ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សញ្ញា​ដែល​បង្ហាញ​ថា​រាង​កាយ​អ្នក​ត្រូវការ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3​បន្ថែម

7 ឆ្នាំ មុន

អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3 ដែល​គេ​ស្គាល់​ថា​ជា​អាស៊ីត​ខ្លាញ់ N-3 គឺជា​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត​ដែល​មាន​សារៈសំខាន់​សម្រាប់​សុខភាព​ទូទៅ​។ អាស៊ីត​ខ្លាញ់​ក្នុង​កម្រិត​ទាប ឬ​មិន​គ្រប់គ្រាន់​អាច​នាំ​ឱ្យ​មាន​បញ្ហា​កង្វះ​សារធាតុ​ចាំបាច់​ក្នុង​រាង​កាយ

អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3 ដែល​គេ​ស្គាល់​ថា​ជា​អាស៊ីត​ខ្លាញ់ N-3 គឺជា​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត​ដែល​មាន​សារៈសំខាន់​សម្រាប់​សុខភាព​ទូទៅ​។ អាស៊ីត​ខ្លាញ់​ក្នុង​កម្រិត​ទាប ឬ​មិន​គ្រប់គ្រាន់​អាច​នាំ​ឱ្យ​មាន​បញ្ហា​កង្វះ​សារធាតុ​ចាំបាច់​ក្នុង​រាង​កាយ ។ កង្វះ​នៃ​សារធាតុចិញ្ចឹម​អាច​ជា​ការ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​របស់​អ្នក​និង​បង្ក​ឱ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន ។ ខាងក្រោម​នេះ​ជា​បញ្ហា​មួយ​ចំនួន​ដែល​បង្ហាញ​ថា រាង​កាយ​របស់​អ្នក​ត្រូវការ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3 បន្ថែម​ទៀត​៖

១-​បញ្ហា​បេះដូង ៖ តួនាទី​របស់​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3 នៅ​ក្នុង​ជំងឺ​សរសៃឈាម​បេះដូង​គឺ​មាន​សារៈសំខាន់​។ ក្រុម​អ្នកជំនាញ​បាន​ណែនាំ​ឲ្យ​ទទួលទាន​របប​អាហារ​ដែល​មាន​កម្រិត​ជាតិ​ខ្លាញ់​ឆ្អែត​ទាប និង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់ polyunsaturated និង monounsaturated (​រួម​ទាំង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3) ដើម្បី​បង្ការ​ជំងឺ​បេះដូង។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3 ជួយ​កាត់​បន្ថយ​កត្តា​ហានិភ័យ​នៃ​ជំងឺ​បេះដូង​រួម​មាន​កូ​ឡេ​ស្តេ​រ៉ុល និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ដោយ​កាត់​បន្ថយ​ការ​កកើត​បន្ទះ​ខ្លាញ់ និង​កំណក​ឈាម ដែល​អាច​ធ្វើ​ឱ្យ​ស្ទះ​សរសៃឈាម​អារ​ទែ ។ វា​ជា​ការ​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ចង្វាក់បេះដូង​មិនធម្មតា ចំពោះ​អ្នក​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​បេះដូង ។

២-​បញ្ហា​ផ្លូវចិត្ត ៖ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា 3 ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សារសំខាន់​សម្រាប់​ការ​ចង​ចាំ និង​សុខភាព​ផ្លូវចិត្ត​។ ពួក​វា​ជួយ​បង្កើត​ភ្នាស​កោសិកា​នៅ​ក្នុង​ខួរ​ក្បាល ដែល​មាន​សារៈសំខាន់​សម្រាប់​សុខភាព​ខួរក្បាល ។ ដូច្នេះ​ហើយ​ការ​ទទួលទាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3 មាន​សារៈសំខាន់​សម្រាប់​មុខងារ​របស់​ខួរក្បាល​។ ការ​ទទួល​ទាន​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3 ក្នុង​កម្រិត​ទាប​អាច​នាំ​ឱ្យ​មាន​ជំងឺ ADHD និង​ការ​សិក្សា​ធ្លាក់​ចុះ ។

៣-​ជំងឺ​បាក់ទឹកចិត្ត ៖ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា 3​ជា​ពិសេស​ប្រភេទ EPA និង DHA គឺ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ និង​គ្រប់គ្រង​ជំងឺ​បាក់ទឹកចិត្ត ។ ការ​ទទួលទាន​ជាតិ​ខ្លាញ់​នេះ​មិន​គ្រប់គ្រាន់​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​បាក់ទឹកចិត្ត ព្រមទាំង​ធ្វើ​ឲ្យ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​វិ​វ​ឌ្ឍ​កាន់តែ​អាក្រក់ ។

៤-​បញ្ហា​គំហើញ ៖ ការ​មាន​បញ្ហា​ភ្នែក​គឺជា​រោគ​សញ្ញា​មួយ​ផ្សេង​ទៀត​នៃ​ការ​ខ្វះ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3 ។ អាស៊ីត​ខ្លាញ់​នេះ​គឺជា​សមាស​ភាគ​សំខាន់​នៃ​ម៉ូលេគុល​ជាតិ​ខ្លាញ់ ដែល​ជួយ​ធ្វើ​ឲ្យ​ភ្នែក​របស់​អ្នកមាន​សុខភាព​ល្អ ។ ពួក​វា​ក៏​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​បង្ហូរ​សារធាតុ​រាវ​ខាងក្នុង​ភ្នែក​ធ្វើការ​បាន​ត្រឹមត្រូវ​ផង​ដែរ ដូច្នេះ​វា​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​មាន​សម្ពាធ​ខ្ពស់ និង​ជំងឺ​ដក់​ទឹក​ក្នុង​ភ្នែក ។ ជំងឺ​ស្ងួត​គ្រាប់ភ្នែក​ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​បញ្ហា​កង្វះ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3​ផង​ដែរ ។

៥-​ការ​រលាក និង​ការ​ឈឺសន្លាក់ ៖ បញ្ហា​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3 មិន​គ្រប់គ្រាន់​ក្នុង​រាង​កាយ​អាច​នាំ​ឱ្យ​មានការ​រលាក​សន្លាក់ ដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ ។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​3 មាន​លក្ខណសម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​និង​ការ​រលាក​ក្នុង​រាង​កាយ ។ អាស៊ីត​ខ្លាញ់​នេះ​ក៏​ជួយ​កាត់​បន្ថយ​ការ​រឹង​សន្លាក់ និង​បន្ថយ​តម្រូវការ​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ផង​ដែរ ៕