ​ខកខាន​រយៈពេល​ពីរ​ទៅ​បី​ខែ ។ ប្រសិនជា​មិន​មាន​បញ្ហា​នេះ ការ​នាំ​ចេញ​អាច​មាន​ចំនួន​លើស​ពី​តួលេខ​ដែល​បាន​បង្ហាញ​ខាងលើ ។ ចំណុច​មួយទៀត តម្លៃ​ស្រូវ​មាន​តម្លៃ​ថោក ដូចនេះ តួលេខ​នាំ​ចេញ​គិត​ជា​ថវិកា​តិច មិន​ដូច​កាលពី​ឆ្នាំ​២០១៥​ទេ ។ លោក​ថា ៖ « គោលនយោបាយ​នាំ​ចេញ​អង្ករ ត្រូវ​តែ​ធ្វើការ​កែសម្រួល​ច្រើន សំខាន់​កុំ​មាន​តែ​ទ្រឹស្តី ប៉ុន្តែ​ត្រូវ​មាន​ស្ថាប័ន​ណាមួយ​ជា​អ្នក​អនុវត្ត​ផ្ទាល់​ឲ្យ​ពិតប្រាកដ និង​ជា​ប្រចាំ ទើប​អាច​ដោះស្រាយ​បាន​នៅ​ឆ្នាំ​ក្រោយ » ។

លោក​បន្ថែម​ថា ការ​ដែល​រាជរដ្ឋាភិបាល​ចាប់អារម្មណ៍​ធ្វើ​ឃ្លាំង​ស្តុក​ទុក​អង្ករ​នេះ គឺជា​រឿង​ត្រឹមត្រូវ​ហើយ ព្រោះ​វា​ជា​អាទិភាព​ទី​១ និង​ទី​២ បើសិនជា​រដ្ឋ​ធ្វើ​កន្លែង​ទុកដាក់​ស្រូវ​ឲ្យ​សហគមន៍​កសិករ​បាន វា​នឹង​ជួយ​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​ប្រសើរ​ឡើង​វិញ​ផង​ដែរ ។

បញ្ហា​ដែល​នាំ​ឲ្យ​កម្ពុជា​ពិបាក​នាំ​ចេញ និង​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ គឺ​អង្ករ​របស់​កម្ពុជា​មាន​តម្លៃ​ថ្លៃ បើ​ធៀប​ជាមួយ​ប្រទេស​វៀតណាម និង​ថៃ ព្រមទាំង​បញ្ហា​ពូជ។

រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ចិន​ចំនួន​២០​ម៉ឺន​តោន​នៅ​ឆ្នាំ​នេះ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង នៅ​កម្ពុជា កាលពី​ខែតុលា កន្លង​មក ។

លោក​ឧកញ៉ា ភួ ពុ​យ ប្រធាន​សម្ព័ន្ធ​សមាគម​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា ថ្លែង​ថា ឆ្នាំ​២០១៦​កន្លង​មក ក្រុមហ៊ុន​លោក​សម្រេចការ​នាំ​ចេញ​អង្ករ​បាន​ជាង​៥​ម៉ឺន​តោន​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ម៉ា​ឡេ​ស៊ី និង​ចិន ។ លោក​រំពឹង​ថា ការ​នាំ​ចេញ​ឆ្នាំ​នេះ​នឹង​មាន​កំណើន​ខ្ពស់ ប្រសិនជា​មានការ​កែទម្រង់​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​បញ្ហា​បច្ចេកទេស ដើម្បី​ជំរុញ​ធ្វើ​យ៉ាងណា​ឲ្យ​កសិករ​បាន​ផល​ខ្ពស់ កាត់​បន្ថយ​ការ​ចំណាយ ធ្វើ​ឲ្យ​ទិន្នផល​កើនឡើង នឹង​ធ្វើ​ឲ្យ​ការ​នាំ​ចេញ និង​ជីវភាព​កសិករ​កាន់តែ​ប្រសើរ​ឡើង ។ លោក​បន្ត​ថា ៖ « បញ្ហា​តម្លៃ​កសិផល វា​អាស្រ័យ​លើ​ទីផ្សារ​ពិភពលោក ប្រសិនជា​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង គឺ​អាច​ធ្វើ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ ប៉ុន្តែ​បើ​មាន​តម្រូវការ​ច្រើន តម្លៃ​កសិផល​នឹង​កើនឡើង » ៕