ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌដង្កោ​ធ្វើ​ពិធី​សម្ពោធ​កុដិ​ថ្មី​មួយ​ខ្នង​នៅ​ក្នុង​វត្ត​សំបួរមាស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កុដិ​មួយ​ខ្នង​ដែល​ជា​សមិទ្ធិ​ផល​ថ្មី​មួយ​នៅ​ក្នុង​វត្ត​សំបួរមាស ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ បន្ទាប់​ពី​ការ​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ …

រាជធានី​ភ្នំពេញ ៖ កុដិ​មួយ​ខ្នង​ដែល​ជា​សមិទ្ធិ​ផល​ថ្មី​មួយ​នៅ​ក្នុង​វត្ត​សំបួរមាស ស្ថិត​ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ បន្ទាប់​ពី​ការ​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ​នោះ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌដង្កោ រៀបចំ​ធ្វើ​ពិធី​សម្ពោធ​ដាក់​ប្រគេន​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ប្រើប្រាស់​ជា​ផ្លូវការ ដើម្បី​បម្រើ​វិស័យ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ និង​ជា​ស្រែបុណ្យ​របស់​ពុទ្ធសាសនិក ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ។

ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​រសៀល​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៧ ក្រោម​ព្រះ​អធិបតី​សម្តេចព្រះ​មហា សុមេធាធិបតី​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉េ​ត សម្តេចព្រះ​សង្ឃនាយក នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​អញ្ជើញ​ចូលរួម​ដោយ​លោក ចេ​ង មុន្នី​រ៉ា អភិបាលរង​ខណ្ឌដង្កោ តំណាង​លោក នុ​ត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌ រួម​ជាមួយ​ព្រះ​គ្រូ​ចៅអធិការ ព្រះសង្ឃ​នៅ​ក្នុង​វត្ត អាជ្ញាធរ​សង្កាត់​ដង្កោ ព្រម​ទាំ​គណៈកម្មការ អាចារ្យវត្ត និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប​ទៀត ។

នៅ​ក្នុង​ឱកាស​នោះ​លោក ចេ​ង មុន្នី​រ៉ា អភិបាលរង​ខណ្ឌដង្កោ បានឱ្យ​ដឹង​ថា នៅ​ក្នុង​ខណ្ឌដង្កោ​មាន​វត្ត​ចំនួន​២៦ មាន​ព្រះសង្ឃ​សរុប​៣៩៩​អង្គ​, គណៈកម្មការ​អាចារ្យវត្ត​ចំនួន​២៦៩​នាក់ សីល​វ័​ន្ត សីលវតី ១១៦​នាក់ និង​សិស្ស​និ​សិ​ត្ស​ស្នាក់​នៅ​តាម​វត្ត​ចំនួន​២៧​នាក់ ។ សម្រាប់​រយៈពេល​នេះ បណ្តា​វត្ត​ទាំងអស់​នៅ​ក្នុង​ខណ្ឌ បាន​ឆក់​ឱកាស​ស្ថានភាព​ប្រទេស​ជាតិ​មាន​អំណោយផល​ល្អ មាន​សុខ​សន្តិភាព​ពេញលេញ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្រប​នឹង​ការ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន ឈាន​ទៅ​ពង្រឹង​ការ​ប្រតិបត្តិ​ជម្រុញ​ការ​កសាង​សំណង់​នានា​នៅ​ក្នុង​វត្ត​ប្រកបដោយ​ជោគជ័យ ។

លោក​អភិបាលរង បាន​បន្ត​ថា កុដិ​ថ្មី​នេះ​មាន​ទំហំ​២០​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ ទើប​បញ្ចប់​នៅ​ថ្ងៃ​ទី​១២ ខែធ្នូ ឆ្នាំ​២០១៦ ដោយ​ចំណាយ​បច្ច័យ​កសាង​សរុប​១៤៥,៨៩១​ដុល្លារ​សហរដ្ឋអាមេរិក ដែល​ត្រូវ​វេរ​ប្រគេន​ព្រះសង្ឃ​ទុកជា​គរុ​ភ័​ណ្ឌ​សម្រាប់​វត្ត ដែល​មាន​ក្បូរក្បាច់​រចនាបថ​ខ្មែរ​តាម​លក្ខណៈ​វប្បធម៌​របស់​ជាតិ ទុកជា​មរតក​ព្រះ​ពុ​ទ្ឋ​សាសនា​សម្រាប់​ព្រះសង្ឃ​ប្រើប្រាស់​តទៅ ។ ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​បាន​ចាត់​ទុក​ថា ព្រះពុទ្ធ​សាសនា ជា​សាសនា​របស់​រដ្ឋ ហើយ​រហូត​មក​ដល់​ពេល​នេះ ព្រះពុទ្ធ​សាសនា​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សង្គម និង​បាន​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​អប់រំ​គុណធម៌ សីលធម៌ ផ្តល់​ចំណេះដឹង​ផ្សេង​ៗ ឈាន​ទៅ​កសាង​សង្គម​មួយ​មាន​ភាព​ថ្កុំថ្កើង មិនតែប៉ុណ្ណោះ​ប្រជាជន​បាន​ចាត់​ទុក​ព្រះពុទ្ធ​សាសនា​ជាទី​ពឹង ទីរលឹក​ដក់​ជាប់​ក្នុង​ផ្នត់គំនិត​ជាប់​ជា​និច្ច រីឯ​សមិទ្ធិ​ផល​ដែល​កើត​ចេញ​នា​ពេល​នេះ គឺ​បាន​ឡើង​ដោយ​ប្រទេស​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍន៍​នេះឯង ។

សម្តេចព្រះ​មហាសុមេធាធិបតី​ឧទ្ទេស​បណ្ឌិត ន​ន្ទ ង៉េ​ត មាន​ព្រះសង្ឃ​ដីកា​ថា ការ​ដាក់​ឱ្យ​សម្ភោ​ធ​សមិទ្ធិ​ផល​ថ្មី​នៅ​ថ្ងៃនេះ​គឺជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​រីក​ចំរើន​ខាង​វិស័យ​ព្រះពុទ្ធ​សាសនា ដែល​កើត​ចេញពី​សទ្ធា​ជ្រះថ្លា​របស់​ព្រះ​ចៅអធិការ​វត្ត ក៏​ដូច​ជា​ពុទ្ធបរិស័ទ​ផង​ដែរ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ថា វិស័យ​ពុទ្ធចក្រ និង​វិស័យ​អាណាចក្រ​មិន​អាច​កាត់​ផ្ដាច់​ពី​គ្នា​បាន​ឡើយ ៕