សារព័ត៌មានរបស់ម៉ាឡេស៊ីបានផ្សាយកាលពីពេល ថ្មីៗកន្លងមកថា ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ដែលចូលច្រឹបស្បែកអវយវៈភេទនៅគ្លីនិកមួយ ជួបរឿងអកុសលដោយគ្រូពេទ្យមានកំហុសឆ្គងក៏ច្រឹបដាច់ចុងអវយវៈភេទ ។
ហេតុការណ៍ដ៏ចម្លែកនោះកើតឡើងនៅថ្ងៃទី២០ ធ្នូ ឆ្នាំ២០១៦ ក្នុងពេលក្មេងប្រុសអាយុ១០ឆ្នាំ ចូលច្រឹបស្បែកប្រដាប់ភេទនៅគ្លីនិកមួយក្នុងក្រុងថាម៉ាន សេរ៉ាស អ៊ូតាម៉ា រដ្ឋស្លាងង៉ ភាគខាងលិច ប្រទេសម៉ាឡេស៊ី ។ គ្រូពេទ្យប្រាប់ឪពុករបស់ក្មេងប្រុសដែលរង់ចាំនៅខាងក្រៅបន្ទប់ថា ហេតុការណ៍កើតឡើងក្នុងពេលកំពុងច្រឹប ធ្វើឱ្យបរិវេណចុងអវយវៈភេទរបស់កុមារដាច់របួស ។ ឃើញដូច្នេះឪពុកប្រញាប់នាំកូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដើម្បីតភ្ជាប់អវយវៈភេទវិញ ។ ការវះកាត់ដើម្បីតភ្ជាបប្រដាប់ភេទបានដំណើរការយ៉ាងល្អប្រសើរ ។
នៅក្នុងរបាយការណ៍បញ្ជាក់ថា វេជ្ជបណ្ឌិតដែលវះកាត់ច្រឹបនោះមានបទពិសោធន៍២១ឆ្នាំមកហើយ និងបញ្ចប់ការសិក្សាពីមហាវិទ្យាល័យការាជី ប្រទេសប៉ាគីស្ថាន ។
ចំណែកគ្លីនិកដែលទទួលច្រឹបចុងនេះអស់រយៈពេល១៥ឆ្នាំមកហើយ ប៉ុន្តែគ្មានការចុះបញ្ជីពីក្រសួងសុខាភិបាលទេ ។ ឪពុករបស់ក្មេងរងគ្រោះបានប្តឹងប៉ូលិសទាក់ទិនហេតុការណ៍នោះ ៕
ចែករំលែកព័តមាននេះ