ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារព័ត៌មាន បញ្ជាក់ពីវត្តមានរបស់​លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាអាម៉េរិក អាច​ទៅដល់កោះតៃវ៉ាន់ នៅថ្ងៃទី២សីហាស្អែកនេះ​

1 ឆ្នាំ មុន

អន្តរជាតិ៖ កាសែតជាច្រើន​ បានរាយការណ៍នៅថ្ងៃទី១ ខែសីហានេះថា លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាអាម៉េរិក អាចទៅដល់កោះតៃវ៉ាន់ នៅថ្ងៃទី២…

អន្តរជាតិ៖ កាសែតជាច្រើន​ បានរាយការណ៍នៅថ្ងៃទី១ ខែសីហានេះថា លោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាអាម៉េរិក អាចទៅដល់កោះតៃវ៉ាន់ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ហើយ​នៅព្រឹកថ្ងៃទី៣ ខែសីហា លោកស្រី នឹងបំពេញទស្សនកិច្ច នៅរដ្ឋសភាតៃវ៉ាន់ ព្រមទាំង​ជួប​ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សាយ អ៊ីង​ វេន។

កាសែត​ China Times​រួមទាំង​កាសែតតៃវ៉ាន់យ៉ាងតិចពីរ បានផ្សព្វផ្សាយពីដំណើរទស្សនកិច្ចរបស់​លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់ ដែលនឹង​ទៅដល់ទីក្រុងតៃប៉ិ នៅយប់ថ្ងៃទី២ ខែសីហាស្អែកនេះ​។ លោកស្រី ផេឡូស៊ី នឹង​ចាកចេញ​ពី​កោះតៃវ៉ាន់ ​ដែល​ចិន ​អះអាងថា​​ជាទឹកដី​របស់​ខ្លួន ​នៅ​ថ្ងៃ​ពុធ ទី៣ ខែសីហា​​។​

ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក នៅកោះតៃវ៉ាន់នេះ ក្រសួងការបរទេស​តៃវ៉ាន់ ​មិន​បាន​បញ្ជាក់​អំពី​ផែនការ​នៃដំណើ​ទស្សនកិច្ច​នេះ​ទេ ខណៈដែល​ចិន បានប្រកាសជំទាស់​​ជាយូរមកហើយ​។​

ប្រធានសភាអាមេរិក លោកស្រី​ ណាន់ស៊ី ផេ​ឡូ​ស៊ី បានចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច ​មក​កាន់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​រួម​មាន ​ ​សិង្ហ​បុរី ម៉ាឡេស៊ី ជប៉ុន​ និង​កូរ៉េខាងត្បូង​។ នៅថ្ងៃទី១ ខែសីហានេះ លោកស្រី ប្រធានសភាអាមេរិក បានបំពេញទស្សនកិច្ចនៅសឹង្ហបុរី ដោយបានជួប​ដាច់ដោយឡែក​ជាមួយ​លោកនាយករដ្ឋមន្ត្រី លី ស៊ានឡុង និង​លោកស្រី ហា​លី​ម៉ា យ៉ា​កុប ប្រធានាធិបតី​សឹង្ហបុរី រួមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើនទៀត​។

​ចិន ​បានប្រកាសទុកជាមុនហើយថា ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់ខ្ពស់​​អាម៉េរិក ​ទៅកាន់​កោះ​តៃវ៉ាន់ គឺ​​ជាការ​បង្ករឿង ​ដោយ​វា​រំលោភ​លើ «​គោល​ការ​​ណ៍​ចិន​មួយ​» ​ហើយ​អាម៉េរិក ​នឹង​ទទួល​ផលវិបាក​អវិជ្ជមាន​ទាំងអស់ ​ចេញ​ពី​ទង្វើ​បែបនេះ​។​

​យ៉ាងណាក៏ដោយ ចិន និងអាមេរិក បានត្រៀមកម្លាំងកងទ័ព​ដូចគ្នា នៅជិតកោះតៃវ៉ាន់។ កងទ័ពចិន ​បាន​​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ ​ចាប់តាំងពី​ថ្ងៃ​សៅរ៍ ទី៣០ ខែកក្កដា។ យន្តហោះ​ប្រយុទ្ធ​ចិន ​ធុន J-16 ​ចំនួន​បួន​គ្រឿង ក៏​បាន​ហោះចូល​ក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​តៃវ៉ាន់​កាលពី​ថ្ងៃ​ចន្ទ ទី១ ខែសីហា ឆ្នាំ២០២២​​។​

ចំណែកយោធា​អាម៉េរិក ក៏ត្រូវបានកាសែតរាយការណ៍ថា ​ បាន​បញ្ជូន​នាវា​ដឹក​យន្តហោះ​ និង​យន្តហោះ​ប្រយុទ្ធ​ ក្នុង​ចំនួន​ដ៏​ច្រើន ​ទៅ​កៀក​នឹង​កោះ​តៃវ៉ាន់ ក្នុងអំឡុងពេលដំណើរទស្សនកិច្​ចរបស់​​​លោក​ស្រី​ ផេ​ឡូ​ស៊ី នៅ​​អាស៊ី និង​អាច​ចូល​កោះ​តៃវ៉ាន់​ ផង​​ដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ