«Reuter»ផ្សាយកាលពីពេល ថ្មីៗកន្លងមកថាក្រុមហ៊ុនអាកាសចរណ៍កូរ៉េអ៊ែររបស់កូរ៉េខាងត្បូងត្រៀមកែសម្រួលឱ្យបុគ្គលិកបម្រើលើយន្តហោះអាចប្រើកាំភ្លើងឆក់«Stun Gun» ចាត់ការទៅលើអ្នកដំណើរណាដែលបង្កភាពចលាចលនៅលើយន្តហោះនិងបង្កើនចំនួនបុគ្គលិកបុរស ។ ការកែសម្រួលនេះក្រោយពីតារាចម្រៀងជនជាតិអាមេរិក លោក Richard Marx រិះគន់ពីការគ្មានប្រសិទ្ធភាពរបស់អាកាសចរណ៍កូរ៉េលើករណីដែលអ្នកដំណើរធ្វើបាបនារីបម្រើភ្ញៀវលើយន្តហោះ ។
ក្រុមហ៊ុនអាកាសចរណ៍់«Korea Air»ឱ្យដឹងពីការកែសម្រួលថ្មីនោះ រួមទាំងហ្វឹកហ្វឺនពីសុវត្ថិភាពដល់បុគ្គលិកនិងបទដ្ឋានត្រួតពិនិត្យពេលឡើងលើយន្តហោះចំពោះបុគ្គលណាមានជីវប្រវត្តិបង្កចលាចលដល់សុវត្ថិភាពលើជើងហោះហើរ ។
បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍កូរ៉េមានបុគ្គលិកបុរសត្រឹមតែ១ភាគ១០នៃបុគ្គលិកបម្រើការលើយន្តហោះ ប៉ុន្តែក្រុមហ៊ុនបញ្ជាក់ថា ចាប់ពីពេលនេះតទៅនឹងព្យាយាមឱ្យគ្រប់ជើងហោះហើរត្រូវមានបុគ្គលិកទទួលភ្ញៀវបុរសយ៉ាងតិចម្នាក់ ។
កាលពីពេល ថ្មីៗកន្លងមកលោក Marx ជាម្ចាស់បទចម្រៀង«Right Here Waiting»បានបង្ហោះតាមហ្វេសប៊ុក និងបង្ហាញអត្ថបទរៀបរាប់ពីរឿងរ៉ាវដែលលោកចូលជួយគ្រប់គ្រងស្ថានការណ៍ចលាចល ខណៈពេលបុរសអ្នកដំណើរម្នាក់កើតអាការឆេវឆាវវាយធ្វើបាបនារីបម្រើលើយន្តហោះ និងអ្នកដំណើរផ្សេងទៀតនៅលើជើងហោះហើរ«Korea Air»ពីក្រុងហាណូយទៅក្រុងសេអ៊ូល ៕
ចែករំលែកព័តមាននេះ