ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​និវត្តន៍

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​និន្នាការ​ភ្ញៀវ​ទេសចរ​វ័យ​ចំណាស់ និង​ចូល​និវត្តន៍​កើនឡើង​នៅ​ទូ​ទាំង​ពិភពលោក ប្រទេស​កម្ពុជា​កំពុង​ចាប់ផ្តើម​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ប្រភេទ​នេះ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​និន្នាការ​ភ្ញៀវ​ទេសចរ​វ័យ​ចំណាស់ និង​ចូល​និវត្តន៍​កើនឡើង​នៅ​ទូ​ទាំង​ពិភពលោក ប្រទេស​កម្ពុជា​កំពុង​ចាប់ផ្តើម​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ប្រភេទ​នេះ​ឲ្យ​បាន​កាន់តែ​ច្រើន ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២ មក​រា ថា បច្ចុប្បន្ន​មនុស្ស​ចាស់​ៗ​ចូល​ចិត្ត​ដើរ​លេង​ច្រើន​ខុស​ពី​ពេល​មុន ដែល​ពួក​គាត់​និយម​ស្នាក់​នៅផ្ទះ ។ ប៉ុន្តែ​ពេល​នេះ​ពួក​គាត់​ចាប់ផ្តើម​ចេញ​ដើរ​កម្សាន្ត​នៅ​ក្រៅប្រទេស ។ ហេតុនេះ ក្រសួង​បាន​និង​កំពុង​ធ្វើ​យ៉ាងណា ទាក់ទាញ​ភ្ញៀវ​ទេសចរ​ប្រភេទ​នេះ​ឲ្យ​បាន​ច្រើន​តាម​រយៈ​ការ​វិនិយោគ​ផ្ទះ​ទី​២ ឬ​ផ្ទះ​ស្នាក់​សម្រាប់​មនុស្ស​ចាស់ ។

លោក​បន្ត​ថា ៖ « និន្នាការ​ភ្ញៀវ​ទេសចរ​ប្រភេទ​នេះ​កំពុង​កើនឡើង​នៅ​ទូ​ទាំង​ពិភពលោក ដែល​ប្រទេស​នានា​បាន​និង​កំពុង​ចាប់អារម្មណ៍​ទាក់ទាញ​យក​ភ្ញៀវ​ទេសចរ​ប្រភេទ​នេះ ព្រោះ​ជា​ភ្ញៀវ​ស្នាក់​នៅ​យូរ និង​ចំណាយ​ប្រាក់​ច្រើន​។ បច្ចុប្បន្ន កម្ពុជា​កំពុង​រៀបចំ​ខ្លួន​ជា​បណ្តើរ​ៗ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​និវត្តន៍ និង​ទេសចរ​វ័យ​ចំណាស់ មក​ស្នាក់​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន » ។

លោក ហ៊ិ​ន សុ​ជាតិ ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​នៃ​ក្រុមហ៊ុន A2A Town Cambodia ដែល​បាន​និង​កំពុង​វិនិយោគ​រមណីយដ្ឋាន V Kirirom Pine Resort នៅ​លើ​ឧទ្យាន​ជាតិ​ព្រះ​កុសុមៈ​គិរី​រម្យ ថ្លែង​ថា ក្រុមហ៊ុន​លោក​មាន​គោលដៅ​ធ្វើការ​អភិវឌ្ឍ​រមណីយដ្ឋាន សម្រាប់​មនុស្ស​ចាស់ និង​អ្នកទេសចរ​ចូល​និវត្តន៍ ដោយសារ​ទីតាំង​រមណីយដ្ឋាន​នេះ​មាន​ភាព​ស្រ​ដៀង​គ្នា​នឹង​តំបន់​មួយ​ចំនួន​នៅ​ប្រទេស​ជប៉ុន ។ ប៉ុន្តែ​ទោះជា​យ៉ាងណា រមណីយដ្ឋាន​នេះ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មាន​កម្រិត​នៅឡើយ ជា​ពិសេស ទេសចរ​ចូល​និវត្តន៍ ។

លោក​បន្ត​ថា ៖ « យើង​មាន​បំណង​ធ្វើ​យ៉ាងណា ឲ្យ​ភ្ញៀវ​ទេសចរ​មក​ស្នាក់​នៅ​ទី​នេះ​មាន​អារម្មណ៍​ថា ទី​នេះ​ជា​ផ្ទះ​ទី​២​របស់​ពួក​គេ តាម​រយៈ​ការ​សាងសង់​ផ្ទះ​តង់ ផ្ទះ​បែប​ខ្មែរ ផ្ទះ​ប្រអប់ និង​វីឡា​ប្រណីត​ជា​ច្រើន​ប្រភេទ​ទៀត​។ យើង​រំពឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​វ័យ​ចំណាស់ និង​ចូល​និវត្តន៍​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន និង​មក​សម្រាកលំហែ​នៅ​ភោជនីយដ្ឋាន​នេះ​កាន់តែ​ច្រើន​នា​ពេល​អនាគត » ។

លោក ធួន ស៊ី​ណា​ន ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា ថ្លែង​ថា កម្ពុជា​មានឱកាស និង​សក្តានុពល​ច្រើន​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចូល​និវត្តន៍ និង​ទេសចរណ៍​វ័យ​ចំណាស់ ហើយ​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​រក្សា​ទុក និង​រៀបចំ​គោលនយោបាយ​ដើម្បី​រៀបចំផ្ទះ​ទី​២​ជា​ការ​ប្រសើរ ដោយសារ​កម្ពុជា​នៅ​មាន​កន្លែង​ច្រើន​សម្រាប់​ទាក់ទាញ និង​មាន​កម្លាំង​ពលកម្ម​ច្រើន​ដើម្បី​ធ្វើ​ការងារ​នេះ ។

លោក​បន្ត​ថា ៖ « ដើម្បី​ធ្វើការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បែប​នេះ​ឲ្យ​បាន​ច្រើន ទាមទារ​ឲ្យ​មានការ​វិនិយោគ​ពី​វិស័យ​ឯកជន​ដើម្បី​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​ភ្ញៀវ​ទេសចរ​ប្រភេទ​នេះ​។ ប៉ុន្តែ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម ក៏​ទាមទារ​ឲ្យ​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​លើកទឹកចិត្ត​ផ្នែក​ឯកជន តាម​រយៈ​ការ​ធ្វើ​យ៉ាងណា ឲ្យ​បរិយាកាស​វិនិយោគ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ » ។

លោក ធួន ស៊ី​ណា​ន បន្ថែម​ថា ទោះជា​យ៉ាងណា ការ​ចំណាយ​នៅ​កម្ពុជា​មាន​តម្លៃ​ថ្លៃ បើ​ធៀប​ជាមួយ​ប្រទេស​ជិតខាង ។ ធនធានមនុស្ស​របស់​កម្ពុជា​លើ​ផ្នែក​នេះ ក៏​ទាមទារ​ឲ្យ​មានការ​បណ្តុះបណ្តាល​ឲ្យ​បាន​ល្អ​ផង​ដែរ ព្រោះ​ទេសចរណ៍​វ័យ​ចំណាស់ និង​ទេសចរណ៍​ចូល​និវត្តន៍ ត្រូវការ​សេវា​ថែទាំ​ប្រកបដោយ​វិជ្ជាជីវៈ​មាន​ភាពល្អ​ប្រសើរ​ផង​ដែរ ។ ហេតុនេះ ក្រសួង​ការងារ​គួរតែ​ចូលរួម​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​ជំនាញ​ផ្នែក​នេះ​ឲ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត ៕