ប្តី-ប្រពន្ធវ័យចំណាស់អាយុ៩២ឆ្នាំ ជនជាតិចិនដែលបានរួមរស់ជាមួយគ្នាស្ទើរអស់មួយជីវិតទៅហើយនោះ នៅតែបង្ហាញក្តីស្រលាញ់ក្នុងជីវិតចុងក្រោយ ដោយលោកយាយបាននៅក្បែរ និងចាប់ដៃលោកតាបញ្ជាក់ពីទឹកចិត្តស្មោះស្ម័គ្ររបស់ខ្លួនថា «កុំបារម្ភ ខ្ញុំនឹងតាមទៅរស់នៅជាមួយបងជារៀងរហូត» ។
«ស៊ីនមីន» របស់ចិនកាលពីថ្ងៃទី២៧ ធ្នូ ២០១៦ ផ្សាយថា ប្តី-ប្រពន្ធវ័យចំណាស់មួយគូនោះបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យអីុនចូវ ក្រុងមីងប៉ូ ខេត្តជឺជាំង ប្រទេសចិន ប៉ុន្តែការស្ថិតនៅជាន់អគារខុសគ្នាដោយលោកតាស្ថិតនៅជាន់ទី៣ និងលោកយាយនៅជាន់ទី១៤ ។ អាការជំងឺរបស់លោកយាយត្រកូល«ហ្វើង» គឺឈឺសន្លាក់ដៃជើងកម្រើកមិនបាន និងត្រូវដេកនៅលើគ្រែ ចំណែកលោកតាមានអាការធ្ងន់ដោយជំងឺបេះដូង និងអវយវៈខាងក្នុងស្ថិតក្នុងសភាពដុនដាប ។ ទាក់ទិននឹងអាការជំងឺនោះលោកតាម្រេចចិត្តមិនទទួលការព្យាបាលទេ តែមានរឿងមួយដែលគាត់ចង់បាន គឺឃើញមុខប្រពន្ធជាលើកចុងក្រោយមុនពេលស្លាប់ ។
ឮដូច្នេះកូនចៅសម្រេចចិត្តធ្វើតាមបំណងរបស់លោកតាហ្វើង ហើយគ្រូពេទ្យអនុញ្ញាតឱ្យរុញគ្រែរបស់លោកយាយទៅជាន់ទី៣ក្នុងករណីពិសេសបណ្តោះអាសន្ន ដើម្បីឱ្យលោកយាយបានជួបលោកតាជាលើកចុងក្រោយ ។
នៅពេលប្តី-ប្រពន្ធវ័យចំណាស់ទាំង២បានជួបគ្នា និងចាប់ដៃគ្នាលោកយាយបញ្ជាក់ប្រាប់លោកតាថា «កុំបារម្ភលើខ្ញុំអី ខ្ញុំអាចថែទាំខ្លូនឯងបាន ចាំខ្ញុំផង ខ្ញុំនឹងទៅរកបង» ។
លោកស្រីវាំងហាន ហ្វាង ជាគ្រូពេទ្យប្រចាំការនៅបន្ទប់ ICU បានបង្ហាញក្តីរំភើប និងគួរឱ្យរន្ធត់ដោយយកទូរស័ព្ទថតពីសកម្មភាពនោះទុក និងបញ្ជាក់ថា «ខ្ញុំមិនធ្លាប់ជួបហេតុការណ៍បែបនេះនៅក្នុងជីវិតទេ ក្នុងនាមជាគ្រូពេទ្យ ខ្ញុំបានធ្វើតាមបណ្តាំចុងក្រោយរបស់អ្នកជំងឺ ប៉ុន្តែពេលនេះជាពេលដ៏មានអត្ថន័យបំផុត និងធ្វើឱ្យខ្ញុំដឹងថា ក្តីស្រលាញ់ពិតជាមានមែននៅលើផែនដីនេះ» ៕
ចែករំលែកព័តមាននេះ