ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាហ្វេ​មណ្ឌលគិរី​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ទាំង​លើ​ទីផ្សារ និង​ការ​ដាំ​ដុះ

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ដំណាំ​កសិឧស្សាហកម្ម​កាហ្វេ​នៅ​ខេត្តមណ្ឌលគិរី​បាន​បើក​ទំព័រ​ប្រវត្តិ សាស្ត្រ​ថ្មី​ទាំង​ផ្នែក​ទីផ្សារ និង​ការ​ដាំ​ដុះ ខណៈ​មានការ​បញ្ជា​ទិញ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​យ៉ាងច្រើន ស្រប​ពេល​ដែល​គុណភាព​កាហ្វេ​នៅ

ខេត្តមណ្ឌលគិរី ៖ ដំណាំ​កសិឧស្សាហកម្ម​កាហ្វេ​នៅ​ខេត្តមណ្ឌលគិរី​បាន​បើក​ទំព័រ​ប្រវត្តិ សាស្ត្រ​ថ្មី​ទាំង​ផ្នែក​ទីផ្សារ និង​ការ​ដាំ​ដុះ ខណៈ​មានការ​បញ្ជា​ទិញ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​យ៉ាងច្រើន ស្រប​ពេល​ដែល​គុណភាព​កាហ្វេ​នៅតំបន់​ភូមិភាគ​ឦសាន​នេះ​ត្រូវ​បាន​មហាជន​ទទួលស្គាល់ និង​កោតសរសើរ​អំពី​ផលប្រយោជន៍ និង​រសជាតិ​យ៉ាង​ឈ្ងុយ​ឆ្ងាញ់ ។

ក្រោយ​ពី​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ព្រោះតែ​ផលិតផល​ផលិត​តាម​បែប​ធម្មជាតិ អង្គការ YMCA របស់​ប្រទេស​កូរ៉េ​ដែល​មាន​ការិយាល័យ​នៅ​ក្រុង​សែន​មនោ​រម្យ បាន​ផ្តល់​ទុន​ដល់​ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​ព្នង​នៅ​ឃុំ​ប៊ូ​ស្រា ដើម្បី​ដាំ​ដំណាំ​កាហ្វេ​ដែល​មិន​ប្រើប្រាស់​សារធាតុ​គីមី​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​របស់​ខ្លួន​ដោយ​មិន​កំណត់​ចំនួន និយាយ​រួម​មាន​ប៉ុន្មាន​គឺ​យក​ប៉ុណ្ណឹង ។

លោក Kangsan Keum តំណាង​អង្គការ YMCA បាន​ឲ្យ​ដឹង​ថា កាហ្វេ​ដែល​មាន​រសជាតិ​ឈ្ងុយ​ខ្លាំង​គឺ​គេ​ប្រើ​តែ​ជី​កំ​ប៉ុ​ស្ត​សុទ្ធ​ដាក់​តាម​គុម្ព​នីមួយ​ៗ​ដោយ​ក្នុង​មួយ​គុម្ព​ត្រូវ​ដាក់​ជី​កំ​ប៉ុ​ស្ត​២​ទៅ​៣​គីឡូក្រាម​ជា​ការ​ល្អ ។ លោក​ថា បច្ចុប្បន្ន​ខាង​អង្គការ YMCA បាន​ចុះ​មក​បង្រៀន​ដល់​កសិករ នៅ​ឃុំ​ប៊ូ​ស្រា​ចំនួន​៦​គ្រួសារ និង​បាន​ផ្តល់​ជូន​ពួក​គាត់​នូវ​បច្ចេក​ទេស​ក្នុង​ការ​ដាំ​ដុះ សម្ភារ​ប្រើប្រាស់ ម៉ាស៊ីន​វាយ​បំបែក​សំបក​កាហ្វេ​ស្រស់ ។ បង្រៀន​ពី​របៀប​ផលិត​ជីធម្មជាតិ​បាន​មក​ពី​សំបក​ផ្លែ​កាហ្វេ​ព្រមទាំង​គ្រាប់ពូជ​ដែល​នាំ​ចូល​ពី​បរទេស​ថែម​ទៀត​ផង ។ ហើយ​ថែម​ទាំង​ធានា​រក​ទីផ្សារ​លក់​កាហ្វេ​សម្រាប់​ពួក​គាត់​ដែល​បាន​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ​ក្នុងស្រុក ។

លោក​បន្ត​ថា ជំហាន​ដំបូង​ខាង​អង្គការ​YMCA បាន​ជួយ​ដល់​សហគមន៍​ក្នុង​ការ​ដាំ​ដំណាំ​កាហ្វេ និង​ស្វាយចន្ទីរ​ដោយ​សាកល្បង​នៅ​ស្រុក​ពេ​ជ្រា​ដា​ហើយ​ទទួល​ទិញ​ពី​សហ​គមន៍​​ដែល​ពួក​គាត់​ផលិត​បាន​ក្នុង​តម្លៃ​ខ្ពស់​ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​កូរ៉េ ។

លោក រួយ ទើប ប្រធាន​សហគមន៍​កាហ្វេ​នៅ​ភូមិ​ទី​៦​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា បាន​ឲ្យ​ដឹង​ថា គាត់​បាន​ប្រកប​របរ​ដាំ​កាហ្វេ​៣​ឆ្នាំ​មក​ហើយ ពូជ​កាហ្វេ​ដែល​គាត់​ដាំ​កំពុង​ប្រមូល​ផល​នេះ លោក​ទិញ​ពី​ប្រទេស​វៀតណាម​ដែល​មានឈ្មោះ​ថា រ៉ូ​ប៊ឺ​ស្តា មក​ដាំ​សាង​ល្បង​ចំនួន​៣.៥០០​គុម្ព ។

លោក រួយ ទើប រៀបរាប់​ថា ដោយសារ​តែ​ពី​មុន​កាហ្វេ​ពុំ​មាន​ទីផ្សារ​ច្បាស់លាស់ ទើប​ពួក​គាត់​ស្ទើរតែ​បោះបង់​ចោល​ដោយ​ពុំ​បាន​មើលថែ​ឲ្យ​បាន​ដិត​ដល់​នោះ​ទេ ។ ទើបតែ​ឆ្នាំ​២០១៦​នេះ​មាន​អង្គការ​នៅ​ប្រទេស​កូរ៉េ​ឈ្មោះ YMCA បាន​មក​ទាក់ទង​ពួក​គាត់​និង​បាន​ផ្ដល់​សម្ភារ​ប្រើប្រាស់​បង្រៀន​ពី​របៀប​ដាំ​ដុះ​ថែទាំ ព្រមទាំង​ចែក​គ្រាប់ពូជ​ដែល​នាំ​ចូល​មក​ពី​ប្រទេស​អា​រ៉ាប់​ដែល​មានឈ្មោះ អា​រ៉ា​ប៊ី​កា ។ លោក​ថា បច្ចុប្បន្ន​ការ​ដាំ​កាហ្វេ​ពូជ​ថ្មី​នេះ​គឺ​លោក​ដាំ​បាន​ចំនួន​៩០០​គុម្ព​រួច​មក​ហើយ លោក​គ្រោង​នឹង​ពង្រីក​ការ​ដាំ​ដុះ​បន្ថែមចំនួន​៦.០០០​គុម្ព​នៅ​ឆ្នាំ​ក្រោយ ប្រសិនបើ​ទីផ្សារ​កាហ្វេ​នៅ​តែ​ល្អ ។

បច្ចុប្បន្ន​កសិករ​លក់​កាហ្វេ​ឲ្យ​អង្គការ​YMCA ក្នុង​តម្លៃ​៤.០០០​រៀល​ក្នុង​១​គីឡូក្រាម សម្រាប់​កាហ្វេ​ស្រស់​មិន​ទាន់​ហាល​ស្ងួត តែបើ​កាហ្វេ​ស្ងួត​លក់​បាន​តម្លៃ​៦.០០០​រៀល​ស្រប​ពេល​ដែល​ឈ្មួញ​មួយ​ចំនួន​ដើរ​ទិញ​តាម​ភូមិ​ថ្លៃ​ត្រឹមតែ​២.០០០​ទៅ​៣.០០០​រៀល​ក្នុង​១​គីឡូក្រាម សម្រាប់​គ្រាប់​កាហ្វេ​ស្រស់ ចំណែកឯ​កាហ្វេ​ហាល​ស្ងួត​ថ្លៃ​៥.០០០​រៀល​ប៉ុណ្ណោះ ។

ការ​ថែទាំ​កាហ្វេ​គឺ​ចាំបាច់​ត្រូវ​ដើរ​បេះ​ខ្នែង​វា​ដុះ​ចេញពី​មែក និង​ត្រូវ​ស្រោច​ទឹក​នៅ​រដូវប្រាំង​ឲ្យ​បាន​ក្នុង​១​គុម្ព ចំណុះ​ទឹក​១០​ទៅ​២០​លី​ត្រ ក្នុង​១​ថ្ងៃ ។ បើ​នៅ​រដូវវស្សា​ទឹក​មិនបាច់​ស្រោច​ក៏​បាន ព្រោះ​អាកាសធាតុ​ត្រជាក់ និង​មាន​ភ្លៀង​ធ្លាក់​សើម​ដី ។ តែបើ​ដី​ស្ងួត​អាច​ស្រោច​ទឹក​៣​ថ្ងៃ​ម្ដង និង​ថែម​ជី​ក្នុង​១​គុម្ព​២​បង្គី​សម្រាប់​ជី​កំ​ប៉ុ​ស្ត ។

គាត់​បាន​អះអាង​ថា ការ​ថែទាំ​កាហ្វេ​ដិត​ដល់​វា​នឹង​ហុច​ផល​ក្នុង​រយៈពេល​៣​ឆ្នាំ នៅ​ឆ្នាំ​ទី​៤​ទើប​គេ​ចាប់ផ្ដើម​ប្រមូល​ផល​មែនទែន ។ ដើម​កាហ្វេ បើ​គេ​អាច​ថែទាំ​វា​បាន​ល្អ​ស្រោច​ទឹក​ដាក់​ថែម​ជី​គ្រប់គ្រាន់ វា​នឹង​ឲ្យ​ផល​បេះ​ផ្លែ​បាន​រហូត​ដល់​ជិត​២០​ឆ្នាំ ។ ហើយ​វា​អាច​ផ្តល់​ទិន្នផល​ប្រមាណ​ពី​៣​ទៅ​៦​តោន​ក្នុង​មួយ​ហិ​កតា ។

លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ថា បច្ចុប្បន្ន​នេះ​ផ្ទៃដី​ដំណាំ​កាហ្វេ​មានការ​កើនឡើង​ច្រើន ដោយ​ឆ្នាំ​២០១៦​នេះ​ផ្ទៃដី​ដំណាំ​កាហ្វេ​នៅ​ទូ​ទាំង​ខេត្តមណ្ឌលគិរី​មាន​ចំនួន​ជាង​៧០​ហិ​កតា ដែល​កាលពី​ឆ្នាំ​២០១៥​មាន​ចំនួន​ប្រមាណ​៣០​ទៅ​៤០​ហិ​កតា​ប៉ុណ្ណោះ ។ ចំណែក​ទីផ្សារ​កាហ្វេ​សព្វ​ថ្ងៃនេះ​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ថា កំពុង​មាន​តម្រូវការ​ខ្ពស់​ដោយសារ​តែ​ប្រជាពលរដ្ឋ​ជា​ពិសេស​អ្នក​និយម​ពិសា​កាហ្វេ​បាន​យល់​ដឹង​ច្បាស់​ពី​ផល​ប្រ​យោ​ជ​ន៏​នៃ​ការ​ពិសា​កាហ្វេ​ធម្មជាតិ និង​កាហ្វេ​គីមី​មាន​ភាព​ខុស​គ្នា​ដូច​ម្តេច ។

របាយការណ៍​ក្រៅផ្លូវការ​មួយ​ដែល​កោះសន្តិភាព​ទទួល​បាន​កន្លង​មក កាហ្វេ​ធម្មជាតិ​របស់​ខេត្តមណ្ឌលគិរី បាន​នាំ​ចេញ​ក្រៅប្រទេស (​កូរ៉េ និង​ចិន​)​ប្រមាណ​៥​ទៅ​១០​តោន​ផង​ដែរ​ក្នុង​មួយ​ឆ្នាំ ។ ខណៈ​កាហ្វេ​ធម្មជាតិ​មណ្ឌលគិរី នៅ​មិន​ទាន់​អាច​ផ្គត់ផ្គង់​បាន​គ្រប់គ្រាន់​នៅ​ឡើយ ចំពោះ​កំណើន​តម្រូវ​ទីផ្សារ​នា​ពេល​ប​ច្ចុប្បន្ន ៕