ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន ឈុ​ន​ហេង យក​ការងារ​សំណង់​ធ្វើ​ឆ្នាំងបាយ​ជំនួស​ប្រដាល់​ទៀត​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​កត់​សម្គាល់ថា កីឡាករ​ជើង​ខ្លាំង​បាន​បាត់​មុខ​ពីលើ​សង្វៀន​ប្រដាល់​ច្រើន​ឡើង ខណៈ​ដែល​ការ​បាត់​មុខ​ហាក់​ធ្វើ​ឱ្យ​មហាជន​សង្វេគ​ចិត្តជា​ខ្លាំង​បន្ទាប់​ពី​មាន​ដំណឹង​ថា កីឡាករ​ល្អ​ៗ​

រាជធានី​ភ្នំពេញ ៖ ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​កត់​សម្គាល់ថា កីឡាករ​ជើង​ខ្លាំង​បាន​បាត់​មុខ​ពីលើ​សង្វៀន​ប្រដាល់​ច្រើន​ឡើង ខណៈ​ដែល​ការ​បាត់​មុខ​ហាក់​ធ្វើ​ឱ្យ​មហាជន​សង្វេគ​ចិត្តជា​ខ្លាំង​បន្ទាប់​ពី​មាន​ដំណឹង​ថា កីឡាករ​ល្អ​ៗ​ទាំងនោះ​បាន​ធ្លាក់ខ្លួន​ជ្រើស​យក​ការងារ​សំណង់​ធ្វើ​ជា​ត្រីមុខ ។ មុន​នេះ​មានការ​ទម្លាយ​ថា ជើង​ខ្លាំង ឡេះ តើក បាន​ក្លាយជា​កម្មករ​សំណង់​ហើយ​ពេល​នេះ​កីឡាករ​ជើង​ខ្លាំង​អន ឈុ​ន​ហេង បាន​ក្លាយជា​សមាសភាព​ថ្មី​ដែល​ត្រូវ​ចាប់​យកមុខ​របរ​សំណង់​ម្នាក់​ទៀត ។

លោក​អះអាង​ថា ខ្លួន​លែង​ចង់​ឡើង​ប្រដាល់​ទៀត​ហើយដោយ​សារ​តែ​ឡើង​រេញ​ម្ដង​ៗ​ឈឺខ្លួន​ច្រើន​ថ្ងៃ ហើយ​មិន​អាច​ធ្វើ​សំណង់​បាន​ជាប់លាប់​ដែល​តម្រូវ​ដោយ​ម្ចាស់​ការដ្ឋាន ទើប​ខ្លួន​ចាត់​ទុក​ការ​ប្រដាល់​ជា​មុខរបរ​ទី​២​វិញ ។

កីឡាករ អន ឈុ​ន​ហេង និយាយ​ថា ដោយសារ​តែ​ការ​ប្រដាល់​យូរ​ៗ​ទើប​មានការ​ផ្គូផ្គង​ម្ដង​បាន​ធ្វើ​ឱ្យ​លោក​ងាក​ទៅ​ចាប់អារម្មណ៍​សំណង់​ធ្វើ​ជា​ជំនាញ​ឆ្នាំងបាយ​វិញ​ដើម្បី​ដោះ​ទ័ល ។ អាជីព​សំណង់​ដ្បិតថា​ហត់​តែ​មិន​ឈឺខ្លួន ឬ​ត្រូវ​ដេក​ថ្ងូរ​ដូច​ពេល​ឡើង​វ៉ៃ​នោះ​ទេ ហើយ​បើ​និយាយ​ពី​ប្រាក់​ចំណូល​វិញ​ក៏​ជាប់លាប់​ជាង​ការ​ប្រដាល់​ដែរ ទើប​លោក​សម្រេចចិត្ត​ធ្វើ​សំណង់​ដើម្បី​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​លុះត្រាតែ​មានការ​ផ្គូផ្គង​ទើប​ត្រលប់​មក​ហ្វឹកហាត់ និង​ឡើង​ប្រដាល់​វិញ ។

លោក​ថា ការងារ​សំណង់​ដែល​លោក​ប្រឡូក​ជាប់លាប់ គឺ​ការងារ​ជា​កូនជាង​ផ្នែក​អគ្គិសនី​សំណង់ និង​កម្មករ​សំណង់​បើ​ទោះជា​ការងារ​ទាំងនោះ​ទទួល​បាន​កម្រៃ​មិន​ច្រើន​ដូច​គ្នា​នឹង​ឡើង​ប្រដាល់​មួយ​លើក​ក្ដី ។ ក្នុង​មួយ​ខែ​លោក​មានឱកាស​បាន​ឡើង​ប្រកួត​តែ​២​ដង​ប៉ុណ្ណោះ ដោយ​ក្នុង​ខែ​ខ្លះ​គឺ​មិន​មានការ​ផ្គូផ្គង​ក៏​មាន​ដែរ ទើប​ការងារ​សំណង់​ជា​មុខសញ្ញា​តែ​មួយ​ដែល​លោក​អាច​ទប់​ចំណូល​ដែល​ត្រូវការ​ប្រចាំ​ថ្ងៃ​បាន ។ លោក​ថា ក្នុង​ការ​ឡើង​ប្រដាល់​មួយ​លើក​លោក​ទទួល​បាន​ប្រាក់​តែ​រង្វង់​ជាង​៣០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល​ប៉ុណ្ណោះ ខណៈ​ដែល​ប្រាក់​តម្លៃ​ខ្លួន​ទាំងនោះ​ក៏​ត្រូវ​បែងចែក​អ្នក​ឱ្យ​ទឹក និង​គ្រូបង្វឹក​ទៀត​គឺ​មិន​សល់​ច្រើន​នោះ​ទេ ។ លោក​មិន​ទាន់​រាប់​បញ្ចូល​ថ្លៃ​មើលខ្លួន​ក្រោយ​ពេល​ប្រដាល់​ដែល​តម្រូវ​ឱ្យ​លោក​បែងចែក​ចំណូល​ដែល​បាន​ពី​ការ​ប្រដាល់​មិន​អាច​បំពេញតម្រូវការ​បាន​នោះ​ផង ។ លោក​ថា ភរិយា​មិន​ឱ្យ​លោក​បន្ត​ការ​ប្រដាល់​ច្រើន​លើក​មក​ហើយ ដោយសារ​តែ​ការ​ឡើង​ប្រដាល់​មួយ​លើក​ៗ ត្រូវ​ខាត​ថ្ងៃ​ធ្វើ​សំណង់​យូរ​ៗ​ពិបាក​ស្វែងរក​កន្លែង​ធ្វើ ។

ចំពោះ​រឿង​ប្រដាល់​លុះត្រាតែ​មានការ​ផ្គូផ្គង​ទើប​សម្រេចចិត្ត​ឡើង​តែ​ក៏​មិនសូវ​ចង់​ឡើង​ប៉ុន្មាន​ដែរ ដោយសារ​តែ​មុន​ពេល​ឡើង​យ៉ាង​ហោច​ក៏​ផ្អាក​ធ្វើ​សំណង់​ដាច់​លុយ​អស់​មួយ
អាទិត្យ​ដើម្បី​ហ្វឹកហាត់ ហើយ​ក្រោយ​ចុះ​ពី​រេញ​ក៏​ត្រូវ​សម្រាក​មើលខ្លួន​យ៉ាង​ហោច​មួយ​អាទិត្យ​ទៀត​ទម្រាំ​តែ​អាច​ទទួល​ធ្វើ​សំណង់​ទៀត​បាន ។

លោក​បង្ហាញ​ភាព​ស្ទាក់ស្ទើរ​បន្ទាប់​ពី​អាជីព​ប្រដាល់​លែង​ជា​ជម្រើស​ទី​១​របស់​ខ្លួន​ហើយ​ក៏​បាន​បង្ហាញ​ថា ជីវិត​ក្រៅ​កីឡា​របស់​អ្នក​ប្រដាល់​ល្បី​ៗ គឺ​សុទ្ធតែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ។ លោក​និយាយ​ថា អត់​ដឹង​ពេល​ណា​នឹង​ឡើង​បង្ហាញមុខ​លើ​សង្វៀន​ទៀត​នោះ​ទ ដោយសារ​តែ​រាល់ថ្ងៃ​ឱ្យ​តែ​ខានធ្វើ​សំណង់​គឺ​មក​វិញ​ពិបាក​រក​កន្លែង​ធ្វើ ហើយ​បើ​ចេះ​តែ​សុំ​ឈប់​ច្រើន​ក៏​កន្លែង​សំណង់​ផ្សេង​ៗ​មិន​ចង់​ទទួល​ដែរ ។ លោក​ថា សំណង់​គឺជា​ប្រភព​បង់ថ្លៃ​ផ្ទះ​ជួល និង​តម្រូវការ​លើ​កូន​ប្រពន្ធ​របស់​ខ្លួន ប៉ុន្តែ​មិន​មាន​ន័យ​ថា​លោក​ចង់​លា​ចេញពី​ការ​ប្រដាល់​នោះ​ទេ គឺ​គ្រាន់តែ​លោក​យល់​ថា​ស្ថានភាព​រស់នៅ​របស់​លោក​នៅ​ក្នុង​ពេល​នេះ​មាន​ភាព​ស្មុគស្មាញ​ពិបាក​មាន​ពេល​ហ្វឹកហាត់ និង​ឡើង​រេញ​បាន​ច្រើន​ដូច​អំឡុង​ពេល​មុន​ប៉ុណ្ណោះ ។ លោក​ថា សំណង់​ក្នុង​មួយ​ថ្ងៃ​យ៉ាង​ហោច​ណាស់​ក៏​បាន​២​ម៉ឺន​រៀល​ដែរ​ហើយ​បើ​ធ្វើ​ជាមួយ​មេ​ល្អ​ៗ គឺ​បាន​២៥.០០០​ទៅ​២៨.០០០​រៀល ដែល​ជា​ចំនួន​គួរសម​ផង​ដែរ នៅ​ពេល​ធ្វើ​បាន​ជាប់លាប់​ហើយ​មិនសូវ​ឈប់​ឱ្យ​មេ​កាត់​លុយ ។

លោក​ថា ការ​ប្រដាល់​ខ្លួន​នៅ​តែ​ស្រឡាញ់​តែបើ​ឱ្យ​ឡើង​ប្រដាល់​ហើយ​ត្រូវ​ខ្ចី​លុយ​គេ​ដើម្បី​បំប៉ន​ខ្លួន​ហ្វឹកហាត់ លោក​ថា ជា​រឿង​ពិបាក​របស់​ជីវភាព ។ លោក​ថា ខ្លួន​ត្រូវ​រក​ប្រាក់​ឱ្យ​បាន​រាល់ថ្ងៃ​ក្នុង​ពេល​តម្រូវការ​លើ​ម្ហូបអាហារ ថ្លៃ​ផ្ទះ​ជួល និង​ការ​ចំណាយ​លើ​ភរិយា​ដែល​មិន​អាច​ចេះ​តែ​ពី​បំពេញ​បំណង​ចង់​ប្រដាល់ ហើយ​ឱ្យ​ប្រពន្ធ​កូន​ដាច់​បាយ​ទៀត​ទេ ។ លោក​ថា ក្នុង​ពេល​ប្រឡូក​ប្រដាល់​ជា​ប្រចាំ លោក​ថា​ពេល​ខ្លះ​ប្រឈម​នឹង​ការ​ខ្វះខាត​ច្រើន​ដោយសារ​តែ​ប្រដាល់​ដ្បិតថា​បាន​លុយ​៣០​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល ប៉ុន្តែ​ហុច​លិច​ហុច​កើត​គឺ​សល់​ដល់​ផ្ទះ​តែ​ប្រមាណ​២០​ម៉ឺន​រៀល​ក្នុង​មួយ​លើក ហើយ​មិន​ដែល​រួច​ផុត​ពី​ឈឺខ្លួន​នោះ​ទៅ​ទៀត ។ ក្រៅពី​អាជីព​សំណង់ លោក​ត្រូវ​ឆ្លៀត​ជួយ​កិច្ចការ​ផ្ទះ​ទៀត​ទើប​លោក​បញ្ជាក់​ថា វា​ពិបាក​បើ​លោក​ចប់​ម៉ោង​សំណង់​ហើយ​ទៅ​ហ្វឹកហាត់​ដើម្បី​ឡើង​រេញ ។

កីឡាករ អន ឈុ​ន​ហេង អាច​នឹង​ត្រូវ​បាត់​មុខ​ពី​ការ​ប្រដាល់​តាម​លំនាំ​កីឡាករ​ផ្សេង​ៗ​ ដោយសារ​តែ​យោង​តាម​ហេតុផល​ជាប់រវល់​ធ្វើ​សំណង់​មិន​មាន​ពេល​បង្កើន​សមត្ថភាព​ក្នុង​ការ​ហ្វឹកហាត់​ផង និង​វ័យ​កាន់តែ​ច្រើន​ផង ។ លោក​គឺជា​កីឡាករ​ប្រដាល់សេរី និង​ប្រដាល់​ដាក់​ទ្រុង​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​ទើប​មានការ​សោកស្ដាយ​ប្រសិនបើ​ធន​ធាន​កីឡាករ​រូប​នេះ​ត្រូវ​បាន​បាត់បង់​ពី​ក្នុង​ពិភព​ប្រដាល់ ។ លោក​ថា ជា​រឿង​ពិបាក​ដែល​លោក​ឡើង​ប្រដាល់​ហើយ​ពេល​បរាជ័យ​ក៏​ត្រូវ​អ្នក​ទស្សនា​រិះគន់ ។ អ្នកគាំទ្រ​មិនដឹង​ពី​ស្ថានភាព​លំបាក​របស់​កីឡាករ​ម្នាក់​ៗ​នោះ​ទេ​ដោយ​ដឹង​តែ​ពី​ថា ប្រកួត​មិនកើត ឡើង​រេញ​មិន​ហាត់ វ៉ៃ​លក់ខ្លួន ឬ​ប្រកួត​ដូរ​បាយ​ប៉ុណ្ណោះ អ៊ីចឹង​ហើយ​ទើប​លោក​នឿយណាយ​នឹង​ការ​ប្រដាល់ ហើយ​សឹងតែ​បាត់​មុខ​ទាំងស្រុង​នៅ​ក្នុង​ពេល​នេះ ។

ទោះបី​យ៉ាងណា​លោក​ក៏​អះអាង​ថា នឹង​នៅ​តែ​បន្ត​ឡើង​ប្រដាល់​មិន​ថា​ប្រដាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ និង​ប្រដាល់​ដាក់​ទ្រុង​ឱ្យ​តែ​មានការ​អញ្ជើញ ដើម្បី​រំលឹក​ក្បាច់គុន​ផង និង​ដើម្បី​កុំឱ្យ​មហាជន​ភ្លេចមុខ​ផង ។ លោក​មិន​មាន​គម្រោង​ថា លាឈប់​ពី​ការ​ប្រដាល់​នោះ​ទេ បើ​ទោះជា​ស្ថានភាព​ក្នុង​ការ​ឡើង​រេញ​បាន​ផ្ដល់​សម្ពាធ​ឱ្យ​លោក​កាន់តែ​ច្រើន​ទៅ​ៗ​ស្របគ្នា​ដែល​ភរិយា​ក៏​លែង​គាំទ្រ ។ លោក​និយាយ​ថា លោក​មិន​ចង់​ឮ​ពាក្យ​ឡើង​ប្រដាល់​ដូរ​បាយ​នោះ​ទេ ទើប​លោក​សម្រេចចិត្ត​មិន​ទទួល​ឡើង​រេញ​ក្នុង​ពេល​លោក​ក៏​មិន​មាន​ពេល​ហ្វឹកហាត់​គ្រប់គ្រាន់​ក្នុង​ការ​បំប៉ន​សមត្ថភាព ។ លោក​ទទូច​កុំឱ្យ​មហាជន​រិះគន់​អ្នក​ប្រដាល់​ធា្ល​ក់ដៃ​ដោយសារ​តែ​ភាព​ជាក់ស្ដែង គឺ​អ្នក​ប្រដាល់​ដែល​ខ្វះ​សមត្ថ​ភាពរឹងមាំ គឺ​សុទ្ធតែ​លំបាក​ដូច​ជា​លោក​ជាដើម ៕