ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ហិរញ្ញវត្ថុ​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​កំណើនសេដ្ឋកិច្ច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយក​សាខា​ធនាគារ​សហ​ពាណិជ្ជ (UCB)​ស្ទឹង​មាន​ជ័យ លោក​ថា​ន់ ច័ន្ទ​ចំរុង បានឱ្យ​ដឹង​ថា វិស័យ​ហិរញ្ញវត្ថុ​បាន​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​កំណើនសេដ្ឋកិច្ច ជា​ពិសេស​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​

រាជធានី​ភ្នំពេញ ៖ នាយក​សាខា​ធនាគារ​សហ​ពាណិជ្ជ (UCB)​ស្ទឹង​មាន​ជ័យ លោក​ថា​ន់ ច័ន្ទ​ចំរុង បានឱ្យ​ដឹង​ថា វិស័យ​ហិរញ្ញវត្ថុ​បាន​ដើរតួ​យ៉ាង​សំខាន់​នៅ​ក្នុង​កំណើន​សេដ្ឋ​កិច្ច ជា​ពិសេស​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​៧០​ភាគរយ តាម​រយៈ​ការ​ផ្ដល់​សេវាកម្ម​ដ៏​សម្បូរ​បែប ធ្វើ​យ៉ាងណា​សម្រួល​ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ ។

ទន្ទឹម​នឹង​នេះ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​កម្រិត​មធ្យម និង​កម្រិត​ទាប​មិន​គួរ​មើល​រំលង​ពី​វិស័យ​មួយ​នេះ​ឡើយ ។

ការ​លើក​ឡើង​បែប​នេះ បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោក​បាន​ចូលរួម​បើក​សម្ពោធ​សាខា​ថ្មី​របស់​ធនាគារ​សហ​ពាណិជ្ជ​សាខា​ស្ទឹង​មាន​ជ័យ កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ឆ្នាំ​២០១៦​កន្លង​ទៅ ។

លោក ថា​ន់ ច័ន្ទ​ចំរុង បាន​បន្ថែម​ថា ៖ « មក​ដល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​មាន​អាយុ​ក្រោម​៣០​ឆ្នាំ​បាន​យល់​ដឹង​ច្រើន​ពី​វិស័យ​ធនាគារ ឬ​វិស័យ​ហិរញ្ញវត្ថុ​នេះ​ប្រមាណ​៨០% ប៉ុន្តែ​ជា​ទូទៅ ប្រជាជន​ដែល​មិន​ទាន់​យល់​ដឹង​ពី​វិស័យ​មួយ​នេះ នៅ​តែ​មាន​ឥរិយាបថ​រក្សា​លុយ​ទុក​ក្នុង​ស្រោមពូក​ឬ​ស្រោមខ្នើយ​នៅឡើយ » ។

បើ​តាម​នាយក​សាខា​ធនាគារ​សហ​ពាណិជ្ជ​រូប​នេះ​ថា វិស័យ​ហិរញ្ញវត្ថុ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រចាំ​ថ្ងៃ ។

ការ​ចូលរួម​ទាំងនោះ រួម​មាន ជួយ​សម្រួល​ដល់​អ្នក​ដែល​មាន​តម្រូវការ​ក្នុង​ការ​ប្រើប្រាស់​លុយ ។ ចំណុច​នេះ​មាន​ន័យ​ថា ប្រសិនបើ​ប្រជាពលរដ្ឋ​មានគំនិត​ចង់​រកស៊ី ប៉ុន្តែ​ខ្វះ​ដើមទុន ដូចនេះ​អាច​រក​សេវា​ធនាគារ​ណាមួយ ដូច​ជា សេវា​កម្ចី​សាច់ប្រាក់​សម្រាប់​រកស៊ី ។ ចំណុច​មួយវិញទៀត​ជួយ​សម្រួល​ក្នុង​ការ​រក្សា​សាច់ប្រាក់​របស់​ប្រជាពលរដ្ឋ​ឱ្យ​មាន​សុវត្ថិភាព តាម​រយៈ​ការ​ដាក់​ប្រាក់​បញ្ញើ និង​ទទួល​បានការ​ប្រាក់ ។

ជា​ពិសេស​វិស័យ​ហិរញ្ញវត្ថុ ដែល​រួម​មាន ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ធនាគារពាណិជ្ជ ឬ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ទាំងមូល​បាន​ចូលរួម​កាត់​បន្ថយ​អតិផរណា​ផង​ដែរ ។ ត្រង់​ចំណុច​នេះ មាន​ន័យ​ថា ប្រជាពលរដ្ឋ​ដែល​យល់​ដឹង​ពី​វិស័យ​ហិរញ្ញវត្ថុ​បាន​យក​ប្រាក់​ទៅ​ផ្ញើ​នៅ​ធនាគារ បន្ទាប់​មក​គឺ​ប្រើប្រាស់​សេវា អេ ធី អឹ​ម ឬ វី​សា​កាត​ផ្សេង​ៗ ដើម្បី​ទូទាត់​សាច់ប្រាក់ ។
លោក​បន្ដ​ថា ការ​ប្រើ​សេវាកម្ម​ទាំងនេះ បាន​ចូលរួម​ក្នុង​ការ​កាត់​បន្ថយ​បោះពុម្ព​លុយ ដែល​ជា​ចំណែក​ធ្វើ​ឱ្យ​មាន​អតិ​ផរ​ណា ។ អតិផរណា​នេះ​ហើយ​ជា​ចំណែក​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ចំណាយ​លុយ​កាន់តែ​ច្រើន ក្នុង​ការ​បំពេញតម្រូវការ​តាម​រយៈ​ការ​ទិញ​ទំនិញ​ដែល​មាន​តម្លៃ​ថ្លៃ ។

លោក​បន្ថែម​ថា ៖« ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ក្រីក្រ ចង់​មាន​ជីវភាព​ធូរធារ គួរ​ងាក​មក​ទទួល​សេវាកម្ម​ដ៏​សម្បូរ​បែប​របស់​ធនាគារ​ដែល​មានការ​ទទួលស្គាល់​ពី​ធនាគារជាតិ​នៃ​កម្ពុជា  និង​កុំ​មានការ​សង្ស័យ​ទៅ​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ ព្រោះថា​ដោយសារ​ការ​មិន​ទុកចិត្ត មិន​ហ៊ាន​ទទួល​សេវាកម្ម​របស់​វិស័យ​ហិរញ្ញវត្ថុ​នេះ​ហើយ ជា​មូលហេតុ​ចម្បង​ធ្វើ​ឲ្យ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​តែ​មាន » ។

គួ​បញ្ជាក់​ថា រហូត​មក​ដល់​បច្ចុប្បន្ន​ធនាគារ​សហ​ពាណិជ្ជ បាន​ពង្រីក​សាខា​របស់​ខ្លួន​បាន​ចំនួន​១៣​ហើយ ដោយ​ក្នុង​នោះ​៩​នៅ​រាជធានី​ភ្នំពេញ និង​៤​ទៀត​មាននៅ​ខេត្ត​កណ្តាល សៀមរាប បាត់ដំបង និង​ក្រុងព្រះសីហនុ ។

ជាមួយនឹង​សាខា​ថ្មី​នៅ​ស្ទឹង​មាន​ជ័យ​នេះ​ធនាគារ​សហ​ពាណិជ្ជ​បាន​ប្រកាស​ផ្តល់​សេវា​ឥណទាន​ខ្នាត​ធំ​ចាប់ពី​៥០​ម៉ឺន​ដុល្លារ​ឡើង​ទៅ ដើម្បី​ជា​ការ​សម្របសម្រួល​ដល់​ភាព​មមាញឹក​ដល់ ស្នាក់​ការ​កណ្តាល និង​ការ​ជំរុញ​សកម្មភាព​ឲ្យ​មាន​ប្រសិទ្ធ​ដល់​អតិថិជន ៕