ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡូង​មី​ធ្លាក់​ថ្លៃ ដំណាំ​ម្រេច​ងាប់​ដើម កសិករ​ជួប​ទុក្ខ​ធំ

7 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ កសិករ​ដាំដំឡូង​មី និង​ម្រេច​នៅ​ខេត្តព្រះវិហារ កំពុង​ជួប​ទុក្ខ​ធំ ក្រោយ​ពេល​ប្រមូល​ផល​ដំឡូង​មី បែរជា​តម្លៃ​លើ​ទីផ្សារ​ធ្លាក់​ចុះ ចំណែក​អ្នក​ដាំ​ម្រេច​ក៏​កំពុង​យំ​មិន​ចេញ​ដែរ ដោយសារ​តែ​រដូវវស្សា​កន្លង​ទៅ

ខេត្តព្រះវិហារ ៖ កសិករ​ដាំដំឡូង​មី និង​ម្រេច​នៅ​ខេត្តព្រះវិហារ កំពុង​ជួប​ទុក្ខ​ធំ ក្រោយ​ពេល​ប្រមូល​ផល​ដំឡូង​មី បែរជា​តម្លៃ​លើ​ទីផ្សារ​ធ្លាក់​ចុះ ចំណែក​អ្នក​ដាំ​ម្រេច​ក៏​កំពុង​យំ​មិន​ចេញ​ដែរ ដោយសារ​តែ​រដូវវស្សា​កន្លង​ទៅ ភ្លៀង​ធ្លាក់​ខ្លាំង​ជោកជាំ​ដី ធ្វើ​ឱ្យ​ដើម​ម្រេច​របស់​ពួក​គេ​ត្រូវ​ស្វិត​ងាប់ និង​ក្រហម​ស្លឹក​អស់ ។

ទាក់ទង​នឹង​ការ​ប្រមូល​ផល​ដំឡូង​មី កសិករ​រស់នៅ​ភូមិ​អូរ​ខ្លែង​ពណ៌ សង្កាត់​ប៉ា​លហាល ក្រុង​ព្រះ​វិហារ បាន​លើក​ឡើង​ថា ការ​ប្រមូល​ផល​ដំឡូង​មី​ឆ្នាំ​នេះ​ទទួល​បាន​ទិន្នផល​ល្អ ប៉ុន្តែ​បញ្ហា​ដែល​ប្រឈម​នោះ គឺ​តម្លៃ​ទីផ្សារ​តែ​ម្តង ។ លោក​ថា ៖ « បច្ចុប្បន្ន តម្លៃ​ទីផ្សារ​ដំឡូង​មី​ស្រស់​លក់​ឲ្យ​ឈ្មួញ បាន​ត្រឹមតែ​១៥០​រៀល​ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ ។ ចំណែក​ដំឡូង​មី​ហាល​ក្រៀម​លក់​បាន​តម្លៃ​ចន្លោះ​ពី​៤៥០ ទៅ​៤៧០​រៀល​ក្នុង​១​គីឡូក្រាម បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ដំឡូង​មី​ស្រស់ អាច​លក់​បាន​ចាប់ពី​២៥០ ទៅ​៣០០​រៀល និង​ដំឡូង​មី​ស្ងួត អាច​លក់​បាន​ដល់​ទៅ​៧៥០ ទៅ​៨០០​រៀល​ឯណោះ ដែល​នេះ​ជា​ក្តី​កង្វល់​របស់​អ្នក​ដាំ​ដុះ​ដំឡូង​មី » ។

កសិករ​រូប​នេះ​បន្ត​ថា ប្រសិនបើ​តម្លៃ​នៅ​តែ​ធ្លាក់​ចុះ​ទៀត​នោះ នៅ​ឆ្នាំ​២០១៧​នេះ លោក​នឹង​ផ្លាស់​ប្តូរ​ពី​ការ​ដាំដំឡូង​មី ទៅ​ដាំ​ដុះ​ដំណាំ​ផ្សេង​ៗ​វិញ ព្រោះ​បើ​នៅ​តែ​ដាំ​ទៀត ពុំ​មាន​លទ្ធភាព ថែម​ទាំង​ប្រឈម​នឹង​ការ​ខាតបង់​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ។

ស្រប​នឹង​ការ​លើក​ឡើង​នេះ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត លោក ថោ​ង សា​គឿ​ន ក៏​បាន​ទទួលស្គាល់​ថា តម្លៃ​ដំឡូង​មី​ឆ្នាំ​២០១៦ ពិតជា​ធ្លាក់​ថ្លៃ​ប្រាកដ​មែន នេះ​ដោយសារ​តែ​ប្រទេស​ជិតខាង ដែល​ជា​អ្នក​នាំ​ចូល​ទម្លាក់​ថ្លៃ​តែ​ម្តង បើ​ទោះបីជា​គុណភាព​ដំឡូង​មី​របស់​កសិករ ខេត្តព្រះវិហារ ល្អ​យ៉ាងណា​ក៏​ដោយ ។

លោក​ថា ៖ « បច្ចុប្បន្ន នៅ​ខេត្តព្រះវិហារ មាន​ក្រុមហ៊ុន​ឯកជន​ចំនួន​២ ចាំ​ទទួល​ទិញ​ដំឡូង​មី​ពី​កសិករ ដែល​បាន​ដាក់​ទីតាំង​នៅ​ក្រុង​ព្រះ​វិហារ នាំ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ក្រុមហ៊ុន​ទ្រី ភាព នៅ​តំបន់​អានសេះ នាំ​ទៅ​លក់​នៅ​ប្រទេស​ថៃ » ។

លោក​បញ្ជាក់​ថា ៖ « ក្រុម​ទទួល​ទិញ​ដំឡូង​មី​ក្រៀម ពី​កសិករ​ដែល​ដឹក​ទៅ​លក់​ដល់​ក្រុមហ៊ុន ក្នុង​១​គីឡូក្រាម​តម្លៃ​៤៥០​ទៅ​៥០០​រៀល​។ ចំណែក​ក្រុមហ៊ុន ទ្រី ភាព ទទួល​ទិញ​ដំឡូង​មី​ក្រៀម​ពី​កសិករ​ដែល​ដឹក​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន ក្នុង​១​គីឡូក្រាម​ចាប់ពី​៥៧៧​ទៅ​៦០០​រៀល » ។

ដោយឡែក អ្នក​ដាំ​ដំណាំ​ម្រេច​វិញ ក៏​មាន​វាសនា​មិន​ខុស​ពី​អ្នក​ដាំដំឡូង​មី​ដែរ ដែល​ពេល​នេះ​កំពុង​ជួប​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ ព្រោះ​ដើម​ម្រេច​របស់​ពួក​គាត់​ត្រូវ​ងាប់ និង​ស្វិត​អស់​ដោយសារ​ភ្លៀង​រដូវវស្សា ។

លោក លី យូ​អីុ ជា​ម្ចាស់​ចម្ការ​ម្រេច រស់នៅ​ភូមិ​អណ្តូងប្រេង ឃុំ​ព្រះ​ឃ្លាំង ស្រុក​ត្បែងមានជ័យ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ មក​រា​ម្សិល មិ​ញ​ថា ដំណាំ​ម្រេច​របស់​លោក ខូច​ខាត​ប្រមាណ​ជាង​៤០%​ហើយ ដោយសារ​តែ​កាល ពី​រដូវវស្សា​កន្លង​ទៅ អាកាសធាតុ​មិន​អំណោយផល ព្រោះ​ភ្លៀង​បាន​ធ្លាក់​ជាប់​ៗ​គ្នា ស្តារ​ទឹក​ចេញ​មិន​ទាន់ ធ្វើ​ឲ្យ​ដើម​ម្រេច​រលួយ​ឫស ខ្លះ​ជាំ ខ្លះ​ឡើង​ក្រហម ។ ចំណែក​ពូជ​ម្រេច​ដែល​លោក​យក​មក​ដាំ​នោះ​មាន​មេរោគ​មួយ​ចំនួន ធ្វើ​ឲ្យ​លោក​កំពុង​ជួប​បញ្ហា​ពុំ​អាច​ថែទាំ​បាន ។

លោក​យូ​អីុ បញ្ជាក់​ថា ៖ « ដំណាំ​ម្រេច​របស់ខ្ញុំ​ដែល​ខូចខាត​ទាំងនោះ​មិន​អាច​ស្តារ​ឡើង​វិញ​បាន​ឡើយ ខ្ញុំ​ក៏​សោកស្ដាយ​ណាស់​ដែរ ថែម​ទាំង​ខាតបង់​ទុន​អស់​ជា​ច្រើន​ទៀត​ផង » ។

ចំណែក​ទីផ្សារ​ម្រេច​បច្ចុប្បន្ន ក៏​ពុំ​ទាន់​មាន​អ្នកបញ្ជា​ទិញ​ត្រឹមត្រូវ​ច្បាស់លាស់​ដែរ មាន​ន័យ​ថា ការ​លក់​កសិផល​របស់​កសិករ​នៅ​ខេត្ត​នេះ គឺ​ពឹងផ្អែក​លើ​ខ្លួនឯង ។ រីឯ​តម្លៃ​ទីផ្សារ គឺ​អាស្រ័យ​លើ​ស្ថានភាព​ទីផ្សារ​ជាក់ស្តែង  ។ នេះ​បើ​តាម​លោក​យូ​អីុ បាន​បញ្ជាក់ ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ទទួលស្គាល់​ថា ដំណាំ​ម្រេច​ក្នុងឆ្នាំនេះ បាន​ជួប​បញ្ហា​ប្រឈម​ពិតប្រាកដ​មែន ដោយសារ​កត្តា​ធម្ម​ជាតិ​មិន​អំណោយផល ប៉ុន្តែ​ពុំ​មែន​ជា​ទូទៅ​នោះ​ទេ ព្រោះ​នៅ​តំបន់​មួយ​ចំនួន​ដែល​ដាំ​ដុះ​ដំណាំ​ម្រេច ក៏​កំពុង​តែ​ហុច​ផល​ល្អ​ប្រសើរ​ដល់​កសិករ​ជា​បណ្តើរ​ៗ​ហើយ​ដែរ ។

សូម​បញ្ជាក់​ថា តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ក្នុង​ឆ្នាំ​២០១៦ បង្ហាញ​ថា ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ម្រេច​នៅ​ទូ​ទាំង​ខេត្តព្រះវិហារ មាន​សរុប​ប្រមាណ​៣០០​ហិ​កតា និង​ប្រមូល​ផល​បាន​២០០​ហិ​កតា ទទួល​បាន​ជាង​៤០០​តោន សល់​ពី​បាន​ចែកចាយ​លើ​ទីផ្សារ​ក្នុងស្រុក ក៏​បាន​នាំ​ចេញ​ទៅ​លក់​បន្ត​នៅ​ប្រទេស​វៀត​ណាម​ផង​ដែរ ។ ចំណែក​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ដំឡូង​មី​វិញ មាន​សរុប​ប្រមាណ​ជាង​២​ម៉ឺន​ហិ​កតា ។ ទីផ្សារ​នាំ​ចេញ​នៃ​កសិផល​ដំឡូង​មី​នៅ​ខេត្តព្រះវិហារ គឺ​ទៅ​កាន់​ប្រទេស​វៀត​ណាម និង​ថៃ ដោយ​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ មាន​ប្រមាណ​ជិត​២០​ម៉ឺន​តោន ៕