ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ដី​ក្នុង​ក្រុង​បាងកក​នឹង​កើនឡើង​ពី​10%​ទៅ​30%​នៅ​ឆ្នាំ​2017

7 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ទោះជា​មានការ​បង្អាក់​ពន្ធ​ដី និង​អគារ​១​ឆ្នាំ​ក្តី ប៉ុន្តែ​តម្លៃ​ដី​សរុប​របស់​ទីក្រុង​បាងកក ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​កើនឡើង​ពី​១០%​ទៅ​៣០%​ឯណោះ​ក្នុង​ឆ្នាំ​២០១៧ ហើយ​តម្លៃ​ខុន​ដូ​នៅ Greater Bangkok

ប្រទេស​ថៃ ៖ ទោះជា​មានការ​បង្អាក់​ពន្ធ​ដី និង​អគារ​១​ឆ្នាំ​ក្តី ប៉ុន្តែ​តម្លៃ​ដី​សរុប​របស់​ទីក្រុង​បាងកក ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​កើនឡើង​ពី​១០%​ទៅ​៣០%​ឯណោះ​ក្នុង​ឆ្នាំ​២០១៧ ហើយ​តម្លៃ​ខុន​ដូ​នៅ Greater Bangkok នឹង​កើនឡើង​ប្រមាណ​៦%-៧% ផង​ដែរ ។

លោកស្រី Nalinrat Chareonsuphong ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​អចលនទ្រព្យ Property Marketing Co និយាយ​ថា ៖ « ការ​កើនឡើង​នៃ​តម្លៃ​ដី​ជា​មធ្យម​ក្នុង​ឆ្នាំ​២០១៧ នឹង​ខ្ពស់​ជាង​ឆ្នាំ​២០១៥ និង​២០១៦ ដែល​ស្មើនឹង​៥%-១០% » ។

ការ​លក់​ក្នុង​តម្លៃ​ដ៏​ខ្ពស់​អាច​នឹង​កើត​មាន​ឡើង​នៅ​ឆ្នាំ​ក្រោយ ប្រសិនបើ​ដី​ជា​កម្មសិទ្ធិ​របស់​ស្ថានទូត​អង់គ្លេស​ត្រូវ​បាន​លក់​ចេញ ។

លោកស្រី Nalinrat បន្ត​ថា កង្វះខាត​ដី និង​ការ​កើនឡើង​នៃ​តម្លៃ​ដី នឹង​ធ្វើ​ឲ្យ​តម្លៃ​ខុន​ដូ​នៅ​តំបន់​ក្នុង​ក្រុង​កើនឡើង​ប្រមាណ​៩%-១០%​ផង​ដែរ​នៅ​ឆ្នាំ​ក្រោយ ។ ប៉ុន្តែ​ក្រុមហ៊ុន​អចលនទ្រព្យ គួរ​ប្រុង​ប្រយ័ត្ន​ផង​ដែរ​ក្នុង​ការ​វិនិយោគ​លើ​ដី​នៅ​ក្រៅ​ក្រុង​បាងកក ព្រោះ​អតិថិជន​ប្រហែលជា​គ្មាន​សមត្ថភាព​ទិញ​វា​ឡើយ ។

យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ខាងលើ ខុន​ដូ​ថ្មី​ៗ​ដែល​បាន​ដាក់​លក់​នៅ​បាងកក​នា​ឆ្នាំ​នេះ សរុប​មាន​ចំនួន​៤​ម៉ឺន​យូ​នី​ត​ពី​គម្រោង​៩៤ ដែល​តិច​ជាង​២៥%​នៃ​ខុន​ដូ​៥៣​ពាន់​យូ​នី​ត​បាន​ដាក់​លក់​កាលពី​ឆ្នាំ​មុន ។

ក្រុមហ៊ុន​អចលនទ្រព្យ​មាន​គម្រោង​លក់​ខុន​ដូ​ប្រមាណ​៥​ពាន់​យូ​នី​ត​នា​ត្រីមាស​ទី​៤​នេះ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​វិញ ព្រោះតែ​ជា​រយៈពេល​កាន់ទុក្ខ ។

ទោះ​យ៉ាងណា លោកស្រី​បន្ថែម​ថា ទោះជា​មានការ​ពន្យារពេល​ក៏​ពិតមែន ប៉ុន្តែ​មាន​ខុន​ដូ​ថ្មី​៧០%​បាន​ដាក់​លក់​ក្នុង​ឆមាស​ទី​១ ដែល​បង្ហាញ​ថា ក្រុមហ៊ុន​អចលនទ្រព្យ​ពិតជា​មាន​ជំនឿ​ទុកចិត្ត​លើ​ការ​លូតលាស់​នៃ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ក្រុង​បាងកក ។

តំបន់​ដាក់​លក់​ខុន​ដូ​ថ្មី​ៗ​ជា​ច្រើន​រួម​មាន Phra Khanong និង Suan Luang បាន​ដាក់​លក់​១០.៧០០​យូ​នី​ត​, Phaya Thai និង Ratchadaphisek លក់​៩.២០០​យូ​នី​ត និង Ngamwongwan និង Tiwanon លក់​៦.៩០០​យូ​នី​ត ។ ចំណែក​ខុន​ដូ​លក់​មិន​ចេញ​សរុប​មាន​ប្រមាណ​៤៨​ពាន់​យូ​នី​ត គឺ​តិច​ជាង​ឆ្នាំ​មុន ដែល​ស្មើ​រហូត​ដល់​៥៤​ពាន់​យូ​នី​ត ៕