បរិស្ថាន​ក្នុង​ផ្សារ​ស្រុក​ស្ទោង តែ​កំពុង​តែ​បង្អួត​សម្រស់​សំរាម…!


ខេត្តកំពង់ធំ ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងស្រុក​ស្ទោង​ខេត្តកំពង់ធំ នាំ​គ្នា​និយាយ​រិះគន់​ថា លោក ព្រឹម រ​ដ្ឋា អភិបាលស្រុក​ស្ទោង​អសមត្ថភាព​ណាស់ គំនរ​សំរាម​នៅ​ក្នុង​ផ្សារ​ស្រុក​ស្ទោង​រាប់​ឆ្នាំ​មក​ហើយ​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខុមាលភាព​ប្រជាពលរដ្ឋ ចំណែក​អាជ្ញាធរ​ស្រុក​មិន​មាន​ចំណាត់ការ​សោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ខូច​បរិស្ថាន និង​សុខភាព​មនុស្ស សត្វ​។ ជុំវិញ​បញ្ហា ករណី​សំរាម​នៅ​ក្នុង​ផ្សារ​ស្ទោង​នេះ ប្រជាពល រដ្ឋ​ដែល​ប្រកប​របរ​លក់​បន្លែ​នៅ​ទីនោះ​បាន​នាំ​គ្នា​សំណូមពរ​ដល់ អ្នកម៉ៅការ​ភាស៊ី​ផ្សារ និង​អាជ្ញាធរ​ស្រុក​ស្ទោង​ជួយ​មាន​វិធានការ​ចំពោះ​សំរាម​ទាំង​អស់នេះ​ផង ពីព្រោះ​វា​កំពុង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ជា​ពិសេស​កូនចៅ​តូច​ៗ​របស់​ពួក​គាត់ ខណៈ​ដែល​ជីវភាព​ក្រីក្រ​ហើយ​នាំ​គ្នា​មក​ចង​អង្រឹង​យោល​កូន និង​លក់​បន្លែរ​នៅ​ទី​នេះ​។

លោក ន​ង ស៊ី​ថា អ្នកម៉ៅការ​ភាស៊ី​ផ្សារ​ស្រុក​ស្ទោង​ប្រាប់​ថា លោក​ក៏​មាន​ផល​លំបាក​ជា​ខ្លាំង​ចំពោះ​រឿង​សំរាម​នេះ ទី​១.​បងប្អូន​អាជីវករ​មិន​ចូលរួម កន្លែង​ធ្វើ​សម្រាប់​ទុក​ឲ្យ​ពួក​គាត់​យក​សំរាម​ទៅ​ចោល គាត់​មិន​ទៅ​ចោល​ទេ​នាំ​គ្នា​យក​មក​បោះចោល​ទី​នេះ​វា​ជិត មាន​អ្នក​មក​ពី​ឆ្ងាយ​ឯណា​មក​ចោល គឺ​មាន​តែ​ពួក​គាត់​នៅ​ក្នុង​ផ្សារ​នេះឯង​។ ទី​២.​ផ្លូវ​ចូល​ផ្សារ​ទទឹង​៣​ម៉ែត្រ នាំ​គ្នា​ឃុបឃិត​គ្នា​លក់​តូប​ធ្វើ​ឲ្យ​ផ្លូវ​ចូល​ផ្សារ​តូច​ចង្អៀត គ្រាន់តែ​រ៉ឺ​ម៉ក​ចូល​ដឹក​សំរាម​ក៏​ចូល​មិន​រួច​ផង បញ្ហា​សំរាម​នេះ​ទាល់​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ឃុំ ស្រុក​ផង​ទើប​យើង​អាច​រក​ដំណោះស្រាយ​បាន បើ​ទម្លាក់​កំហុស​លើ​តែ​ខាង​លោក​តែ​មួយ​ក៏​មិន​ត្រូវ​តែ​ដែរ​។

លោក ព្រឹម រ​ដ្ឋា អភិបាលស្រុក​ស្ទោង នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០១៧ កោះសន្តិភាព ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ពីព្រោះ​ទូរស័ព្ទ​ដៃ​របស់​លោក​ខ​ល​មិន​ចូល​។ លោក ឆូ​យ កុសល អភិបាលរង​ស្រុក​ស្ទោង ប្រាប់​ថា ចំពោះ​បញ្ហា​សំរាម​នៅ​ក្នុង​ផ្សារ​ស្ទោង​នេះ កន្លង​មក​អាជ្ញាធរ​បាន​ណែនាំ​ដល់​អាជីវករ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ តែ​ក្រុម​អាជីវករ​មិន​ស្តាប់​នៅ​តែ​នាំ​គ្នា​យក​មក​បោះចោល​នៅ​ទីកន្លែង​នេះ​ដដែល​។ ចំណែក​អាជ្ញាធរ​រក​ទីតាំង​ចាក់សំរាម​បាន​ហើយ​នៅ​ខ្វះ​តែ​ខាង​ដៃគូ​ប្រមូល​យក​ទៅ​ចោល​ប៉ុណ្ណោះ ហើយ​លោក​ក៏​មិន​បាន​ប្រាប់​ថា ពេល​ណា​ទើប​រក​ដៃគូ​បាន​នោះ​ដែរ ចម្លើយ​នេះ​ហាក់ដូចជា​ឆ្លើយ​យក​តែ​រួចខ្លួន​៕

បរិស្ថាន

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ