ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ថា​កំសាក សុំ​ឱ្យ​អ្នក​សារព័ត៌មាន​ឈប់​ហៅ​លោក សម រ​ង្ស៊ី ជា​ឯកឧត្តម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ហៅ​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ហៅ​លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​ថា ជា​មនុស្ស​កំសាក​និង​មិន​ហ៊ាន​ចូល​ស្រុក ។ លោក សុខ ឥ​សាន បាន​ហៅ​បែប​នេះ បន្ទាប់​ពី​លោក សម រ​ង្ស៊ី បាន​ហៅ​តុលាការ​ក្នុង​ប្រទេស​ថា​ជា​តុលាការ​អា​យ៉ង ឲ្យ​អ្នកនយោបាយ ។

លោក សុខ ឥ​សាន ថ្លែង​ថា​«​យើង​មិនបាច់​ឆ្ងល់​នោះ​ទេ វា​មិន​មានរឿង​អ្វី​ចម្លែក​នោះ​ឡើយ​ពីព្រោះ​លោក សម រ​ង្ស៊ី និយាយ​ដោយសារ​តែតុលាការ​កាត់សេចក្តី​ដាក់ទោស​គាត់ អ៊ី​ចឹ​ង​គាត់​ម៉េច​ស្រឡាញ់​តុលាការ ។ គាត់​និយាយ​នៅ​ក្នុង​អារម្មណ៍​របស់​គាត់ ដោយ​ស្អប់​តុលាការ​!​ព្រោះ​តុលាការ​កាត់ក្តី​គាត់ ហើយ​ថ្ងៃនេះ​តុលាការ​កាត់ក្តី​គាត់​ឲ្យ​ជាប់គុក​៥​ឆ្នាំ​ទៀត វា​សម​នឹង​ទម្រង់​ទោស​គាត់​ដែល​បាន​ឃុបឃិត​គ្នា​ជាមួយ​ហុង សុខ​ហួរ ដោយ​មិន​ធ្វើ​ខ្លួនឯង​ទេ បែរជា​ឲ្យ​ផេ​ក​របស់​ខ្លួន​ទៅ​លោក ហុង សុខ​ហួរ បង្ហោះ​ដើម្បី​មួលបង្កាច់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ចុះហត្ថលេខា​លុប​ខ្សែបន្ទាត់​ព្រំដែន​វៀតណាម​-​កម្ពុជា ។ នេះ​ហើយ​ជា​ចំណុច​ខុសឆ្គង ដែល​មិន​អាច​អត់ឱន​ឲ្យ​បាន​នោះ​ទេ​» ។

លោក​សុខ ឥ​សាន ក៏​បាន​ឲ្យ​អ្នក​សារព័ត៌មាន​ឈប់​ហៅ​លោក សម រ​ង្ស៊ី ថា​ឯកឧត្តម​បន្ត​ទៀត​ព្រោះថា​លោក សម រ​ង្ស៊ី ពេល​នេះ​មិន​បាន​ស្មើនឹង​ប្រជាជន​ធម្មតា​នោះ​ទេ ។ គាត់​អស់សិទ្ធិ​ឈរឈ្មោះ​បោះ​ឆ្នោត អស់សិទ្ធិ​បោះ​ឆ្នោត​អស់សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដែល​អាច​និយាយថា ​ជា​អនុ​ប្រជាជន គឺ​អន់​ជាង​ប្រជាជន​សាមញ្ញ​ទៅ​ទៀត ។

បើ​តាម​ស្ថានការណ៍​នយោបាយ​នៅ​ពេល​ខាង​មុខ​ទាន់​ទិន​នឹង​វត្តមាន​លោក សម រ​ង្ស៊ី នៅ​កម្ពុជា​នោះ លោក សុខ ឥ​សាន បាន​អះអាង​ថា បើ​លោក សម រ​ង្ស៊ី ចង់​មក​ស្រុក​វិញ​នោះ​អាស្រ័យ​តែ​លើ​ខ្លួន​គាត់ ។ ប៉ុន្តែ​លោក សុខ ឥ​សាន អះអាង​ថា លោក​សម រ​ង្ស៊ី មិន​ចូល​ស្រុក​ទេ ពីព្រោះ​លោក​សម រ​ង្ស៊ី ជា​មនុស្ស​កំសាក​បំផុត ។

យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក សម រ​ង្ស៊ី បាន​សរសេរ​ថា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​ដើម្បី​ផ្តន្ទាទោស​មក​លើ​រូប​ខ្ញុំ​(​សម រ​ង្ស៊ី​)​និង​យុវជន​២​នាក់​គឺ លោក អ៊ឹង ជុង​លាង​(​អាយុ​២១​ឆ្នាំ​) និង​លោក សម្បត្តិ សត្យា (​អាយុ​២៦​ឆ្នាំ​) ជា​ជំនួយការ​ក្នុង​ក្រុមការងារ​ដែល​គ្រប់គ្រង​ទំព័រ​ Facebook ​របស់ខ្ញុំ​» ។

លោក​ថា ការ​បើក​សវនាការ​ជំនុំជម្រះ​នេះ​បន្ទាប់​ពី​តុលាការ​អា​យ៉ង​នៅ​ទីក្រុង​ភ្នំពេញ​បាន​កាត់ទោស​លោក​សមាជិក​ព្រឹទ្ធសភា ហុង សុខ​ហួរ កាលពី​ថ្ងៃ​៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ឲ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ ពី​បទ​ក្លែង​ឯកសារ​សាធារណៈ បទ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​(​គួរ​ឲ្យ​អស់សំណើច​!) ។ តុលាការ​ដដែល​នេះ ក៏​បាន​ធ្វើការ​ចោទប្រកាន់​មក​លើ​ពួក​យើង​ទាំង​៣​នាក់ (​សម រ​ង្ស៊ី​, អ៊ឹង ជុង​លាង និង សម្បត្តិ សត្យា​) ពី​បទ​សមគំនិត​ក្នុង​អ្វី​ដែល​គេ​ចាត់​ទុក​ថា​ជា​បទល្មើស​ទាំង​៣​មុខ​ខាងលើ​នេះ​។

លោក សម រ​ង្ស៊ី បាន​លើក​ឡើង​ថា តុលាការ​ចាំតែ​ធ្វើការ​ចោទប្រកាន់​តាម​បញ្ជា​អ្នកដឹកនាំ​នយោបាយ ដែល​ចង់​កម្ចាត់​គូប្រកួត​របស់​ខ្លួន ។ រឿង​នេះ​ជា​រឿង​នយោបាយ​សុទ្ធសាធ ហើយ​អ្នក​ដែល​ធ្វើការ​ចោទប្រកាន់​នោះ មិន​សំអាង​លើ​ការ​ពិត​មួយ​ដ៏​សំខាន់​ដែល​គេ​ធ្វើ​មិនដឹងមិនឮ ៕