ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ម៉ាស៊ីន​វាស់​កម្រិត​ស្រុត​ស្រទាប់​ផ្លូវ ដើម្បី​ត្រួតពិនិត្យ​មុន​ឱ្យ​ក្រុមហ៊ុន​ស្ថាបនា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្លែង​ថា ក្រសួង​នឹង​ប្រើប្រាស់​ម៉ាស៊ីន​វាស់​កម្រិត​ស្រុត​ស្រទាប់​ផ្លូវ

រាជធានី​ភ្នំពេញ ៖ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្លែង​ថា ក្រសួង​នឹង​ប្រើប្រាស់​ម៉ាស៊ីន​វាស់​កម្រិត​ស្រុត​ស្រទាប់​ផ្លូវ ដើម្បី​ត្រួតពិនិត្យ​គុណភាព​ផ្លូវ​មុន​នឹង​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ស្ថាបនា ។

លោក​ទេស​រដ្ឋមន្ត្រី បាន​ថ្លែង​បែប​នេះ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៧ កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ នៅ​ទីស្តីការក្រសួង ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​នាំ​ក្រសួង ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ក្រោម​ឱវាទ តំណាង​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន ។

លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល បាន​លើក​ឡើង​អំពី​សមិទ្ធផល​ការងារ​ដែល​សម្រេច​បាន និង​កំពុង​បន្ត​អនុវត្ត ពាក់ព័ន្ធ​នឹង​កំណែទម្រង់ របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្នុង​នោះ​រួម​មាន កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ឯកភាព​បញ្ចុះតម្លៃ​១០%​នៃ​តម្លៃ​សេវា​លើកដាក់ កុងតឺន័រ​នៅ​ទីលាន​កុងតឺន័រ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ យល់ព្រម​បញ្ចុះតម្លៃ​៥%​នៃ​តម្លៃ​សេវា​លើកដាក់​កុងតឺន័រ​នៅ​ទីលាន​កុងតឺន័រ ភ្នាក់ងារ​កម្ពុជា​នាវាចរ​«​កាំសាប​»​យល់ព្រម​បញ្ចុះ​ថ្លៃ​១០%​នៃ​តម្លៃ​សេវា​កត់ត្រា​កុងតឺន័រ​លើស​ម៉ោង និង​បញ្ចុះតម្លៃ​១០%​នៃ​តម្លៃ​ត្រួតពិនិត្យ​កុងតឺន័រ​នៅ​ពេល​លើកដាក់​នាវា និង​សមាគម​រថយន្ត​ដឹក​ជញ្ជូន​ទំនិញ​កម្ពុជា​យល់ព្រម​កាត់​បន្ថយ​កម្រៃ​សេវា​១០​ដុល្លារ​ក្នុង​មួយ​កុងតឺន័រ​សម្រាប់​បណ្តោយ​៤០​ហ្វ៊ី​ត និង​៥​ដុល្លារ​ក្នុង​មួយ​កុងតឺន័រ​សម្រាប់​បណ្តោយ​២០​ហ្វ៊ី​ត ។

លោក​ទេស​រដ្ឋមន្ត្រី​បន្ត​ថា ក្រសួង​ក៏​បាន​ធ្វើ​កំណែទម្រង់​សំខាន់​ៗ​មួយ​ចំនួន​ទៀត​រួម​មាន ការ​ដាក់​ឱ្យ​ដំណើរការ​មណ្ឌល​ប្តូរ​និង​ពន្យារ​ប័ណ្ណបើកបរ​នៅ​ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល ការ​កាត់​បន្ថយ​សេវា​ក្រៅផ្លូវការ យុទ្ធនាការ​ចុះ​បង្ក្រាប​រថយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ការ​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស​នៃ​ការ​ជួសជុល​កែ​ច្នៃ​យានយន្ត ការ​ពង្រីក​ការ​ផ្តល់​សេវា​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដោយ​ក្រសួង​បាន​ចុះ​កិច្ចសន្យា​នាំ​យក​រថយន្ត​ចល័ត​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​ចំនួន​ពីរ​គ្រឿង ដើម្បី​បង្ខិត​សេវា​ត្រួតពិនិត្យ​យានយន្ត​ឱ្យ​កាន់តែ​ជិត​ប្រជាពលរដ្ឋ ជា​ពិសេស​សម្រាប់​ម្ចាស់​យានយន្ត​នៅ​តាម​បណ្តា​ខេត្ត និង​ការ​ផ្តល់​និង​បិទ​ចំណាំង​ប្លាត​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ។

ជាមួយ​គ្នា​នេះ លោក​ទេស​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​អំពី​គម្រោង​ចេញ​ផ្លា​ក​លេខ​ពិសេស សម្គាល់​ម្ចាស់​យានយន្ត គម្រោង​បង្កើត​ប្រព័ន្ធ​ស្វយ័ត​ប្រវត្តិ​កម្ម ដើម្បី​ផ្តល់​សេវា​សាធារណៈ​លើ​ការ​ចុះបញ្ជី​ប័ណ្ណបើកបរ ការ​ចុះបញ្ជី​យានយន្ត ការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត ការ​សិក្សា​លើ​គម្រោង​រៀបចំ​ស្វយ័ត​ប្រវត្តិ​កម្ម​សម្រាប់​សម្រួល​បែបបទ​នាវា និង​នាវិក​ចេញចូល​នៅ​កំពង់​ផែ ។

ទាក់ទង​នឹង​បញ្ហា​សាធារណការ​វិញ លោក​ទេស​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា ក្រសួង​បាន​ជំរុញ​លើកទឹកចិត្ត​ការ​ស្ថាបនា ជួសជុល ថែទាំ​ផ្លូវ នៅ​ទីប្រជុំជន​ពី​ពេល​ថ្ងៃ​មក​ពេល​យប់​វិញ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​នៅ​ពេល​ថ្ងៃ បាន​គូស​គំនូស​ទួល​បន្ថយល្បឿន គំនូស​ថ្មើរជើង​ឆ្លងកាត់​ផ្លូវ និង​ការ​ជួសជុល​សម្បុកមាន់ តាម​ចំណុច​ផ្លូវ​សំខាន់​ៗ​ដោយ​ប្រើ​បេ​ទី​ម​ត្រជាក់ ដែល​អាច​ប្រើ​បាន​គ្រប់​រដូវ​កាល បាន​គូស​គំនូស​ចរាចរណ៍​នៅ​មហាវិថី​សំខាន់​ៗ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​សុវត្ថិភាព​ចរាចរណ៍​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

បន្ថែម​ពីលើ​នេះ ក្រសួង​បាន​ប្រើប្រាស់​ម៉ាស៊ីន​វាស់​កម្រិត​ស្រុត​ស្រទាប់​ផ្លូវ​ដើម្បី​ត្រួតពិនិត្យ​គុណភាព​ផ្លូវ មុន​នឹង​ធ្វើការ​ប្រគល់​-​ទទួល​ពី​ក្រុមហ៊ុន​ស្ថាបនា ៕