ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ម៉ូតូ​ពី​ស្រុក​ប​វេ​ល ឆ្លងខេត្ត​ទៅ​សម្ងំ​លាក់ខ្លួន​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត ចុង​ក្រោយ​គេច​មិន​ផុត

1 ឆ្នាំ មុន
  • បាត់ដំបង

ជនសង្ស័យ​ម្នាក់​ដែល​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង​ពី​ស្រុក​ប​វេ​ល​នោះ ត្រូវ​បាន​កម្លាំង​ស្នងការ​ខេត្ត និង​កម្លាំង​មូលដ្ឋាន តាម​ចាប់ខ្លួន​បាន​ហើយ​នៅ

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ដែល​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង​ពី​ស្រុក​ប​វេ​ល​នោះ ត្រូវ​បាន​កម្លាំង​ស្នងការ​ខេត្ត និង​កម្លាំង​មូលដ្ឋាន តាម​ចាប់ខ្លួន​បាន​ហើយ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២ ដោយ​មាន​កិច្ចសហការ​ពី​កម្លាំង​នគរបាល​មូលដ្ឋាន​ផង​ដែរ​។

លោក សុខ សា​រិ​ន អធិការ​ស្រុក​ប​វេ​ល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ផល រិ​ទ្ធិ ហៅ ខ្លា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ​។ ជន​នេះ​ត្រូវ​កម្លាំង​របស់​លោក សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្តបាត់ដំបង តាម​ចាប់ខ្លួន​បាន​ដល់​ក្រុង​ប៉ោយ​ប៉ែ​ត បន្ទាប់​ពី​លួច​ម៉ូតូ​នៅ​ស្រុក​ប​វេ​ល ហើយ​ជិះ​គេចខ្លួន​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ទីនោះ​។

លោក​បាន​បញ្ជាក់​ថា កិច្ច​ប្រតិបត្តិការ​នេះ ក៏​មាន​កិច្ចសហការ​ពី​កម្លាំង​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត ផង​ដែរ ហើយ​បាន​នាំ​ខ្លួន​ជន​នេះ​មក​កាន់​ស្នងការ​ខេត្ត ចាត់ការ​តាម​នីតិវិធី​។ ជនសង្ស័យ​រូប​នេះ​មានឈ្មោះ ផល រិ​ទ្ធិ ហៅ ខ្លា ត្រូវ​បាន​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ពាក់​ស្លាក​លេខ កំពង់ចាម 1AB-7749 របស់​ជន​រង​គ្រោះ​ឈ្មោះ ឆុ​ន រី​ម​ឆេ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ស្នាក់​នៅ​ភូមិប​វេ​ល​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល កាលពី​យប់​ថ្ងៃ​ទី​២៧ ខែកក្កដា​។ ក្រោយ​ពី​លួច​បាន​ម៉ូតូ ជន​នេះ​បាន​ជិះ​គេចខ្លួន​ទៅ​សម្ងំ​លាក់ខ្លួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។

កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្តបាត់ដំបង និង កម្លាំង​ជំនាញ​អធិការ​ស្រុក​ប​វេ​ល បាន​ធ្វើការ​ស្រាវជ្រាវ រហូត​កំណត់​មុ​ស​សញ្ញា​បាន និង​កន្លែង​លាក់ខ្លួន​របស់​ជនសង្ស័យ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ទើប​លោកស្នងការ​បញ្ជា​ឲ្យ​កម្លាំង​ការិយាល័យ​ជំនាញ​ទៅ​កាន់​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ ដោយ​មាន​កិច្ចសហការ​ពី​កម្លាំង​ក្រុង​ប៉ោយ​ប៉ែ​ត​ផង​ដែរ​។

បើ​តាម​របាយការណ៍ នៃ​កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ ជាមួយនឹង​ការ​ឃាត់ខ្លួន​ជន​ដៃដល់​ឈ្មោះ ផល រិ​ទ្ធិ ហៅ ខ្លា កម្លាំង​ជំនាញ​ដកហូត​បាន​ម៉ូតូ​ចំនួន​០២​គ្រឿង​ពី​ជនសង្ស័យ ក្នុង​នោះ​មួយ​គ្រឿង​ជា​ម៉ូតូ​ជន​រង​គ្រោះ ដែល​ជន​នេះ​លួច​យក​ទៅ​ពី​ស្រុក​ប​វេ​ល​។

លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ប្រាប់​ថា ពេល​នេះ​កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនសង្ស័យ​មក​កាន់​ការិយាល័យ​ជំនាញ​ហើយ និង​កំពុង​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ