ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​បញ្ចប់​រដូវ​ប្រមូល​ផល​សណ្តែកសៀង​កសិករ​ឆ្លៀត​ដាំ​ដុះ​បន្លែ​ធម្មជាតិ

7 ឆ្នាំ មុន

ខេត្ដព្រះវិហារ ៖ ក្រោយ​ពេល​បញ្ចប់​ការ​ប្រមូល​ផលដំណាំ​សណ្តែកសៀង ប្រជា​កសិករ​ឆ្លៀតពេល​ដាំ​ដុះ​បន្លែ​ធម្មជាតិ​នៅ​លើ​ដី​របស់​គាត់​ជា​បន្ត ដើម្បី​បាន​ប្រាក់​ចំណូល​បន្ថែម​ផ្គត់ផ្គង់​គ្រួសារ ចៀសវាង​ការ​ទុក​ដី​ចោល

ខេត្ដព្រះវិហារ ៖ ក្រោយ​ពេល​បញ្ចប់​ការ​ប្រមូល​ផលដំណាំ​សណ្តែកសៀង ប្រជា​កសិករ​ឆ្លៀតពេល​ដាំ​ដុះ​បន្លែ​ធម្មជាតិ​នៅ​លើ​ដី​របស់​គាត់​ជា​បន្ត ដើម្បី​បាន​ប្រាក់​ចំណូល​បន្ថែម​ផ្គត់ផ្គង់​គ្រួសារ ចៀសវាង​ការ​ទុក​ដី​ចោល​ទំនេរ​ឥតប្រយោជន៍ ។

កសិករ សឹម ឃឿ​ន រស់នៅ​ភូមិ​បេង​កោង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ និយាយ​ថា ក្រោយ​ពេល​ប្រមូល​ផល​សណ្តែកសៀង​ចប់ គាត់​បាន​ឆ្លៀតពេល​ដាំ​ដុះ​បន្លែ​មួយ​ចំនួន ដូច​ជា ស្ពៃ​ច​ង្កឺះ ខ្ទឹម​ស្លឹក​ជាដើម ដើម្បី​បាន​ប្រាក់​ចំណូល​បន្ថែម​ទុក​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ចៀសវាង​ការ​ទុក​ដី​ឲ្យ​ទំនេរ​ចោល ។

គាត់​បន្ត​ថា ការ​ដាំ​ដុះ​បន្លែ​ធម្មជាតិ​នេះ អាច​ទទួលផល​បាន​ក្នុង​រយៈពេល​២​ខែ​ក្រោយ​ដាំ​ដុះ រីឯ​ប្រាក់​ចំណូល​ទទួល​បាន​បន្ទាប់​ពី​បន្លែ​ហុច​ផល​ឲ្យ​រូប​គាត់​យក​ទៅ​លក់​នៅ​ឯ​ផ្សារ​ក្រុង​ព្រះ​វិហារ ក្នុង​១​ថ្ងៃ ចន្លោះ​ពី​១០​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល​។ ទោះជា​យ៉ាងណា ការ​ដាំ​ដុះ​នេះ​មាន​ជួប​បញ្ហា​ប្រឈម​ខ្លះ​ៗ​ដែរ ដោយសារ​តែ​ខ្វះខាត​ទឹក​ស្រោច​ដំណាំ តែ​គាត់​អាច​រក​វិធី​ក្នុង​ការ​ដោះស្រាយបាន ។

កសិករ សឹម ឃឿ​ន បន្ត​ថា ក្នុង​ចន្លោះ​ពេល​៣​ទៅ​៤​ខែ ចាប់ពី​ចុងខែ​ធ្នូ​ដល់​ខែមីនា កសិករ​អាច​ដាំ​ដុះ​បន្លែ​រួម​ផ្សំ​ផ្សេង​ៗ​ដែល​មាន​រយៈពេល​ខ្លី​បាន នៅ​លើ​ដី​ដែល​ដាំ​សណ្តែក មុន​នឹង​ដល់​ខែមេសា ដែល​ជា​ខែ​ចាប់ផ្តើម​ដាំ​ដុះ​សណ្តែកបាយ ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា ការ​ដាំ​ដុះ​ដំណាំ​បន្លែ​របស់​កសិករ ក៏​ដូច​ជា​សហគមន៍​កសិកម្ម​នៅ​ក្នុង​ខេត្តព្រះវិហារ ឃើញ​ថា ទទួល​បាន​ទិន្នផល​ល្អ​ពី​ធម្មជាតិ ។ រីឯ​ការ​ដាំ​ដុះ​កន្លង​ទៅ​ក៏​ធ្លាប់​ជួប​បញ្ហា​ប្រឈម​ដែរ ដោយ​តំបន់​ខ្លះ​មានការ​ខ្វះខាត​ទឹក​សម្រាប់​ស្រោច​ដំណាំ ដែល​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​មាន​បញ្ហា​ដង្កូវ​ស៊ី​បំផ្លាញ​ដំណាំ ប៉ុន្តែ​កសិករ​អាច​រក​វិធី​ដោះស្រាយ​បាន​ដោយ​ប្រើប្រាស់​ជី ឬ​ថ្នាំ​ធម្មជាតិ​សម្លាប់ សត្វល្អិត ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ នៅ​ទូ​ទាំង​ខេត្តព្រះវិហារ​ដាំ​ដុះ​បន្លែ​គ្រប់មុខ​ក្នុង​រដូវប្រាំង មាន​៧៨២​ហិតា អនុវត្ត​បាន​២៣៧​ហិ​កតា ស្មើនឹង​៣០,៣១% ៕