ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​កម្ពុជា​ចំណាយ​ប្រាក់​600​លាន​ដុល្លារ​នៅ​ក្រៅប្រទេស​ក្នុង​ឆ្នាំ​2016

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​កម្ពុជា បាន​ចំណាយ​ប្រាក់​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ធ្វើ​ដំណើរ​ទេសចរណ៍ និង​ពិនិត្យ​ព្យាបាល​សុខភាព​នៅ​ក្រៅប្រទេស​។ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ទេស​ចរណ៍ ។

រាជធានី​ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​កម្ពុជា បាន​ចំណាយ​ប្រាក់​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ធ្វើ​ដំណើរ​ទេសចរណ៍ និង​ពិនិត្យ​ព្យាបាល​សុខភាព​នៅ​ក្រៅប្រទេស​។ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួង​ទេស​ចរណ៍ ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ​កន្លង​មក​ថា ប្រជាពលរដ្ឋ​ចេញដំណើរ​ទៅ​ក្រៅប្រទេស​នៅ​ឆ្នាំ​២០១៦ ស្ថិត​ក្នុង​រង្វង់​១,២​លាន​នាក់ កើនឡើង​ចន្លោះ​២៣​ទៅ​២៥​ភាគរយ បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ លោក​បន្ត​ថា ក្នុង​ចំណោម​ភ្ញៀវ​ក្នុងស្រុក​ទាំងនោះ មាន​៥០​ភាគរយ ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ និង​វៀតណាម ក្រៅពី​នោះ​ពួក​គេ​ជា​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ដ​នៅ ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ហុងកុង កូរ៉េ ជប៉ុន និង​បណ្តា​ប្រទេស​ក្នុង​និង​ក្រៅ​តំបន់​មួយ​ចំនួន​ទៀត ។

លោក​ថ្លែង​ថា ៖ «​គិត​ជា​មធ្យម​មនុស្ស​ម្នាក់​ចំណាយ​៥០០​ដុល្លារ ដូច្នេះ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​កម្ពុជា​១,២​លាន​នាក់ ពួក​គេ​ចំណាយ​ប្រាក់​សរុប​រហូត​ដល់​ប្រមាណ​៦០០​លាន​ដុល្លារ​អា​មេ​រិ​ក »​។ លោក​បន្ត​ថា​៖ « កំណើន​ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​នៅ​ក្រៅប្រទេស​ឆ្លុះ​បញ្ចាំង​ពី​ការ​កើនឡើង​នូវ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង ព្រោះ​បើ​គ្មាន​ប្រាក់ ពួក​គេ​មិន​អាច​ដើរ​កម្សាន្ដ​បាន​នោះ​ទេ »​។

លោក ថោ​ង ខុន បាន​បន្ត​ថា ការ​កើនឡើង​របស់​ភ្ញៀវ​ក្នុងស្រុក ទៅ​ទស្សនា​នៅ​ក្រៅប្រទេស ជា​រឿង​ធម្មតា មិនមែន​ជា​ការ​បង្ហូរឈាម​ចូល​ទៅ​ប្រទេស​គេ​នោះ​ទេ ព្រោះ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​គេ ក៏​បាន​មក​ទស្សនា​កម្ពុជា​ច្រើន​ផង​ដែរ​នៅ​កម្ពុជា ។ នេះ​ជា​រឿង​ធម្មតា​ក្នុង​វិស័យ​ទេសចរណ៍ ។

លោក ធួន ស៊ី​ណា​ន ប្រធាន​សហ​ព័​ន្ឋ​ទេសចរណ៍​កម្ពុជា បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​ខាងលើ ដោយ​លោក​បាន​ថ្លែង​ថា ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​ម្នាក់ ពួក​គេ​ចំណាយ​ប្រាក់​ចន្លោះ​ពី​៥០០ ទៅ​៦០០​ដុល្លារ​នៅ​ក្រៅប្រទេស គិត​ជា​មធ្យម ប៉ុន្តែ​លោក​បាន​គិត​ថា ចំនួន​ប្រជាពលរដ្ឋ​ទៅ​ទស្សនា​នៅ​ក្រៅប្រទេស​រហូត​ដល់​១,២​លាន​នាក់ ហាក់ដូចជា​មាន​ទំហំ​ធំ​ពេក ។

លោក​ថា​៖ «​ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា ការ​កើនឡើង​នៃ​ភ្ញៀវ​ទៅ​ទស្សនា​នៅ​ក្រៅប្រទេស​ដោយសារ​ជីវភាព​ប្រសើរ​ឡើង​ទេ ប៉ុន្តែ​កំណើន​នេះ​ដោយសារ​ការ​រីក​ចំរើន​នៃ​បច្ចេកវិទ្យា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចង់​ស្វែង​យល់ និង​ទៅ​ទស្សនាការ​រីក​ចម្រើន​នៅ​ស្រុក​គេ​» ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោកស្រី ឆាយ ស៊ី​វលី​ន បាន​ថ្លែង​ថា ចំនួន​ភ្ញៀវ​ក្នុងស្រុក​ទៅ​ទស្សនា​នៅ​ក្រៅប្រទេស ពិតជា​មានការ​កើនឡើង​ច្រើន មាន​ន័យ​ថា ពួក​គេ​កាន់តែ​មានការ​យល់​ដឹង​ច្រើន​ជាង​មុន ហើយ​ពួក​គេ​ទៅ​ស្វែង​យល់​ពី​ការ​រីក​ចម្រើន​នៅ​ប្រទេស​របស់​គេ និង​ពិតជា​មាន​ប្រយោជន៍​ណាស់ ដែល​ពួក​គេ​អាច​ទៅ​មើល និង​បាន​រៀនសូត្រ​ត្រលប់​មក​វិញ​ថា គេ​ធ្វើ​អ្វី ដើម្បី​កែប្រែ​ឥរិយា​បទ​របស់​ខ្លួន ទាក់ទង​នឹង​ការ​ធ្វើ​ចរាចរណ៍ ក៏​ដូច​ជា​កុំ​បោះចោល​សំរាម​ពាស​វាល​ពាស​កាល​ជាដើម ។

លោកស្រី​បន្ត​ថា​៖ « ប្រជាពលរដ្ឋ​អាច​មើលឃើញ​ការ​រីក​ចម្រើន​នៅ​ស្រុក​គេ និង​ផ្លាស់​ប្តូរ​ឥរិយា​បទ​របស់​ខ្លួន មាន​ស្មារតី​គោរព​ច្បាប់​ដោយ​ខ្លួនឯង ជា​ការ​ប្រសើរ​ណាស់ ព្រោះ​ការ​ឲ្យ​ពួក​គេ​ភ្ញាក់រលឹក​ដោយ​ខ្លួនឯង ប្រសើរ​ជាង​ចាប់បង្ខំ »​។

លោកស្រី​បន្ត​ថា​៖ «​ឥឡូវ​ពួក​គេ​បាន​ផ្លាស់​ប្តូរ​ឥរិយា​បទ​ច្រើន ប៉ុន្តែ​លទ្ធផល​មិន​ទាន់​បាន​ល្អ ដូច​អ្វី​ដែល​យើង​រំពឹង​ទុក​នោះ​ទេ »៕