ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភូមិ​លើកគ្នា​តវ៉ា​ចោទ​អ្នក​វេរ​លុយ​«​ឆបោក​»

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់​ទីតាំង​វី​ង​វេរ​លុយ​ដ៏​ធំ​មួយ​កន្លែង​នៅ​ស្រុក​មោងឫស្សី ត្រូវ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បញ្ជា​ឲ្យ​ឃាត់ខ្លួន

ខេត្តបាត់ដំបង ​៖ ស្ត្រី​ម្នាក់​ដែល​ជា​ម្ចាស់​ទីតាំង​វី​ង​វេរ​លុយ​ដ៏​ធំ​មួយ​កន្លែង​នៅ​ស្រុក​មោងឫស្សី ត្រូវ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បញ្ជា​ឲ្យ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២​មក​រា ក្រោយ​ពី​មាន​សេចក្ដី​រាយការណ៍​ថា ស្ត្រី​រូប​នេះ​មិន​ព្រម​បើក​លុយ​ឲ្យ​អតិថិជន​រាប់​សិប​នាក់ ដែល​កំពុង​ចោមរោម​បើក​លុយ​ដែល​កូនចៅ​របស់​ពួក​គាត់​ផ្ញើ​មក​ពី​ប្រទេស​ថៃ ។

អធិការ​ស្រុក​មោងឫស្សី លោក គិត ហ៊ា​ង បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ឈ្មោះ​ជា សុ​ម៉ា​លី អាយុ​៣២​ឆ្នាំ ជា​ម្ចាស់​ទីតាំង​វី​ង​វេរ​លុយ​យីហោ​«​ចំរើន សុ​ម៉ា​លី​»​នៅ​ភូមិ​ពោធិ​១ ឃុំ​គារ ស្រុក​មោងឫស្សី ។ លោក​ថា នៅ​ព្រឹក​កើតហេតុ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​នាំ​គ្នា​ទៅ​បើក​លុយ​ពី​ស្ត្រី​រូប​នេះ ដែល​កូនចៅ​ពួក​គាត់​ផ្ញើ​មក​ពី​ប្រទេស​ថៃ ។ ប៉ុន្តែ​បែរជា​ស្ត្រី​រូប​នេះ​បដិសេធ​មិន​ព្រម​បើក​ឲ្យ ទើប​លោក​រាយការណ៍​ទៅ​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ហើយ​លោក​ក៏​សម្រេច​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្ចាស់ផ្ទះ​នេះ​ជា​បណ្ដោះអាសន្ន​តែ​ម្ដង​ដើម្បី​សួរនាំ ។

ប្រជាពលរដ្ឋ​រាប់​សិប​នាក់​ដែល​កំពុង​ចោមរោម​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ពួក​គេ​ម្នាក់​ៗ​បាន​មក​បើក​លុយ​ដែល​កូនចៅ​ធ្វើ​កម្មករ​នៅ​ឯ​ប្រទេស​ថៃ​ផ្ញើ​មក​ឲ្យ តែ​ត្រូវ​ស្ត្រី​ម្ចាស់​ឈ្មោះ ជា សុ​ម៉ា​លី បដិសេធ​ថា​មិន​មាន​ទឹកប្រាក់​ដែល​ត្រូវ​ផ្ញើ​ពី​ប្រទេស​ថៃ​មក​ឲ្យ​ពួក​គាត់​ទេ ។ ពួក​គាត់​និយាយ​ថា អ្នក​មក​បើក​លុយ​ខ្លះ​មាន​ទឹកប្រាក់​ដែល​កូនចៅ​ខ្លួន​ផ្ញើ​មក​ឲ្យ​ដែរ តែ​ស្ត្រី​ម្ចាស់ផ្ទះ​នេះ​ហាក់​ព្យាយាម​គេច​វែ​ស​មិន​ព្រម​បើក​ឲ្យ​ឡើយ ក្រោម​ហេតុផល​ផ្សេង​ៗ​តាមតែ​ស្ត្រី​រូប​នេះ​ចង់​និយាយ ។

បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​បើក​លុយ​បាន​ប្រាប់​ថា មាន​អ្នកខ្លះ​ត្រូវ​កូនចៅ​ផ្ញើ​លុយ​មក​ឲ្យ​ច្រើន​ថ្ងៃ​ហើយ តែ​ស្ត្រី​រូប​នេះ​នៅ​តែ​គេច​វែ​ស​មិន​ព្រម​បើក ដោយ​សន្យា​ថ្ងៃនេះ ថ្ងៃ​នោះ​មិន​ឈប់ ។ ដូច្នេះ​ហើយ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២ មក​រា អតិថិជន​ទាំងអស់​លើកគ្នា​មក​តវ៉ា​ដល់​ខាង​មុខ​ផ្ទះ​ជា​ថ្មី ដើម្បី​សុំ​បើក​លុយ តែ​ម្ចាស់ផ្ទះ​នៅ​តែ​មិន​ព្រម ទើប​ពួក​គេ​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តែ​ម្ដង ។

ជុំវិញ​ករណី​នេះ កោះសន្តិភាព​មិន​ទាន់​ទទួល​បាន​ចម្លើយ​បំភ្លឺ​ពី​ស្ត្រី​ឈ្មោះ ជា សុ​ម៉ា​លី បែប​ណា​នៅឡើយ​ទេ ក្រោយ​ពី​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ។ រីឯ​សាច់ញាតិ​ស្ត្រី​រូប​នេះ​ក៏​មិន​ទាន់​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ដែរ រហូត​ដល់​ពេល​នេះ ប៉ុន្តែ​បើ​តាម​សមត្ថកិច្ច​ស្រុក​មោងឫស្សី​បាន​បង្ហើប​ឲ្យ​ដឹង​ថា បើ​តាម​ចម្លើយ​បឋម​ពី​អតិថិជន​ដែល​មានឈ្មោះ​ត្រូវ​បើក​លុយ​ពី​ស្ត្រី​ខាងលើ​នេះ គឺ​អាច​មាន​ទំហំ​ទឹកប្រាក់​រហូត​ដល់​រាប់​លាន​បាត​(​ប្រាក់​ថៃ​)​ឯណោះ ។ មន្ត្រី​ដដែល​បញ្ជាក់​ថា ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ទំនង​មិនមែន​ទើបនឹង​ផ្ញើ​មក​ក្នុង​ពេល​ថ្មី​ៗ​នេះ​ទេ គឺ​អាច​ផ្ញើ​មក​ជា​បន្តបន្ទាប់ តែ​ស្ត្រី​រូប​នេះ មិន​ព្រម​បើក​ឲ្យ​អតិថិជន​របស់​ខ្លួន ដែល​ទំនងជា​ចង់ស៊ី​ដាច់​ប្រាក់​អតិថិជន ។ នេះ​បើ​តាម​ការ​អះអាង​របស់​អតិថិជន​ដែល​កំពុង​ចោមរោម​បើក​លុយ ។

ទោះជា​យ៉ាងណា បើ​តាម​លោក​គិត ហ៊ា​ង អធិការ​ស្រុក​មោងឫស្សី បាន​ថ្លែង​ថា ស្ត្រី​ឈ្មោះ​ជា សុ​ម៉ា​លី ត្រូវ​បាន​ឃាត់ខ្លួន​តាម​បញ្ជា​លោក​នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដោយ​ជាប់​សង្ស័យ​ពី​បទ​«​ឆបោក​»​និង​បាន​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី ដើម្បី​សួរនាំ​មុន​ពេល​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់វិធានការ​តាម​នីតិវិធី​ច្បាប់ ។

តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​ពី​ក្រុមហ៊ុន​វី​ង បាន​ឲ្យ​ដឹង​ថា ករណី​នេះ​មិន​ពាក់ព័ន្ធ​នឹង​សេវា​ផ្ទេរ ប្រាក់​របស់​ក្រុមហ៊ុន​វី​ង​នោះ​ទេ តែ​អាច​ជា​ការ​ផ្ទេរ​ប្រាក់​មក​គណនី​ផ្ទាល់ខ្លួន​របស់​ស្ត្រី​ឈ្មោះ ជា សុ​ម៉ា​លី នេះ ។

តំណាង​ក្រុមហ៊ុន​វី​ង បាន​និយាយ​ថា ៖ « យើង​មាន​សេវា​ផ្ទេរ​ប្រាក់​ពី​ប្រទេស​ថៃ​មក​កម្ពុជា មែន ដោយ​ផ្ទេរ​ចូល​ក្នុង​កុង​ផ្ទាល់ខ្លួន​របស់​អតិថិជន ហើយ​អតិថិជន​ដែល​នៅ​កម្ពុជា​ទាំងនោះ អាច​ទៅ​បើកប្រាក់​នៅ​ភ្នាក់ងារ​វី​ង​ណាមួយ​ក៏​បាន មិន​ចាំបាច់​តែ​ទីតាំង​របស់​ស្ដ្រី​ខាងលើ​នោះ​ទេ ។ រឿង​នេះ ខ្ញុំ​គិត​ថា​អាច​ជា​ករណី​បុគ្គល​ដែល​មានគំនិត​មិនល្អ ព្រោះ​ប្រជាជន​ដែល​ត្រូវ​ទៅ​បើក​លុយ​នោះ ពួក​គាត់​អាច​ពុំ​មាន​កុង​ផ្ទាល់ខ្លួន​នោះ​ទេ ចំណែក​អ្នក​ផ្ទេរ​ប្រាក់​ពី​ប្រទេស​ថៃ អាច​ផ្ទេរ​ចូល​ក្នុង​កុង​របស់​ស្ត្រី​ឈ្មោះ ជា សុ​ម៉ា​លី នេះ » ៕