ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ផលិត​ស្ករត្នោត​ខេត្តកំពង់ស្ពឺ​គ្រោង​ដំឡើង​ថ្លៃ​ស្ករត្នោត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាគម​ស្ករត្នោត​ខេត្តកំពង់ស្ពឺ គ្រោង​ស្នើ​សុំ​ក្រុមហ៊ុននាំចេញ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នេះ ដំឡើង​ថ្លៃ​ផលិតផល​របស់​ខ្លួន​ដើម្បី​សម្រួល​ដល់​ជីវភាព​ប្រជា​កសិករ ។

រាជធានី​ភ្នំពេញ ៖ សមាគម​ស្ករត្នោត​ខេត្តកំពង់ស្ពឺ គ្រោង​ស្នើ​សុំ​ក្រុមហ៊ុននាំចេញ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នេះ ដំឡើង​ថ្លៃ​ផលិតផល​របស់​ខ្លួន​ដើម្បី​សម្រួល​ដល់​ជីវភាព​ប្រជា​កសិករ ។

លោក សម សា​រឿ​ន ប្រធាន​សមាគម​ស្ករត្នោត​ខេត្តកំពង់ស្ពឺ បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ កន្លង​មក​ថា លោក​គ្រោង​ស្នើ​សុំ​ក្រុមហ៊ុន​ឯកជន​នាំ​ចេញ​ផលិតផល​ស្ករត្នោត​ធ្វើការ​ដំឡើង​ថ្លៃ​ផលិតផល​របស់​ខ្លួន ។ ប៉ុន្តែ​ការ​សម្រេច​យ៉ាងណា​នោះ នឹង​រង់ចាំ​រហូត​ដល់​ការ​ប្រមូល​ទិន្នន័យ​ដើម​ត្នោត​ដែល​ត្រូវ​ប្រមូល​ផល​ឆ្នាំ​នេះ​បញ្ចប់​សិន ។

លោក​បន្ត​ថា ការ​ប្រមូល​ផល​ពី​ដើម​ត្នោត គ្រោង​ចាប់ផ្តើម​នៅ​ពេល​ឆាប់​ៗ​នេះ បន្ទាប់​ពី​រដូវ​ប្រមូល​ផល​ស្រូវ​បាន​បញ្ចប់ ហើយ​សមាគម​រំពឹង​ថា ទិន្នផល​ឆ្នាំ​នេះ នឹង​មាន​កំណើន​ប្រមាណ​២០% ដោយសារ​ចំនួន​ដើម​ត្នោត​ដែល​ត្រូវ​ប្រមូល​ផល​មានការ​កើនឡើង​លើស​ពី​១.០០០​ដើម ។

ការ​ប្រមូល​ផល​នៅ​ដើមឆ្នាំ​នេះ សមាគម​ប្រមូល​បាន​ទិន្នផល​ស្ករត្នោត​សរុប​ចំនួន​២៥០​តោន និង​លក់​ក្នុង​តម្លៃ​១.៣៧៥​ដុល្លារ​ក្នុង​មួយ​តោន ។

លោក​បន្ថែម​ថា ៖ « សមាគម​គ្រោង​នឹង​ស្នើ​សុំ​ឲ្យ​ក្រុមហ៊ុននាំចេញ​ធ្វើការ​ដំឡើង​ថ្លៃ​ស្ករ​បន្ថែម​ទៀត​នៅ​ឆ្នាំ​នេះ ដើម្បី​ដោះស្រាយ​ជីវភាព​របស់​កសិករ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ។ ប៉ុន្តែ​អ្វី​ៗ​មិន​ទាន់​ច្បាស់លាស់​នៅឡើយ ព្រោះ​រង់ចាំ​ការ​ប្រមូល​ទិន្នន័យ​ដើម​ត្នោត​បញ្ចប់​សិន ។ បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋ​ចំនួន​១៧៨​គ្រួ​សារបាន​ផលិត​ស្ករត្នោត​ដែល​ជា​សមាជិកសមាគម និង​មាន​ត្នោត​ចំនួន​១.០០០​ដើម​អាច​ទាញ​យក​ផលបាន » ។

ត្នោត​កំពង់ស្ពឺ ដែល​ផលិត​ជា​ស្ករ​សម្រាប់​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មាន​លក្ខណៈ​ពិសេស​មួយ​ចំនួន ដូច​ជា ត្នោត​ដុះ​លើ​ដីខ្សាច់​ដែល​មាន​ជម្រៅ​៨​តឹក និង​មាន​ដី​ក្រួស​នៅ​ខាងក្រោម ព្រមទាំង​លក្ខខណ្ឌ​អាកាសធាតុ​អំណោយផល ។

លោក សម សា​រឿ​ន បន្ត​ថា ស្ករត្នោត​កំពង់ស្ពឺ ជា​ផលិតផល​មាន​រសជាតិ​ប្លែក​ពី​គេ ដោយសារ​វា​មាន​ក្លិន​ឈ្ងុយ​ចេញពី​លម្អងផ្កា​របស់​ត្នោត ទើប​ធ្វើ​ឲ្យ​ផលិតផល​នេះ​មានការ​ពេញ​និយម​ពី​ប្រជាពលរដ្ឋ​កម្ពុជា និង​នៅ​តាម​ប្រទេស​នានា​ក្នុង​ទ្វីបអាស៊ី និង​អឺរ៉ុប ។

លោក ហៃ លី​អ៊ា​ង ប្រធាន​អគ្គនាយក​នៃ​ក្រុមហ៊ុន​ខន​ហ្វី​រ៉ែ​ល ដែល​បាន​នាំ​ចេញ​ស្ករត្នោត​ច្រើន​ជាងគេ​សម្រាប់​ចែកចាយ​នៅ​ក្នុង និង​ក្រៅប្រទេស ថ្លែង​ថា ឆ្នាំ​នេះ លោក​មាន​គម្រោង​បញ្ជា​ទិញ និង​នាំ​ចេញ​ផលិតផល​ស្ករត្នោត​កើន​ច្រើន​ជាង​ឆ្នាំ​មុន ព្រោះ​ជា​ទូទៅ​ក្នុង​មួយ​ឆ្នាំ ក្រុមហ៊ុន​របស់​លោក​បាន​នាំ​ចេញ​ក្នុង​រង្វង់​១០០​តោន​ទៅ​កាន់​ប្រទេស​ចិន ជប៉ុន និង​បណ្តា​ប្រទេស​នានា​នៅ​សហគមន៍​អឺរ៉ុប ។ ស្ករត្នោត​ខេត្តកំពង់ស្ពឺ​មាន​លក្ខណៈ​ពិសេស និង​បាន​ទទួល​ពានរង្វាន់​ទទួលស្គាល់​ជា​អន្តរជាតិ ជា​ផលិតផល​ដែល​មាន​ផលប្រយោជន៍​ដល់​សុខភាព​។ លោក​បន្ត​ថា ៖ « ការ​ពិនិត្យ​គុណភាព​ស្ករត្នោត​មាន​សារសំខាន់​ណាស់ ដែល​សមាគម​ជា​អ្នក​ទទួល​បន្ទុក​ត្រួតពិនិត្យ​គុណភាព​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ផលិតផល​នោះ​ជា​ផលិតផល​សុទ្ធ មិន​ក្លែងក្លាយ » ៕