ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​វិស័យ​កសិកម្ម​ដើម្បី​ដោះស្រាយ​ទីផ្សារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតផល និង​ទីផ្សារ​នៅ​ក្នុង​វិស័យ​កសិកម្ម ក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រោង​នឹង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​វិស័យ​កសិកម្ម ដើម្បី​កែ​ច្នៃ​ផលិតផល​កសិកម្ម

រាជធានី​ភ្នំពេញ ៖ ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតផល និង​ទីផ្សារ​នៅ​ក្នុង​វិស័យ​កសិកម្ម ក្រសួងកសិកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ​គ្រោង​នឹង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​វិស័យ​កសិកម្ម ដើម្បី​កែ​ច្នៃ​ផលិតផល​កសិកម្ម និង​ដោះស្រាយ​ទីផ្សារ​ជូន​ប្រជា​កសិករ ។

មន្ត្រី​តំណាង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោកស្រី វុ​ទ្ធី បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា ក្រសួងកសិកម្ម និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​សហការ​គ្នា​ចុះ​ត្រួតពិនិត្យ​ដោះស្រាយ​បញ្ហា​ទីផ្សារ​ជូន​កសិករ ។ ចំណុច​គន្លឹះ​សំខាន់​សម្រាប់​ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិកម្ម​នេះ ក្រសួង​បាន​រៀបចំ​កិច្ចប្រជុំ​ជាមួយ​សហព័ន្ធ​ស្រូវ​អង្ករ និង​វិស័យ​ឯកជន ។ ក្រសួង​បាន​លើក​ឡើង​នូវ​ចំណុច​គន្លឹះ​សំខាន់​ធ្វើ​ម៉េច​ឱ្យ​កើត​ចេញ​នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​វិស័យ​កសិកម្ម ។

តំណាង​រូប​នេះ​បញ្ជាក់​ថា ៖ « ការ​ជំរុញ​ការ​ធ្វើ​តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​កែ​ច្នៃ​ផលិតផល​កសិកម្ម គឺជា​ចំណុច​គ្រឹះ​ដែល​យើង​ដោះស្រាយ​បញ្ហា​ទីផ្សារ ។ ឥឡូវនេះ ក្រសួង​កសិកម្ម​បាន​ចុះ MOU ជាមួយ​ក្រុមហ៊ុន​ធំ​មួយ​របស់​ចិន ដើម្បី​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្តកំពង់ស្ពឺ ដោយ​ដំណើរការ​កែ​ច្នៃ ហើយ​ផលិតផល​កសិកម្ម​ទាំងអស់​នឹង​បុក​ទៅ​រក​ការ​កែ​ច្នៃ​នៅ​តំបន់​នោះ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម » ។

លោកស្រី វុ​ទ្ធី បន្ត​ថា ៖ «​យើង​សង្ឃឹមថា ទីផ្សារ​ប្រទេស​ចិន​នឹង​អាច​ស្រូប​យក​ទំនិញ​កសិផល​យើង​បាន​ច្រើន ក្រោយ​ពេល​អនុវត្ត​ពិធីសារ​ចំនួន​៤ ដែល​បាន​ចុះហត្ថលេខា​រួច​ហើយ​រវាង​កម្ពុជា និង​ចិន ។ ពិធីសារ​ទាំងនោះ​ពាក់ព័ន្ធ​នឹង​អង្ករ ពោត ចេក និង​ដំឡូង​មី ។ ទៅ​មុខ​ទៀត យើង​អាច​បើក​ច្រក​កសិផល​នេះ​ទៅ​កាន់​ទីផ្សារ​ចិន ។ ដោយឡែក ទីផ្សារ​កូរ៉េ យើង​ធ្វើ​ប្រូ​តូ​កូ​ល​ជាមួយ​កូរ៉េ គឺ​នាំ​ចេញ​ផ្លែស្វាយ » ។

លោក​សង្កត់ធ្ងន់​ថា ការងារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម គឺ​ត្រូវ​ចាប់​យក​នូវ​កាលានុវត្តភាព​នេះ​ឱ្យ​បាន ជា​ពិសេស ធ្វើ​ឱ្យ​កម្ពុជា​មាន​ឧត្តមភាព​ប្រកួតប្រជែង​ទីផ្សារ​ក្នុងស្រុក និង​ការ​នាំ​ចេញ​ទីផ្សារ​កសិកម្ម​នៅ​ក្នុង​តំបន់ និង​ពិភពលោក ព្រមទាំង​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​បរទេស ។ លើស​ពី​នេះ​ទៀត ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច សន្តិសុខ​ស្បៀង និង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ជា​ពិសេស ការ​ផ្សារ​ភ្ជាប់​គោលនយោបាយ​ថវិកា​ក្នុង​ការ​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​របស់​រាជរដ្ឋាភិបាល ក្រសួង​បាន​អនុវត្ត​នូវ​យុទ្ធសាស្ត្រ និង​កម្មវិធី​អាទិភាព​ធំ​ៗ​ចំនួន​៥ សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​គឺ ១-​ការ​បង្កើន​ផលិតភាព​កសិកម្ម ២-​ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​សត្វ និង​សុខភាព​សត្វ ៣-​ការ​គ្រប់គ្រង​ជលផល​ប្រកបដោយ​ចីរភាព ៤-​ការ​គ្រប់គ្រង​ធនធាន​ព្រៃឈើ​ប្រកបដោយ​ចីរភាព និង​៥-​ការ​ពង្រឹង​ស្ថាប័ន​បង្កើន​នូវ​សមត្ថភាព សេវាកម្ម​គាំទ្រ ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​ក្នុង​វិស័យ​កសិកម្ម ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​និង​កំពុង​បន្ត​អនុវត្ត​យ៉ាង​សកម្ម​នូវ​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​វិស័យ​ព្រៃឈើ ជលផល​ក៏​ដូច​ជា​កំណែទម្រង់​ដីធ្លី ដែល​ជា​មូលដ្ឋាន​គ្រឹះ​អាទិភាព​មួយ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាលកម្ពុជា ។ លើស​ពី​នេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា ឆ្នាំ​២០១៥-២០២៥ ដែល​មាន​គោលដៅ​សំខាន់​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ដោយ​ជំរុញ​ការ​នាំ​ចេញ​ទំនិញ​កែ​ច្នៃ​កសិកម្ម​ឱ្យ​បាន​ដល់​១២% នៃ​បរិមាណ​នាំ​ចេញ​សរុប​នៅ​ឆ្នាំ​២០២៥ ៕