ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លី​ហួរ​គ្រុប បូក​សរុប​ការងារ​ប្រចាំឆ្នាំ ​និង​រៀបចំ​ផែនការ​ឆ្នាំ​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ ក្រុម ហ៊ុន​លី​ហួរ​គ្រុប តែងតែ​រៀបចំ​ពិធី​បូក​សរុប​ការងារ​ប្រចាំឆ្នាំ និង​ជួបជុំ​បុគ្គលិក​របស់​ខ្លួន ហើយ​ឆ្នាំ​នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ដែរ ក្រុមហ៊ុន​បាន​រៀបចំ​ពិធី​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុម ហ៊ុន​លី​ហួរ​គ្រុប និង​ដាក់​ផែនការ​ថ្មី​សម្រាប់​ក្រុមហ៊ុន​ក្រោម​បុត្រ​សម្ព័ន្ធ​ទាំងនោះ ។

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ ក្រុម ហ៊ុន​លី​ហួរ​គ្រុប តែងតែ​រៀបចំ​ពិធី​បូក​សរុប​ការងារ​ប្រចាំឆ្នាំ និង​ជួបជុំ​បុគ្គលិក​របស់​ខ្លួន ហើយ​ឆ្នាំ​នេះ ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ដែរ ក្រុមហ៊ុន​បាន​រៀបចំ​ពិធី​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​ដែល​ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុម ហ៊ុន​លី​ហួរ​គ្រុប និង​ដាក់​ផែនការ​ថ្មី​សម្រាប់​ក្រុមហ៊ុន​ក្រោម​បុត្រ​សម្ព័ន្ធ​ទាំងនោះ ។

ពិធី​នេះ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ៣១ ធ្នូ ២០១៦ នៅ​សាល​របស់​ក្រុមហ៊ុន​លី​ហួរ ផ្លូវ​ជា​សុ​ផា​រ៉ា ដោយ​មានការ​ចូលរួម​ពី​លោក​ឧកញ៉ា លី ហួរ អគ្គនាយក​ក្រុមហ៊ុន​លី​ហួរ​គ្រុប និង​ថ្នាក់ ដឹកនាំ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងអស់​ផង​ដែរ ។

នៅ​ក្នុង​ពិធី​បូក​សរុប​នោះ អគ្គនាយក​គ្រប់គ្រង​ក្រុមហ៊ុន​នីមួយ​ៗ ដូច​ជា​បុរី​វិមាន​ភ្នំពេញ​ថ្មី អគារ​លី​ហួរ​ប្តូរ​ប្រាក់ ក្រុមហ៊ុន​លី​ហួរ​វេរ​លុយ មីក្រូហិរញ្ញវត្ថុ​លី​ហួរ ភី​អិ​ល​ស៊ី និង​លី​ហួរ​គ្រឿងអលង្ការ​ជាដើម បាន​ធ្វើ​របាយការណ៍​ជូន​អគ្គនាយក ក៏​ដូច​ជា​អ្នកចូលរួម​ទាំងអស់​បាន​ជ្រាប ដោយ​ក្រុមហ៊ុន​ខ្លះ​បាន​ជម្រាប​ពី​កំណើន​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​២០១៦ និង​ក្រុមហ៊ុន​ខ្លះ​ទៀត​មាន​កំណើន​ដែរ តែ​មាន​កំណើន​តិចតួច តែ​យ៉ាងណា​ការ​បូក​សរុប​បាន​បញ្ជាក់​ថា​ឆ្នាំ​នេះ​លទ្ធផល​មាន​ភាពល្អ​ប្រសើរ ។

លោក​ឧកញ៉ា លី ហួរ អគ្គនាយក​ក្រុមហ៊ុន​លី​ហួរ គ្រុប បាន​មាន​ប្រសាសន៍​ថា ពិធី​បូក​សរុប​របស់​ក្រុមហ៊ុន​លី​ហួរ​គ្រុប បាន​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ និង​ដើម្បី​ជួបជុំ​បុគ្គលិក និង​ថ្នាក់ដឹកនាំ​តាម​បណ្ដា​ក្រុមហ៊ុន​នានា ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​លី​ហួរ​គ្រុប ។ តែ​សម្រាប់​ឆ្នាំ​នេះ ក្រុមហ៊ុន​បាន​រៀបចំ​ពិធី​ធំ​ជាង​ឆ្នាំ​មុន​ៗ ដោយ​មាន​ផ្តល់​រង្វាន់​លើកទឹកចិត្ត​បុគ្គលិក​ឆ្នើម​របស់​ក្រុមហ៊ុន​ដូច​ជា​រថយន្ត​ចំនួន​៥​គ្រឿង និង​ម៉ូតូ​ជា​ច្រើន​គ្រឿង​ទៀត​ផង​ដែរ ។

លោក​ឧកញ៉ា​បន្ត​ថា សម្រាប់​លទ្ធផល​សរុប​ប្រចាំឆ្នាំ​២០១៦​របស់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ទាំងអស់ យើង​មានការ​ពេញចិត្ត​ខ្លាំង ដែល​បាន​រីក​ធំធាត់​គ្រប់កន្លែង ។ ចំពោះ​បុគ្គលិក​ដែល​ក្រុមហ៊ុន​លី​ហួរ​មាន​វិញ បើ​ធៀប​នឹង​ឆ្នាំ​២០១៥​មានការ​កើនឡើង​ច្រើន ហើយ​បើ​រាប់​ទាំង​កម្មករ​របស់​ក្រុមហ៊ុន​លី​ហួរ​គ្រុប​ទៀត​នោះ មាន​ច្រើន​ណាស់ អាច​ថា​រាប់​ពាន់​នាក់​ឯណោះ ដូច​ជា​កម្មករ​សំណង់​នៅ​ក្នុង​បុរី​វិមាន​ភ្នំពេញ និង​កម្មករ​នៅ​តាម​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត ។ បើ​សរុប​ទាំង​កម្មករ និង​បុគ្គលិក​ដែល​កំពុង​បម្រើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​លី​ហួរ​ទាំងអស់​មាន​ប្រមាណ​ជាង ៣.០០០​នាក់ ដែល​សុទ្ធតែ​ជា​កម្មករនិយោជិត​ខ្មែរ​ទាំងអស់ ដោយ​មិន​មាន​នាំ​កម្មករ​បរទេស​មក​នោះ​ទេ ។

លោក​បន្ថែម​ថា សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត​នេះ ក្រុមហ៊ុន​ក៏​បាន​រៀបចំ​ផែនការ​មួយ​ចំនួន​សម្រាប់​ពង្រីក​ទីផ្សារ​របស់​ក្រុមហ៊ុន​នីមួយ​ៗ ហើយ​ការ​ប្រកួតប្រជែង​នៅ​ក្នុង​ទីផ្សារ​របស់​ក្រុមហ៊ុន​នីមួយ​ៗ​ក៏​កាន់តែ​មាន​ច្រើន ។ ដូចនេះ​ហើយ​តម្រូវ​ឱ្យ​យើង​ត្រូវ​មាន​យុទ្ធសាស្ត្រ​ច្បាស់លាស់ និង​ត្រឹមត្រូវ ដើម្បី​ប្រកួតប្រជែង​ប្រកបដោយ​តម្លាភាព​ជាមួយ​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ប្រទេស និង​ក្នុង​តំបន់ ។

លោក​ឧកញ៉ា​បញ្ជាក់​ថា ដោយសារ​តែ​ឆ្នាំ​នេះ​ទទួល​បាន​លទ្ធផល​គួរ​ជាទី​ពេញចិត្ត​ខ្លាំង​នោះ ទើប​កម្មវិធី​ជប់លៀង​និង​ជួបជុំ​បុគ្គលិក​ក៏​ត្រូវធ្វើ​ឱ្យ​ធំ បើ​គិត​ជា​ទឹកប្រាក់​ដែល​ក្រុមហ៊ុន​បាន​ត្រៀម​រៀបចំ​ជួបជុំ​បុគ្គលិក​បូក​ជាមួយ​រង្វាន់​លើកទឹកចិត្ត​ដល់​បុគ្គលិក​ឆ្នើម អស់​ប្រមាណ​ជាង​៤០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ហើយ​បុគ្គលិក​ឆ្នើម​របស់​យើង​ទៀត​សោត ក៏​មិន​សំដៅ​ដល់​បុគ្គលិក​ជាន់ខ្ពស់​ដែរ ។

ឆ្នាំ​នេះ យើង​ផ្ដោត​លើ​បុគ្គលិក​ថ្នាក់​ក្រោម ព្រោះ​យើង​គិត​ថា​បុគ្គលិក​ជាន់​ក្រោម​មាន​សារសំខាន់​ណាស់​សម្រាប់​ពង្រីក​វិសាលភាព​ក្រុមហ៊ុន​របស់​យើង ៕