ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទាំង​ចម្លាក់​រូប​ព្រះ​លោកេស្វរៈ អាយុកាល​១​ពាន់​ឆ្នាំង ត្រូវ​ដង្ហែ​មក​ប្រាសាទបន្ទាយឆ្មារ​

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ផ្ទាំង​ចម្លាក់​រូប​ព្រះ​លោកេស្វរៈ​មាន​អាយុកាល​១.០០០​ឆ្នាំ ដែល​បាត់បង់​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨ ត្រូវ​បាន​ដង្ហែ​ពីសា​រម​នី្ទ​រ​ជាតិ​រាជធានី​ភ្នំពេញ មក​ដល់​ប្រាសាទបន្ទាយ​ឆ្មារ

ខេត្តបន្ទាយមានជ័យ ៖ ផ្ទាំង​ចម្លាក់​រូប​ព្រះ​លោកេស្វរៈ​មាន​អាយុកាល​១.០០០​ឆ្នាំ ដែល​បាត់បង់​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨ ត្រូវ​បាន​ដង្ហែ​ពីសា​រម​នី្ទ​រ​ជាតិ​រាជធានី​ភ្នំពេញ មក​ដល់​ប្រាសាទបន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២​កន្លង​មកនេះ ដើម្បី​ទៅ​ដាក់​នៅ​ទីតាំង​ដើម​ខាងលិច​ឈៀង​ខាងត្បូង បន្ទាប់​ពី​បាន​រៀបចំ​ពិធីបួងសួង​តាម​បែប​សាសនា​នៅ​សារមន្ទីរ​ជាតិ មុន​ដង្ហែ​មក​កាន់​ទីតាំង​ដើម​។

ក្នុង​ពិធី​ដង្ហែ​ផ្ទាំង​ចម្លាក់​រូប​ព្រះ​លោកេស្វរៈ​នោះ​ដែរ ក៏​មានការ​អញ្ជើញ​ចូលរួម​ដង្ហែ​ពី​លោក​ជំទាវ​ឧក​ញ៉ អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​ក៏ ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន លោក​ជំទាវ ញ៉ែ​ម សា​ខន ស​ខេ​ង លោក​ជំទាវ នេត្រ ភូ​ម៉ា​រី រដ្ឋលេខាធិកា​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ តំណាង​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មន្ត្រីរាជការ អាជ្ញាធរ​មូលដ្ឋាន​ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួម​យ៉ាងច្រើន​កុះករ​ផង​ដែរ​។

លោក ម៉ៅ ស៊ី ប្រធាន​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ បាន​ប្រាប់​ឱ្យ​ភ្នាក់ងារ​ទូរទស្សន៍​អាស៊ី​អា​គ្មេ​យ៍ ប្រចាំ​ខេត្តបន្ទាយមានជ័យ​ដឹង​ថា ផ្ទាំង​ចម្លាក់​រូប​ព្រះ​លោកេស្វរៈ​ទាំងអស់​សរុប​៨​ផ្ទាំង ៨​រូប តែ​មក​ដល់​បច្ចុប្បន្ន​នេះ ក្រោយ​ពី​យើង​យក​ចេញពី​សារមន្ទីរ​ជាតិ​២​រូប មក​ដាក់​នៅ​ទីតាំង​ដើម​ជញ្ជាំង​ប្រាសាទបន្ទាយឆ្មារ​ខាងលិច ឈៀង​ផ្នែក​ខាងត្បូង គឺ​មាន​ចំនួន​តែ​៦​រូប​ទេ ដោយ​យើង​បាត់បង់​អស់​ចំនួន​២​រូប​។

លោក យ៉ង់ តាំង​កួយ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ផ្ទាំង​ចម្លាក់​រូប​ព្រះ​លោកេស្វរៈ មាន​អាយុកាល​ប្រមាណ​១.០០០​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំងពី​ចុង​សតវត្ស​ទី ១២ ដើម​សតវត្ស​ទី​១៣ ម្ល៉េះ​។

មួយវិញទៀត លោក​ក៏​បាន​បញ្ជាក់​ថា ផ្ទាំង​ចម្លាក់​រូប​ព្រះ​លោកេស្វរៈ ត្រូវ​បាន​បាត់បង់​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨ ដោយ​ត្រូវ​ជន​ទុច្ចរិត លួច​គាស់​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ​។ ហើយ​នៅ​ឆ្នាំ​២០០០ រាជរដ្ឋាភិបាល​ថៃ​បាន​រក​ឃើញ ហើយ​ប្រគល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​វិញ ដាក់​តម្កល់​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ រហូត​មក​។

តែ​ដោយ​មានការ​ជួយ​ជ្រុំ​ជ្រែង​ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ឧបនាយករដ្ឋមន្ត្រី និង​លោក​ជំទាវ ក៏​បាន​ស្នើ​សុំ​ផ្ទាំង​ចម្លាក់​រូប​ព្រះ​លោកេស្វរៈ មក​ដាក់​នៅ​កន្លែង​ដើម​វិញ​។ សូម​ស្តាប់​ការ​បញ្ជាក់​របស់​លោក​យ៉ង់ តាំង​កួយ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តបន្ទាយមានជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ