ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​បន្ធូរ​ទឹកជំនន់​អាង​ទឹក​ទំនប់​បា​សាក់ បែរជា​មក​ជន់​លិច​ផ្សារ​ស្រុក​មោង​ឬ​ស្សី

1 ឆ្នាំ មុន
  • បាត់ដំបង

ជំនន់​ទឹកភ្លៀង​ដែល​មន្ត្រី​ជំនាញ​បើក​បង្ហូរ​ចេញពី​អាច​ស្ដុក​ទឹក «​ទំនប់​បា​សាក់​» នៅ​ស្រុក​រុក្ខ​គិរី បាន​និង​កំពុង​ជន់​លិចលង់​យ៉ាង​ខ្លាំង នៅ​ក្នុង​ទីប្រជុំជន​ស្រុក​មោង​ឬ​ស្សី ជា​ពិសេស

ខេត្តបាត់ដំបង ៖ ជំនន់​ទឹកភ្លៀង​ដែល​មន្ត្រី​ជំនាញ​បើក​បង្ហូរ​ចេញពី​អាច​ស្ដុក​ទឹក «​ទំនប់​បា​សាក់​» នៅ​ស្រុក​រុក្ខ​គិរី បាន​និង​កំពុង​ជន់​លិចលង់​យ៉ាង​ខ្លាំង នៅ​ក្នុង​ទីប្រជុំជន​ស្រុក​មោង​ឬ​ស្សី ជា​ពិសេស​ជន់​លិច​នៅ​ក្នុង «​ផ្សារ​មោង​ឬ​ស្សី​» តែ​ម្ដង នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ដោយសារ​ជំនន់​ទឹក​នេះ កក់ស្ទះ​ត្រឹម​ការដ្ឋាន​ស្ពាន​ផ្លូវជាតិ​លេខ​៥ ដែល​កំពុង​សាងសង់​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​រដ្ឋបាល​ស្រុក​មោង​ឬ​ស្សី​។

មន្ត្រី​ស្រុក​មោង​ឬ​ស្សី បាន​និយាយ​ថា ទឹកជំនន់​ដែល​កំពុង​លិចលង់​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅ​ក្នុងស្រុក​មោង​ឬ​ស្សី​ខាងលើ​នេះ គឺ​ដោយសារ​តែ​មន្ត្រី​ជំនាញ បាន​បើក​បង្ហូរទឹក​ចេញពី​អាង​ស្ដុក​ទឹក​នៅ «​ទំនប់​បា​សាក់​» ស្ថិត​នៅ​ឃុំ​ព្រែកជីក ស្រុក​រុក្ខ​គិរី ដែល​អាង​ស្ដុក​ទឹក​មួយ​នេះ​កំពុង​លិចលង់​ដែរ ដោយសារ​ទឹកភ្លៀង​។

មន្ត្រី​ដដែល​បាន​ប្រាប់​ថា គេ​បាន​បើក​បន្ធូរ​ទឹក​ចេញពី «​ទំនប់​បា​សាក់​» កាលពី​យប់​ថ្ងៃ​ទី​២៨ ខែកក្កដា បង្ហូរ​ទម្លាក់​មក​តាម​ដងស្ទឹង​មោង រហូត​មក​ដល់​កណ្ដាល​ទីប្រជុំជន ស្រុក​មោង​ឬ​ស្សី ហើយ​ទឹក​ក៏​កកស្ទះ​ត្រឹម​ស្ពាន​ផ្លូវជាតិ​លេខ​៥ ដែល​គេ​កំពុង​សាងសង់​។ ការដ្ឋាន​ស្ពាន​ដែល​កំពុង​សាងសង់​នោះ បើកមុខ​ទឹក​ហូរ​តូច​ពេក រំដោះ​ទឹក​មិន​ទាន់ ទើប​ធ្វើ​ឲ្យ​កម្លាំង​ទឹក​ហូរហៀរ​បែកធ្លាយ​តាម​ប្រព័ន្ធ​លូ ហូរ​លើ​ផ្លូវ​ចេញ​ទៅ​តាម​ភូមិ និង​ជន់​លិច​ពេញ​ក្នុង «​ផ្សារ​មោង​ឬ​ស្សី​» តែ​ម្ដង​។

អភិបាលស្រុក​មោង​ឬ​ស្សី លោក ទេព ហន ត្រូវ​បាន​គេ​ស្រង់​សំដី​ពាក់ព័ន្ធ​នឹង​ទឹកជំនន់​នេះ​ថា ទឹកជំនន់​ដែល​លិចលង់​ផ្សារ​មោង​ឬ​ស្សី លំនៅ​ឋាន និង​ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋបាល​ស្រុក របស់​លោក​នេះ គឺជា​ជំនន់​ទឹក​ដែល​បាន​បង្ហូរ​ចេញពី «​ទំនប់​បា​សាក់​» នៅ​ប៉ែក​ខាងលើ នៃ​ស្រុក​រុក្ខ​គិរី​។

លោក​អភិបាល​បាន​និយាយ​ថា ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ស្ទើរ​រាល់ថ្ងៃ ទើប​ធ្វើ​ឲ្យ​ទឹក​នៅ​ក្នុង «​ទំនប់​បា​សាក់​» ហក់​ឡើង​ខ្លាំង​។ ដូច្នេះ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ដែល​គ្រប់គ្រង​អាង​ស្ដុក​ទឹក​ដ័​រ​ធំ​សម្បើម​មួយ​នេះ ត្រូវ​តែ​បើក​បង្ហូរ​ចេញ​ខ្លះ ចៀសវាង​បង្ក​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​ដល់​សំណង់​(​ទំនប់​)​។ ប៉ុន្តែ​នៅ​ពេល​កម្លាំង​ទឹក​ហូរ​តាម​ដងស្ទឹង​មក​ដល់​ស្រុក​មោង​ឬ​ស្សី ក៏​ស្ទះ​ត្រឹម​ការដ្ឋាន​សាងសង់​ស្ពាន​ផ្លូវជាតិ​លេខ​៥ ចំ​កណ្ដាល​ស្រុក​មោង​ឬ​ស្សី ដោយសារ​តែ​ស្ពាន​ដែល​ក​ពុង​សាងសង់​នោះ បើកមុខ​ទឹកតូច​ពេក​ត្រឹម​១​ភាគ​៣ នៃ​មុខទឹក​។

លោក ទេព ហន បាន​បញ្ជាក់​ដែរ​ថា លោក​បាន​ស្នើ​សុំ​អន្តរា​គម​ន៏​ពី​ថ្នាក់លើ មន្ត្រី​ជំនាញ និង ក្រុមហ៊ុន​សាងសង់​ស្ពាន ដើម្បី​ជួយ​សម្រួល​បើកមុខ​ទឹក​បន្ថែម​នៅ​កន្លែង​ការដ្ឋាន​ស្ពាន​ឲ្យ​ទឹក​ហូរ​បាន​លឿន តែ​មិន​ទាន់​ទទួល​បាន​ចម្លើយ​ពី​ថ្នាក់លើ ឬ​មន្ត្រី​ជំនាញ​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា នេះ​។

លោក​បាន​បន្ថែម​ថា ពេល​នេះ​ជំនន់​ទឹកបាន​និង​កំពុង​ជន់​លិច​ផ្សារ​មោង លិច​លំនៅ​ឋាន​មួយ​ចំនួន លិច​មន្ទីរពេទ្យ​បង្អែក​ស្រុក លិច​សាលាស្រុក និង​លិច​ផ្លូវថ្នល់​មួយ​ចំនួន​ផង ហើយ​បើ​មេឃ​នៅ​តែ​មាន​ធ្លាក់​ភ្លៀង​នៅ​ប៉ែក​ខាងលើ​បន្ថែម​ទៀត ជំនន់​ទឹកភ្លៀង​នេះ រដ្ឋបាល​ស្រុក​មោង​ឬ​ស្សី ប្រឈម​មហន្តរាយ​កាន់តែ​ខ្លាំង​ហើយ​។ ប៉ុន្តែ​យ៉ាងណា បើ​តាម​សេចក្ដីរាយការណ៍​ចុង​ក្រោយ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា នេះ កំពស់​ទឹក​នៅ​ក្នុង​អាង​ស្ដុក​ទឹក «​ទំនប់​បា​សាក់​» បាន​ថយ​ចុះ​ច្រើន​ហើយ តែ​វា​នឹង​ហក់​ឡើង​វិញ ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​បន្ថែម​នៅ​ប៉ែក​ខាងលើ​ៗ នៃ​តំបន់​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ