ទិន្នផល​ម្រេច​កំពត​ឆ្នាំ​នេះ​កើនឡើង​ខ្ពស់ តែ​តម្លៃ​នៅ​ថេរ


រាជធានី​ភ្នំពេញ ៖ ទិន្នផល​ម្រេច​កំពត​ក្នុង​ឆ្នាំ​២០១៧ នឹង​មាន​កំណើន​ខ្ពស់ ប៉ុន្តែ​តម្លៃ​ហាក់ដូចជា​គ្មាន​ការ​ឡើង​នោះ​ទេ គឺ​នៅ​រក្សា​តម្លៃ​ថេរ​ដដែល ដោយ​យោង​ទៅ​លើ​កុងត្រា​ដែល​បាន​ចុះ​ជាមួយ​បណ្ដា​ក្រុមហ៊ុន​បញ្ជា​ទិញ​ផលិតផល​ម្រេច​កំពត ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ងួ​ន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត បាន​បញ្ជាក់​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៤ មក​រា ម្សិលមិញ ។

លោក ងួ​ន ឡាយ ឲ្យ​ដឹង​ថា សមាគម​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​បញ្ជា​ទិញ​រួចរាល់​ហើយ​កាលពី​ឆ្នាំ​២០១៥​ថា ក្នុង​រយៈពេល​បី​ឆ្នាំ តម្លៃ​ម្រេច​កំពត​នឹង​មិន​ឡើងថ្លៃ​ទេ គឺ​រក្សា​តម្លៃ​ដដែល ។ ចំពោះ​ម្រេច​ដែល​លក់​ឱ្យ​ក្រុមហ៊ុន​តាម​រយៈ​សមាគម ក្នុង​នោះ​តម្លៃ​ម្រេចខ្មៅ​១៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​, ម្រេច​ក្រហម​២៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម និង​ម្រេចស​២៨​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ។ លោក​និយាយ​ថា ៖ « ម្រេច​កំពត​ខុស​ពី​ផលិតផល​ផ្សេង​ៗ​ដូច​ជា​ស្ករត្នោត​កំពង់ស្ពឺ ដែល​បាន​ប្រកាស​ដំឡើង​ថ្លៃ​នៅ​ក្នុងឆ្នាំនេះ ព្រោះ​ថា យើង​បាន​ជជែក​ជាមួយ​គ្រប់​ក្រុមហ៊ុន​ដែល​បាន​ចុះ​កុងត្រា​ជាមួយ​យើង​កាលពី​ឆ្នាំ​២០១៥​កន្លង​មក​ថា នឹង​រក្សា​តម្លៃ​មួយ​នៅ​ដដែល​សិន ព្រោះថា កន្លង​មក​យើង​បាន​ដំឡើង​ថ្លៃ​ជា​បន្តបន្ទាប់​ហើយ​ដែរ » ។

លោក​បន្ត​ថា ចំពោះ​ទិន្នផល​ម្រេច​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​មានការ​កើនឡើង​ខ្ពស់ ដោយ​កាលពី​ឆ្នាំ​២០១៦ ទិន្នផល​សរុប​ដែល​បាន​លក់​ជូន​ក្រុមហ៊ុន​តាម​រយៈ​សមាគម​មាន​ចំនួន​៧៣​តោន​សម្រាប់​ឆ្នាំ​២០១៧ ។ សមាគម​រំពឹង​ថា នឹង​ទទួល​បាន​ទិន្នផល​ប្រមាណ​១០០​តោន សម្រាប់​លក់​ជូន​ក្រុមហ៊ុន ប៉ុន្តែ​ជាក់ស្ដែង​យ៉ាងណា​នោះ មិន​ទាន់​ដឹង​នៅឡើយ​ទេ ព្រោះ​មិន​ទាន់​ប្រមូល​ផល ។ លោក​ថា ៖ « ការ​រំពឹង​ទុក​របស់​យើង​១០០​តោន​ក្នុងឆ្នាំនេះ ដោយសារ​តែ​ឆ្នាំ​នេះ ផ្ទៃដី​ទទួលផល​របស់​ម្រេច​កំពត ក៏​មានការ​កើនឡើង​ខ្ពស់ ។ ជាក់ស្ដែង កាលពី​ឆ្នាំ​២០១៦ ផ្ទៃដី​ទទួលផល​បាន​មាន​តែ​ជាង​៤០​ហិ​កតា​ទេ តែ​សម្រាប់​ឆ្នាំ​២០១៧ សមាគម​លើកកម្ពស់​ម្រេច​កំពត មាន​ផ្ទៃដី​ទទួលផល​រហូត​ដល់​ជិត​៨០​ហិ​កតា​ឯណោះ » ។

លោក​បន្ថែម​ទៀត​ថា ទាក់ទង​នឹង​ឆ្នាំ​ខាង​មុខ​ៗ​ទៀត តម្លៃ​ម្រេច​កំពត​មិនដឹង​ថា​នឹង​ឡើងថ្លៃ​ទៀត​ឬ​យ៉ាងណា​ទេ ដោយ​រង់ចាំ​មើល​ទីផ្សារ​ជាក់ស្ដែង​ជា​មុន​សិន តែ​បើសិនជា​ឡើង​មែន ក៏​វា​មិន​ឡើង​ខ្ពស់​ប៉ុន្មាន​ដែរ គឺ​តិចតួច​ប៉ុណ្ណោះ ព្រោះ​សមាគម​បាន​និយាយ​ជាមួយ​ក្រុមហ៊ុន​ហើយ បើសិនជា​តម្លៃ​ម្រេច វា​នៅ​តែ​មាន​សមតុល្យ​ជាមួយ​ការ​ចំណាយ​របស់​ប្រជា​កសិករ​នោះ តម្លៃនឹង​មិន​ឡើង​ខ្ពស់​ទៀត​ទេ តែ​បើសិនជា​តម្លៃ​ប៉ុណ្ណឹង មិន​បាន​ធ្វើ​ឲ្យ​ជីវភាព​កសិករ​ធូរស្រាល ឬ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ចំណាយ​ផ្សេង​ៗ​របស់​ប្រជា​កសិករ​នោះ សមាគម និង​ក្រុមហ៊ុន​នឹង​ជជែក​ចរចា​ជា​ថ្មី​ពី​ការ​ដំឡើង​តម្លៃ ។ 

ប្រជា​កសិករ​ដែល​ដាំ​ម្រេច​នៅ​ខេត្តកំពត បញ្ជាក់​ដែរ​ថា ឆ្នាំ​នេះ ទិន្នផល​ម្រេច​បាន​កើនឡើង​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​មែន ព្រោះ​អី​នៅ​រដូវវស្សា​ឆ្នាំ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន ហើយ​ភ្លៀង​ក៏​បាន​អូស​បន្លាយ​យូរ​ទៀត ដូចនេះ​ហើយ​ធ្វើ​ឱ្យ​ផ្លែ​ម្រេច​ជាប់​បាន​ច្រើន ។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ភូមិ​អង្គរ​ជ័យ ឃុំ​ដំណាក់​កន្ទួត ស្រុក​កំពង់ត្រាច ខេត្តកំពត ដែល​ប្រកប​របរ​ដាំ​ម្រេច​ដែរ​នោះ ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ទិន្នផល​ម្រេច​ទទួល​បាន​ច្រើន​ជាង​ឆ្នាំ​មុន ហើយ​បើសិនជា​តម្លៃ​ម្រេច​លក់​ជូន​សមាគម​បាន​ថ្លៃ​ជាង​ឆ្នាំ​មុន​នោះ ប្រជាពលរដ្ឋ​នឹង​អាច​ទទួល​បាន​ចំណូល​ច្រើន​ពីរ​បរ​ម្រេច​នៅ​ក្នុងឆ្នាំនេះ ។

លោក អែម ត្រូ ផលិតករ​ម្រេច​កំពត​មួយ​រូប​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ដោយសារ​តែ​អាកាសធាតុ​អំណោយផល​ធ្វើ​ឲ្យ​ទិន្នផល​ម្រេច​នៅ​ខេត្តកំពត​ទទួល​បាន​ផល​ច្រើន​ជាង​ឆ្នាំ​មុន អាច​និយាយ​ថា វា​ឡើង​ប្រមាណ​៥០% សូ​ម្បី​តែ​ចម្ការ​ម្រេច​របស់​លោក​ផ្ទាល់ ក៏​ទទួល​បាន​ទិន្នផល​ច្រើន​ជាង​មុន​ដែរ ។ លោក​និយាយ​ថា ៖ « កាលពី​ឆ្នាំ​២០១៥ ទិន្នផល​ទទួល​បាន​ច្រើន តែ​មក​ដល់​ឆ្នាំ​២០១៦ ទិន្នផល​ម្រេច​ក៏​បាន​ធ្លាក់​ចុះ​ស្ទើរតែ​ពាក់កណ្ដាល តែ​មក​ដល់​ឆ្នាំ​នេះ​ឃើញ​ថា ម្រេច​មាន​ផ្លែ​ច្រើន ដោយសារ​មាន​ភ្លៀង​ជាប់​ជា​ប្រចាំ អីចឹង​ហើយ​ឆ្នាំ​នេះ​នឹង​ទទួល​បាន​ផល​ច្រើន​ឡើង​វិញ ហើយ​បូក​រួម​ជាមួយ​ផ្ទៃដី​ទទួលផល​កើនឡើង​ដែរ​នោះ ក៏​ធ្វើ​ឱ្យ​ទិន្នផល​សរុប​នៅ​ក្នុង​សមាគម​កើនឡើង​ដូច​គ្នា​ដែរ » ។

លោក​បន្ត​ថា ថ្វី​ដ្បិត​ឆ្នាំ​នេះ សហគមន៍​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​បញ្ជា​ទិញ​ក្នុង​តម្លៃ​ដដែល​ពិតមែន ប៉ុន្តែ​បើសិនជា​មាន​ឈ្មួញ​ណា​មក​ទិញ​ពី​កសិករ​ក្នុង​តម្លៃលើស​ពី​តម្លៃ​សហគមន៍​កំណត់​នោះ វា​ពិតជា​ប្រសើរ​ណាស់ តែ​កសិករ​ត្រូវ​យក​បរិមាណ​ម្រេច​លក់​ជូន​សហគមន៍​តាម​ដែល​បាន​កំណត់ មាន​ន័យ​ថា កសិករ​អាច​លក់​ម្រេច​ទៅ​ឱ្យ​ឈ្មួញ​បាន បន្ទាប់​ពី​លក់​ជូន​សហគមន៍​រួចរាល់​សិន ៕

ព័ត៌មាន​​សេដ្ឋកិច្ច

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ