ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាសនិក​អ៊ិ​ស្លា​ម​រាប់រយ​នាក់​ជំទាស់​ការ​ធ្វើ​ផ្លូវ​ក្បែរ​វិហារ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​គណៈ​ដឹកនាំ​នៃ​សាសនា​អ៊ិ​ស្លា​ម​កម្ពុជា បាន​ធ្វើការ​អនុម័ត​ឯកភាព​ឲ្យ​សាលា​រាជធានី​បន្ត​គម្រោង​អភិវឌ្ឍន៍​ដាក់​ប្រព័ន្ធ​លូ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​គណៈ​ដឹកនាំ​នៃ​សាសនា​អ៊ិ​ស្លា​ម​កម្ពុជា បាន​ធ្វើការ​អនុម័ត​ឯកភាព​ឲ្យ​សាលា​រាជធានី​បន្ត​គម្រោង​អភិវឌ្ឍន៍​ដាក់​ប្រព័ន្ធ​លូ និង​បើក​ការដ្ឋាន​ធ្វើ​ផ្លូវ​សាធារណៈ​កាត់​ដី​វិហារអ៊ិ​ស្លា​ម​បឹង​កក់ កាលពី​ថ្ងៃ​ទី​២៦ ធ្នូ កន្លង​មកនេះ​ក្តី ក៏​មិនមែន​ជា​ឆន្ទៈ​រួម​របស់​សាសនិក​អ៊ិ​ស្លា​ម​ទាំងមូល​នោះ​ទេ ។ ជាក់ស្ដែង​នៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី​នា​ថ្ងៃ​ទី​៣០ ធ្នូ មាន​ពលរដ្ឋ​អ៊ិ​ស្លា​ម​មក​ពី​បណ្តា​ខេត្ត​នានា​ប្រមាណ​ជា​៦០០​នាក់ ក្រោយ​ពី​បញ្ចប់​ការសូត្រ​ធម៌​បាន​នាំ​គ្នា​លុតជង្គង់​មុខ​វិហារ​ធ្វើការ​ស្មឹង​ស្មា​ធ​រួច ក៏​បាន​នាំ​គ្នា​លើក​បដា​ធ្វើការ​ប្រឆាំង​ដាច់ខាត​មិន​ឲ្យ​សាលា​រាជធានី​ធ្វើ​ផ្លូវ​R4 កាត់​ដី​វិហារ​ឡើយ ។ ពួក​គេ​ក៏​បាន​អំពាវនាវ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ធ្វើ​ផ្លូវ​វាង​ចេញពី​ដី​វិហារ​វិញ ។

លោក អះ​ម៉ា​ត់ យះ​យ៉ា បាន​ប្រាប់​អ្នកកាសែត​ថា លោក​សុំ​ឲ្យ​សាលា​រាជធានី ធ្វើ​ផ្លូវ​តាម​របង​វិហារ​គឺ​អស់​បញ្ហា ហើយ​បងប្អូន​ខ្មែរ​គោរព​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម រួច​បងប្អូន​សាសនិក​អ៊ិ​ស្លា​ម​ទាំងអស់​ក៏​គោរព​ព្រះពុទ្ធ​សាសនា យើង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​នៅ​ស្រុក​ខ្មែរ ។

លោក​បន្ដ​ថា តាំងពី​ជីដូន​ជីតា​យើង​មក​មិន​ដែល​មាន​បញ្ហា​ជាមួយ​បងប្អូន​សាសនិក​ខ្មែរ​អ៊ិ​ស្លា​ម​នោះ​ទេ យើង​ចង់​រក្សា​ប្រពៃណី វប្បធម៌​នេះ​តទៅ​ទៀត ដូច្នេះ​មិន​អាច​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​នោះ​ទេ ។ លោក​បាន​សុំ​សាលា​រាជធានី​ភ្នំពេញ​សិក្សា​ឡើង​វិញ ហើយ​យក​ប្លង់​ដែល​ក្រុង​ចុះហត្ថលេខា​ហើយ​នោះ​មក​ពិភាក្សា​គ្នា ។ លោក អះ​ម៉ា​ត់ យះ​យ៉ា បាន​ចោទ​ថា ការ​ឯកភាព​គ្នា​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ​កន្លង​មកនេះ មិនមែន​ជា​ការ​ឯកភាព​របស់​ប្រជាពលរដ្ឋ​តំណាង​របស់​វិហារ​នោះ​ទេ ហើយ​ការ​ធ្វើ​ផ្លូវ​នេះ​ដែរ​លោក​ឯកភាព​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ធ្វើ​ក្នុង​របង​ក៏​បាន​ដែរ មិនបាច់​សង​ទេ តែ​ធ្វើ​ឲ្យ​ឆ្ងាយ​បន្តិច ។ លោក​បាន​ចាក់បណ្ដោយ​ថា បើ​យើង​អត់​មាន​ឆន្ទៈ​ដោះស្រាយ​ទេ ហើយ​នៅ​ចចេះ​រឹង​រួស​ធ្វើ​កាត់​របង​គឺ​នាំ​គ្នា​ធ្វើ​ទៅ ។

គួរ​រំលឹក​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៦ ធ្នូ ក្នុង​កិច្ចប្រជុំ​គណៈ​អ៊ី​ម៉ាំ គ្រប់​លំដាប់ថ្នាក់​តំណាង​សាសនិក​អ៊ិ​ស្លា​ម​ទូ​ទាំង​ប្រទេស​របស់​គណៈ​ដឹកនាំ​ជាន់ខ្ពស់ នៃ​សាសនា​អ៊ិ​ស្លា​ម​កម្ពុជា ក្រោម​អធិបតីភាព​លោក សុះ កំ​រី ចាងហ្វាង នៃ គណៈ​ដឹកនាំ​ជាន់ខ្ពស់ នៃ​សាសនា​អ៊ិ​ស្លា​ម​កម្ពុជា​, លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ព្រមទាំង​ថ្នាក់ដឹកនាំ​ឥស្សរជន​អ៊ិ​ស្លា​ម​សំខាន់​ៗ​ប្រមាណ​ជិត​៧០០០​នាក់ តំណាង​ឲ្យ​សាសនិក​អ៊ិ​ស្លា​ម​ទូ​ទាំង​ប្រទេស​ជាង​៧០​ម៉ឺន​នាក់ បាន​ប្រកាស​ថា ការ​ធ្វើ​ផ្លូវ​នេះ សំដៅ​ឱ្យ​មានការ​អភិវឌ្ឍ​នៅ​អនាគត ។

លោក​ឧកញ៉ា អូ​ស្មាន ហា​ស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មុ​ស្លិ​ម​កម្ពុជា បាន​ប្រកាស​ជំហរ​របស់​សហគមន៍​អ៊ិ​ស្លា​ម​ថា សហគមន៍​អ៊ិ​ស្លា​ម​នៅ​តែ​បន្ដ​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​ដាក់​ប្រព័ន្ធ​លូ និង​បើកផ្លូវ​សាធារណៈ​នៅ​ក្បែរ​វិហារ​អ៊ិ​ស្លា​ម​បឹង​កក់​នេះ​ដើម្បី​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ហើយ​ការ​បើកផ្លូវ​និង​ដាក់​ប្រព័ន្ធ​លូ​នេះ​មិន​មាន​ផល​ប៉ះពាល់​ណាមួយ​ដល់​វិហារ​នោះ​ទេ ទោះបីជា​មានការ​វាយ​កំទេច​របង​ខណ្ឌ​ចែក​ដី​សម្រាប់​ស្ថាបនា​ផ្លូវ​របស់​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​២៣ ធ្នូ​កន្លង​ទៅ​ក្តី ។

ដោយឡែក​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ដែរ​ថា បើ​ទោះបី​សាសនិក​អ៊ិ​ស្លា​ម​ប្រមាណ​៩០​ភាគរយ បាន​គាំទ្រ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ដាក់​ប្រព័ន្ធ​លូ និង​បើកផ្លូវ​R4 ដែល​នៅ​ក្បែ​វិហារ​អ៊ិ​ស្លា​ម​បឹង​កក់​នេះ​ក៏​ដោយ លោក​និង​ក្រុមការងារ​បច្ចេកទេស របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​តែ​រង់ចាំ​ទទួល​នូវ​ពាក្យបណ្ដឹង​ជំទាស់​រឿង​គម្រោងការ​អភិវឌ្ឍ​បើកផ្លូវ​R4 នេះ​ជា​និច្ច តែ​ជំហរ​សាលា​រាជធានី នៅ​តែ​បន្ដ​គម្រោង​នេះ​ទៅ​មុខ​ដដែល បើ​ទោះបី​មាន​ក្រុម​បងប្អូន​សាសនិក​អ៊ិ​ស្លា​ម​មួយ​ចំនួន​មក​រារាំង​មិន​គាំទ្រ​គម្រោង​នេះ​ក្ដី ។

បញ្ហា​ហាក់ដូចជា​កាន់តែ​សាំញ៉ាំ​ទៅ​ហើយ​ជុំវិញ​ការ​សាងសង់​ផ្លូវ​កាត់​ដី​វិហា​របឹង​កក់​នេះ ដែល​តាម​មើលទៅ​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​មហា​ក់បាន​ចែក​ជា​២​ក្រុម​ទៅ​ហើយ ដែល​១​ក្រុម​ជា​ថ្នាក់ដឹកនាំ និង​បាន​សំអាង​ថា​ជា​តំណាង​ឱ្យ​បងប្អូន​ខ្មែរ​អ៊ិ​ស្លា​ម​ទូ​ទាំង​ប្រទេស ។ ឯ​មួយ​ក្រុម​ទៀត​ហាក់​ផ្ដើម​ចេញពី​សាសនិក​អ៊ិ​ស្លា​ម​តែ​ម្ដង បាន​ចេញ​មុខ​ជំទាស់​ម្សិលមិញ​នេះ ៕