ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ប្រទេស​3​ធំ​ៗ​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ឆ្នាំ​2016​កន្លង​មក

7 ឆ្នាំ មុន

ព្រឹត្តិការណ៍​ដ៏​ធំ​ដំបូង​គេ​ក្នុងឆ្នាំនេះ គឺ​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ មិថុនា ជា​ពេល​ដែល​ប្រជាជន​ក្នុង​ចក្រភព​អង់គ្លេស​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប ។
ការ​ធ្វើ​ប្រជាមតិ Brexit នេះ​បាន​ប៉ះពាល់​ភ្លាម​ៗ​

ព្រឹត្តិការណ៍​ដ៏​ធំ​ដំបូង​គេ​ក្នុងឆ្នាំនេះ គឺ​កើតឡើង​នៅ​ថ្ងៃ​ទី​២៣ មិថុនា ជា​ពេល​ដែល​ប្រជាជន​ក្នុង​ចក្រភព​អង់គ្លេស​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប ។

ការ​ធ្វើ​ប្រជាមតិ Brexit នេះ​បាន​ប៉ះពាល់​ភ្លាម​ៗ​ដល់ទី​ផ្សារ​ពិភពលោក ដែល​ធ្វើ​ឲ្យ​ភាគហ៊ុន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ។ វា​ក៏​បាន​ងើបឡើង​វិញ​ក្នុង​រយៈពេល​ខ្លី​ផង​ដែរ ប៉ុន្តែ​រូបិយ​វត្ថុ​របស់​អង់គ្លេស​នៅ​តែ​មិន​អាច​ងើប​រួច ។

តម្លៃ​ប្រាក់​ផោន​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​មក​ដល់​កម្រិត​ទាប​ជាងគេ​ក្នុង​រយៈពេល​៣០​ឆ្នាំ​មកនេះ ។ បច្ចុប្បន្ន វា​បាន​ថេរ ប៉ុន្តែ​វា​បាន​បាត់បង់​១៨%​នៃ​តម្លៃ​ដើម និង​ធ្វើ​ឲ្យ​មានការ​កើនឡើង​នៃ​ផលិតផល​ប្រចាំ​ថ្ងៃ ។ លើស​ពី​នេះ អតិផរណា​ក្នុង​ឆ្នាំ​ក្រោយ​ក៏​នឹង​កើនឡើង​ផង​ដែរ ។

ប៉ុន្តែ​អ្វី​ដែល​ទទួល​ការ​ប៉ះពាល់​ខ្លាំង​ជាង​នេះ​ទៀត​នោះ គឺ​ភាព​មិន​ប្រាកដប្រជា​របស់​សេដ្ឋកិច្ច​អង់គ្លេស​ជួប​ប្រទះ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​ខ្លួន និង​ការ​គំរាមកំហែង​ថា ក្រុមហ៊ុន​អាច​នឹង​ផ្លាស់​ប្តូរ​ទៅ​ដំណើរការ​ក្នុង​ប្រទេស​ផ្សេង​វិញ ។

គួរ​បញ្ជាក់​ថា ចក្រភព​អង់គ្លេស​ធ្លាប់​ជា​ប្រទេស​ដែល​ទទួល​បានការ​លូតលាស់​លឿន​ជាងគេ​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍន៍​ទាំង​៧ (G7) ។ ប៉ុន្តែ​សេដ្ឋកិច្ច​អាច​នឹង​ជួប​ប្រទះ​ភាព​អន់​ថយ​វិញ​ក្នុង​ឆ្នាំ​២០១៧ ។

តើ​នឹង​មានរឿង​អ្វី​កើតឡើង ប្រសិនបើ​ប្រទេស​មួយ​ដែល​ពឹងផ្អែក​លើ​ការ​ប្រើ​-​ប្រាស់​ក្រដាសប្រាក់​ប្រកាស​ថា បញ្ឈប់​ការ​ចាយវាយ​ប្រដា​ស​ប្រាក់​មួយ​ចំនួន​ធំ​របស់​ខ្លួន ?

ប្រទេស​ឥណ្ឌា ត្រូវ​បាន​បង្ខំ​ឲ្យ​ឆ្លើយ​នឹង​សំណួរ​ខាងលើ​កាលពី​ថ្ងៃ​ទី​៨ វិច្ឆិកា នៅ​ពេល​ដែល​លោកនាយក​រដ្ឋមន្ត្រី Narendra Modi ប្រកាស​ថា ក្រដាសប្រាក់​៥០០ និង​១០០០​រូពី នឹង​មិន​អាច​ចាយ​បាន​ទៀត​ទេ ។ ក្រដាសប្រាក់​ទាំងនោះ​នឹង​ត្រូវ​បាន​ជំនួស​ដោយ​ក្រដាសប្រាក់​៥០០ និង​២០០០​ថ្មី ។

ការ​សម្រេចចិត្ត​នេះ​បាន​បង្ក​ឲ្យ​មាន​ភាព​ចលាចល​ដល់​មនុស្ស​រាប់​លាន​នាក់​ក្នុង​ការ​ទៅ​ដូរ​យក​ប្រាក់​ថ្មី ។ អាជីវកម្ម​ក៏​ត្រូវ​បាន​ប៉ះពាល់​ពី​ព្រឹត្តិការណ៍​នេះ​ផង​ដែរ ហើយ​ជា​លទ្ធផល សេដ្ឋកិច្ច​ដែល​លូតលាស់​យ៉ាង​លឿន​របស់​ឥណ្ឌា​បាន​ជួប​ប្រទះ​នឹង​ភាព​អន់​ថយ ។

អត្រា​លូតលាស់​ប្រមាណ​៧,៣% នៃ​សេដ្ឋកិច្ច​ឥណ្ឌា បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ធំ​ៗ​ទាំងអស់​ច្រណែន​ចង់បាន ។ ប៉ុន្តែ​ពេល​នេះ គេ​គិត​ថា វា​នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ទៅ​វិញ ។

កាលពី​ថ្ងៃ​ទី​៤ ធ្នូ ជនជាតិ​អុ​ី​តា​លី​បាន​បោះ​ឆ្នោត​ប្រឆាំង​នឹង​ការ​ធ្វើ​កំណែទម្រង់ ដែល​ស្នើ​ដោយ​លោកនាយក​រដ្ឋមន្ត្រី Matteo Renzi ។ ការ​ធ្វើ​កំណែទម្រង់​នោះ​មាន​គោល​ដៅ​បញ្ចប់​ភាព​គាំង​ស្ទះ​នយោបាយ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អុ​ី​តា​លី​ងើបឡើង​វិញ ។

លោក Renzi ក៏​បាន​ចុះ​ចេញពី​តំណែង​ក្នុង​ថ្ងៃ​បន្ទាប់ ។ ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច​នេះ​បាន​ធ្វើ​ឲ្យ​វិនិយោគិន​បដិសេធ​ក្នុង​ការ​ផ្តល់​ប្រាក់​៥​ប៊ី​លាន​ដុល្លារ​ដល់​ធនាគារ​ចាស់​ជាងគេ​របស់​ពិភពលោក គឺ Monte dei Pashi di Siena ដែល​កំពុង​ជួប​វិបត្តិ ។

រដ្ឋាភិបាល​អីុ​តា​លី ត្រូវ​បាន​បង្ខំ​ឲ្យ​ដក​ប្រាក់​ចេញពី​មូលនិធិ​ជួយ​សង្គ្រោះ​របស់​ខ្លួន ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​កាន់តែ​ធ្លាក់​ក្នុង​បំណុល​ខ្លាំង​ឡើង ៕