ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោករដ្ឋមន្ត្រី​សន្យា​ជិះ​យន្តហោះ​ពិនិត្យ​មើល​បទល្មើស​នេសាទ និង​ចុះ​បង្ក្រាប​ក្នុង​1​ខែ​ម្តង

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វ៉េ​ង សា​ខុន បាន​ប្រកាស​ថា លោក​នឹង​ធ្វើការ​ត្រួតពិនិត្យ​មើល​ទីតាំង​បទល្មើស

ខេត្តកំពង់ឆ្នាំង ៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វ៉េ​ង សា​ខុន បាន​ប្រកាស​ថា លោក​នឹង​ធ្វើការ​ត្រួតពិនិត្យ​មើល​ទីតាំង​បទល្មើស​នេសាទ​ជុំវិញ​បឹង​ទន្លេសាប ហើយនឹង​ដឹកនាំ​ក្រុមចម្រុះ​ថ្នាក់​ជាតិ​ចុះ​បង្ក្រាប​ក្នុង​១​ខែ​ម្តង នៅ​តំបន់​ណា​មាន​បទល្មើស​នេសាទ​មិន​ទាន់​អស់ ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​បែប​នេះ ក្រោយ​ពី​បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ថ្នាក់​ជាតិ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ កាលពី​ថ្ងៃ​ទី​២៨ ខែធ្នូ នៅ​ខេត្តពោធិ៍សាត់ និង​ខេត្តកំពង់ឆ្នាំង ។                                                                    

លោក​រដ្ឋមន្ត្រី វ៉េ​ង សា​ខុន មាន​ប្រសាសន៍​ទៀត​ថា ក្រុមការងារ​ចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ គឺ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​រៀបចំ​ជា​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ចុះ​បង្ក្រាប​បទល្មើស​នេសាទ ជា​ពិសេស​បទល្មើស​នេសាទ​ដែល​កើត​មាននៅ​បឹង​ទន្លេសាប និង​ជុំវិញ​បឹង​ទន្លេសាប ។

កាលពី​ថ្ងៃ​ទី​២២ ខែធ្នូ កន្លង​មក គណៈកម្មការ​អន្តរក្រសួង​បាន​ជិះ​ឧទ្ធម្ភាគចក្រ​ហោះ ត្រួតពិនិត្យ​សា​ជា​ថ្មី​ម្តងទៀត​ពីលើ​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយ​មាន​ជ័យ និង​កំពង់ធំ ក្រោយ​ពី​សម្តេច​ក្រឡាហោម ស ខេ​ង បាន​ធ្វើ​ដំណើរ​ឆ្លងកាត់​ទន្លេសាប​នេះ គឺ​សម្តេច​បាន​ប្រទះ​ឃើញ​ភាព​អនាធិបតេយ្យ​នៃ​បទល្មើស​នេសាទ​កើត​ច្រើន ដូចនេះ​សម្តេច​ក្រឡាហោម​បាន​ស្នើ​សុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​បង្កើត​គណៈកម្មការ​អន្តរក្រសួង​មួយ​នេះ​ជា​បន្ទាន់​ដើម្បី​ចេញ​បង្ក្រាប​បទល្មើស​នេសាទ ។

នៅ​ក្នុង​ការ​ហោះ​ពិនិត្យ​ពីលើ​អាកាស​ឃើញ​ថា បណ្តា​ខេត្ត​មួយ​ចំនួន​ចេញ​ប្រតិបត្តិការ​បង្ក្រាប​បាន​ល្អ​ប្រសើរ ឯ​ខេត្ត​មួយ​ចំនួន​ទៀត​នៅ​មាន​បទល្មើស​នៅឡើយ ។
នៅ​ថ្ងៃ​ទី​២៨ ខែធ្នូ​នោះ​ដែរ ក្រុមការងារ​អន្តរក្រសួង ក៏​ដូច​ជា​អាជ្ញាធរ​ដែនដី​ដែល​មាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ធ្វើការ​បង្ក្រាប​របាំង​លប​សាច់​អួន​បាន​ជាង​៣០​របាំង ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ តាម​បទបញ្ជា​របស់​សម្តេច​ក្រឡាហោម គឺ​ក្រុមការងារ​ទាំងអស់​ត្រូវធ្វើ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឲ្យ​ដូច​ភ្លៀងរលឹម​៕