ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​វេច​លុយ​ជាង​៦០០​លាន​ដុល្លារ​ ទៅ​ចាយ​នៅ​ក្រៅប្រទេស

7 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងទេសចរណ៍​បាន​ឱ្យ​​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦​កន្លង​មក មាន​​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចំណាយ​​ប្រាក់​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ធ្វើ​ដំណើរ​ទេសចរណ៍ និង​ពិនិត្យ​ព្យាបាល​សុខភាព​នៅ​ក្រៅប្រទេស ។

រាជ​ធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងទេសចរណ៍​បាន​ឱ្យ​​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦​កន្លង​មក មាន​​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ចំណាយ​​ប្រាក់​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ធ្វើ​ដំណើរ​ទេសចរណ៍ និង​ពិនិត្យ​ព្យាបាល​សុខភាព​នៅ​ក្រៅប្រទេស ។

លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ឱ្យ​​ដឹង​ថា ប្រជាពលរដ្ឋ​ចេញដំណើរ​ទៅ​ក្រៅប្រទេស​នៅ​ឆ្នាំ​២០១៦ ស្ថិត​ក្នុង​រង្វង់​១,២​លាន​នាក់ កើនឡើង​ចន្លោះ​២៣​ ទៅ​២៥​ភាគរយ បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ លោក​​បន្ត​ថា ក្នុង​ចំណោម​ភ្ញៀវ​ក្នុង​ស្រុក​ទាំងនោះ មាន​៥០​ភាគរយ ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ និង​វៀតណាម ក្រៅពី​នោះ​ពួក​គេ​ជា​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ដ​នៅ ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ហុងកុង កូរ៉េ ជប៉ុន និង​បណ្តា​ប្រទេស​ក្នុង​និង​ក្រៅ​តំបន់​មួយ​ចំនួន​ទៀត ។

លោក​មាន​ប្រសា​ស​ន៍​ទៀត​ថា គិត​ជា​មធ្យម​មនុស្ស​ម្នាក់​ចំណាយ​៥០០​ដុល្លារ ដូច្នេះ ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​១,២​លាន​
នាក់ ពួក​គេ​ចំណាយ​ប្រាក់​សរុប​រហូត​ដល់​ប្រមាណ​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ការ​កើនឡើង​របស់​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​នៅក្រៅ​ប្រទេស​​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​កើនឡើង​នូវ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង ព្រោះ​បើ​គ្មាន​ប្រាក់ ពួក​គេ​មិន​អាច​ដើរ​កម្សាន្ដ​បាន​នោះ​ទេ ។​ឯកឧត្តម បាន​បញ្ជាក់​ថា ភ្ញៀវ​ក្នុងស្រុក​ទៅ​ទស្សនា​នៅ​ក្រៅប្រទេស ជា​រឿង​ធម្មតា មិនមែន​ជា​ការ​បង្ហូរឈាម​ចូល​ទៅ​ប្រទេស​គេ​នោះ​ទេ ព្រោះ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​គេ ក៏​បាន​មក​ទស្សនា​កម្ពុជា​ច្រើន​ផង​ដែរ​នៅ​កម្ពុជា នេះ​ជា​រឿង​ធម្មតា​ក្នុង​វិស័យ​ទេសចរណ៍​។

ចំណែក ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី ឆាយ ស៊ី​វលី​ន បាន​ថ្លែង​ថា ចំនួន​ភ្ញៀវ​ក្នុងស្រុក​ទៅ​ទស្សនា​នៅ​ក្រៅប្រទេស ពិតជា​មានការ​កើនឡើង​ច្រើន មាន​ន័យ​ថា ពួក​គេ​កាន់តែ​មានការ​យល់​ដឹង​ច្រើន​ជាង​មុន ហើយ​ពួក​គេ​ទៅ​ស្វែង​យល់​ពី​ការ​រីក​ចម្រើន​នៅ​ប្រទេស​របស់​គេ និង​ពិតជា​មាន​ប្រយោជន៍​ណាស់ ដែល​ពួក​គេ​អាច​ទៅ​មើល និង​បាន​រៀនសូត្រ​ត្រលប់​មក​វិញ​ថា គេ​ធ្វើ​អ្វី ដើម្បី​កែប្រែ​ឥរិយា​បទ​របស់​ខ្លួន ទាក់ទង​នឹង​ការ​ធ្វើ​ចរាចរណ៍ ក៏​ដូច​ជា​កុំ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល​ជាដើម។​