ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ចិញ្ចឹម​ត្រី​ស្ពុង​ច្រើន​គ្រួសារ​ លើកគ្នា​តវ៉ា ​រឿង​លួច​ចាក់ដី ​ធ្វើ​ឱ្យ​ងា.ប់ត្រីស្ទើរគ្មាន​សល់​

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កសិករ​ចិញ្ចឹម​ត្រី​ស្ពុង​ជា​ច្រើន​គ្រួសារ​ដែល​មា​នទី​តាំងនៅ​ចំណុច​ព្រែក​៣ ភូមិ​១ ក្នុង​

ខេត្តព្រះសីហនុ ៖ កសិករ​ចិញ្ចឹម​ត្រី​ស្ពុង​ជា​ច្រើន​គ្រួសារ​ដែល​មា​នទី​តាំងនៅ​ចំណុច​ព្រែក​៣ ភូមិ​១ ក្នុង​ឃុំ​ទំនប់​រលក ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ​កាលពី​រសៀល​ថ្ងៃ​ទី ២៩ ខែកក្កដា​ឆ្នាំ ២០២២ ​កន្លង​មក​នេះ បាន​មក​ប្រមូលផ្ដុំ​គ្នា​ជួបជុំ​តវ៉ា​នៅ​មុខ​អាជ្ញាធរ​ស្រុក​ ដែល​បាន​ចុះ​មក​ពិនិត្យ​ទីតាំង​ចាក់​ដី​មួយ​កន្លែង​នៅ​ចំណុច​ព្រែក​៣​ខាងលើ​ដែល​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ឃុបឃិត​គ្នា​លួច​ចាក់​ដី​ធ្វើ​ឲ្យ​ពេល​ភ្លៀង​ម្ដង​ៗ​ទឹក​ហូរ​នាំ​ល្បាយ​ភក់​ហូរ​ចូល​ទៅ​ក្នុង​ព្រែក​៣​ដែល​ត​ភ្ជាប់​ទៅ​ក្នុង​សមុទ្រ​ជា​កន្លែង​ដែល​ពួក​គាត់​ធ្វើ​បែរ​ចិញ្ចឹម​ត្រី​ឆ្ពុង ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ត្រី​ដែល​ពួក​គាត់​កំពុង​ចិញ្ចឹម​ងា.ប់​ស្ទើរ​គ្មាន​សល់​។

លោក អេ​ង​ឡាយ ជា​តំណាង​ឲ្យ​ប្រជា​កសិករ​ប្រកប​របរ​ចិញ្ចឹម​ត្រី​ឆ្ពុង​នៅ​ទីតាំង​ខាងលើ​បាន​​ឱ្យ​ដឹង​ថា​ រូប​លោក​ក៍​ដូច​ជា​ប្រជា​កសិករ​ជា​ច្រើន​គ្រួសារ​ ដែល​ប្រកប​របរ​ចិញ្ចឹម​ត្រី​ឆ្ពុង​នៅ​តាម​ដងព្រែក​៣​ បើ​គិត​ពី​រយៈពេល​ប្រមាណ​ជាង៥ឆ្នាំ​កន្លង​មក​ហើយ ​។ ​លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ តាំងពី​ចាប់ផ្តើម​ចិញ្ចឹម​ត្រី​ឆ្ពុង​មក​ដល់​ពេល​នេះ​ពុំដែល​មាន​បញ្ហា​ត្រី​ងា.ប់​ទ្រង់ទ្រាយ​ធំ​បែប​នេះនោះ​ទេ ទើបតែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ដោយសារ​តែ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​គេ​ឃុបឃិត​គ្នា​ លួច​ចាក់​ដី​រំលោ.ភ​យក​ដី​ចំណី​ព្រែក​នៅ​ផ្នែក​ខាងលើ​ក្នុង​ព្រៃកោងកាង​ពេល​ភ្លៀង​ធ្លាក់​ម្តង​ៗ ​ទឹក​ហូរ​ចូល​ព្រែក​ដែល​ពួក​គាត់​ចិញ្ចឹម​ត្រី​ឆ្ពុង​ធ្វើ​ឲ្យ​ត្រី​ឆ្ពុង​ដែល​កំពុង​ចិញ្ចឹម​ក្នុង​បែរងា.ប់​ពេញ​ក្នុង​បែរ​ទាំងអស់​។

លោក អេ​ង ឡាយ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ គ្រួសារ​លោក​មាន​គ្នា​បី​នាក់​បងប្អូន​ចិញ្ចឹម​ត្រី​១៥​បែរ​។​ក្នុង​មួយ​បែរ​ៗ​មាន​១៦​ប្រឡោះ ហើយ​ក្នុង​នោះ​មួយ​ប្រឡោះ​ៗ​ដាក់​កូន​ត្រី​ឆ្ពុង​ចំនួន​១៥០០​កូន​ត្រី បើ​សរុប​កូន​ត្រី​ដែល​កំពុង​តែ​ចិញ្ចឹម​ទាំងអស់​មាន​ជាង​៣០០០០ កូន​ត្រី​ឆ្ពុង​។ ​ប៉ុន្តែ​ឥឡូវនេះ​បន្ទាប់​ពី​មាន​គេ​លួច​ចាក់​ដី​រំលោ.ភ​យក​ចំណី​ព្រែក​ធ្វើ​ឲ្យ​ទឹក​ក្នុង​ព្រែក​ល្អក់​កូន​ត្រី​ឆ្ពុ​ងរបស់​ពួក​គាត់​បាន​ងា.ប់​ជា​ច្រើន​ក្បាល​ បើ​តាម​ការ​ប៉ាន់​ប្រមាណ​អស់​ជិត ៥០%​ហើយ​ពេល​នេះ​។

លោក អេ​ង ឡាយ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ក្រៅពី​បងប្អូន​លោក​ទាំង​៣​នាក់​គឺ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ទៀត​បាន​ប្រកប​របរ​ចិញ្ចឹម​ត្រី​ឆ្ពុង​ដូច​ជា​រូប​លោក​ដែរ ហើយ​មួយ​រយៈ​នេះ​ក៏​រង​គ្រោះ​ដោយសារ​ទឹក​ហូរ​ពី​កន្លែង​ចាក់​ដី​ខាងលើ​នាំ​កាក​សំណល់​ដី​ដែល​គេ​ចាក់​នោះ​ប៉ះពាល់​ដល់​ត្រី​ពួក​គាត់​ធ្វើ​ឲ្យ​ងា.ប់​ជា​ច្រើន​ម៉ឺន​ក្បាល​ផង​ដែរ​។

ប្រជា​កសិក​ដែល​កំពុង​ប្រកប​របរ​ចិញ្ចឹម​ត្រី​ឆ្ពុង​នៅ​ទីតាំង​ខាងលើ​ស្នើ​សុំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​មាន​វិធានការ​ចំពោះ​អ្នក​ចាក់​ដី​តាម​ដងព្រែក​ខាងលើ​ជា​បន្ទាន់​ដើម្បី​បញ្ជៀ​ស​ផល​ប៉ះពាល់​បង្ករ​ឲ្យ​ងាប់​ត្រី​របស់​ពួក​គាត់​បន្ត​ទៀត​។

លោក​គី​ម ចំរើន​ សង្កាត់​រដ្ឋបាល​ជលផល​ស្រុក​ស្ទឹង​ហាវ ​និង​លោក អ៊ុ​ង ឆា​លី អភិបាលរង​ស្រុក​ស្ទឹង​ហាវ ដែល​ដឹកនាំ​ក្រុម​ការ​ចំរុះ​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ​ចុះ​ដល់ទី​តាំង​ដែល​ជន​មិន​ស្គ​ល់​អត្តសញ្ញាណ​បាន​លួច​ចាក់​ដី​រំលោ.ភ​យក​ដី​ចំណី​ព្រែក​ដែល​មាន​ព្រៃកោងកាង​ដុះ​អម​ដងព្រែក​ផង​នោះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ដូច​គ្នា​ថា​ ៖ សង្កាត់​រដ្ឋបាល​ជលផល​និង​រដ្ឋបាល​ស្រុក​ស្ទឹង​ហាវ​និង​បន្ត​បើក​ការ​ស្វែងរក​អត្តសញ្ញាណ​អ្នក​ដែល​បាន​ធ្វើ​សកម្មភាព​ចាក់​ដី​រំលោ.ភ​យក​ដី​ចំណី​ព្រែក​ ដើម្បី​មាន​វិធានការ​ទៅ​តាម​ផ្លូវច្បាប់​និង​ឲ្យ​កាយ​យក​ដី​ចេញពី​ព្រែក​វិញ​បំពេញ​តាម​សំណូមពរ​របស់​ប្រជា​កសិករ​ដែល​ជា​ម្ចាស់​បែរ​ចិញ្ចឹម​ត្រី​ក្នុង​ទីតាំង​ខាងលើ​ឡើង​វិញ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ