ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​ម៉ូតូ​រ៉ឺម៉ក​65​គ្រឿង​សម្រាប់​ជួសជុល​ផ្លូវ​សម្បុកមាន់​ទូ​ទាំង​ប្រទេស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​លុប​បំបាត់​ផ្លូវ​ខូច​នានា និង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ពី​បញ្ហា​ផ្លូវ​ខូច​ដូច​សម្បុកមាន់​នោះ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន

រាជធានី​ភ្នំពេញ ៖ ដើម្បី​លុប​បំបាត់​ផ្លូវ​ខូច​នានា និង​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ពី​បញ្ហា​ផ្លូវ​ខូច​ដូច​សម្បុកមាន់​នោះ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​ចែក​ម៉ូតូ​រ៉ឺ​ម៉ក​ចំនួន​៦៥​គ្រឿង សម្រាប់​ជួសជុល​ផ្លូវ​សម្បុកមាន់​នៅ​ទូ​ទាំង​ប្រទេស ក្នុង​នេោះ​សម្រាប់​រាជធានី​ភ្នំពេញ​១២​គ្រឿង ហើយនឹង​ចាប់ផ្តើម​ចុះ​ជួសជុល នា​ខែមករា​ឆ្នាំ​២០១៧ ។

ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ក្នុង​ពិធី​ប្រគល់​ម៉ូតូ​រ៉ឺ​ម៉ក​នា​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ នៅ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ថតរូប​ផ្លូវ​ណា​ដែល​មាន​សម្បុកមាន់​ផ្ញើ​មក​ក្រសួង ដើម្បី​ឲ្យ​ក្រសួង​បានដឹង ហើយ​បញ្ជូន​អ្នកជំនាញ​ទៅ​ជួសជុល ។

លោក​ថ្លែង​ថា ការ​ប្រគល់​ម៉ូតូ​រ៉ឺ​ម៉ក​សម្រាប់​ជួល​ជុល​សម្បុកមាន់ ឲ្យ​ទៅ​មន្ទីរ​សាធារណការ​រាជធានី​-​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស​ចំនួន​៦៥​គ្រឿង គឺ​ដើម្បី​យក​ទៅ​ជួសជុល​ផ្លូវ​ខូច​នៅ​តាម​បណ្ដា​ស្រុក​និង​ខេត្ត ។

លោក​ទេស​រដ្ឋមន្ត្រី ថ្លែង​ថា នៅ​ឆ្នាំ​២០១៧​ក្រសួង​មាន​គម្រោង​ទិញ​រ៉ឺ​ម៉ក និង​រថយន្ត​សម្រាប់​ជួសជុល​កន្លែង​ដែល​មាន​សម្បុកមាន់​បន្ថែម​ទៀត​ប្រហែលជា​២០០​គ្រឿង ។ ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៧​ទៅ មន្ត្រី​ស្ថិត​ក្រោម​ក្រសួង​ត្រូវ​តែ​គូស​គំនូស​ផ្លូវ​មាន​សម្បុកមាន់ ។

លោក​បន្ត​ថា ទាំង​អ្នក​សារព័ត៌មាន និង​ប្រជាពលរដ្ឋ បើ​កន្លែង​ណា​មាន​សម្បុកមាន់ ហើយ​អត់​មាន​គំនូស​ពណ៌​ស​ទេ ត្រូវ​រាយការណ៍​មក​ក្រសួង ។

លោក​ទេស​រដ្ឋមន្ត្រី​បញ្ជាក់​ថា «​អ៊ី​ចឹ​ង​បើ​ប្អូន​ៗ ខាង​ទូរទស្សន៍ និង​ខាង​សារព័ត៌មាន​ឃើញ​សម្បុកមាន់ ហើយ​កន្លែង​ណា​មាន​សម្បុកមាន់ ថត​ផ្ញើ​មក​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​សាធារណការ ព្រោះ​យើងខ្ញុំ​មិន​អាច​មើល​បាន​រាប់រយ​ម៉ឺន​សម្បុកមាន់នៅ​ទូ​ទាំង​ប្រទេស​ទេ​» ។

លោក​ទេស​រដ្ឋមន្ត្រី អះអាង​ថា ចំពោះ​ផ្លូវ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​សាធារណការ គឺ​ក្រសួង​មាន​ភារកិច្ច​មើលថែ​ទាំ ព្រោះ​គម្រោង​ថវិកា​ទម្លាក់​មក គឺ​បែងចែក​ទៅ​តាម​ក្រសួង​ដាច់​ដោយឡែក​ពី​គ្នា ។ ផ្លូវ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​មាន ផ្លូវជាតិ និង​ផ្លូវ​ខេត្ត ចំណែក​ផ្លូវ​ក្រោម​ការ​ទទួលខុសត្រូវ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ គឺ​ក្រសួង​នេះ​ជា​អ្នក​ចាត់ចែង​ដោយ​ខ្លួនឯង ។

ចំពោះ​ការ​ប្រគល់​ម៉ូតូ​រ៉ឺម៉ក​សម្រាប់​ជួសជុល​ផ្លូវ​សម្បុកមាន់​នេះ ត្រូវ​បានការ​សាទរ​ពី​ប្រជា​ពលរដ្ឋ ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​សម្តែង​ក្តី​បារម្ភ​ផង​ដែរ​ថា តើ​នៅ​ពេល​ក្រសួង​ប្រគល់​ជូន​ទៅ​តាម​មន្ទីរ​រួច​ហើយ ពួក​គាត់​នឹង​យក​ទៅ​ប្រើប្រាស់ ក្នុង​ការ​ជួសជុល​ឬ​អត់​តាម​ចំណាត់ការ​របស់​ក្រសួង​។ ទោះជា​យ៉ាងណា​ក្តី ពលរដ្ឋ​នៅ​តែ​សង្ឃឹម​និង
ជឿំ​ជាក់​ចំពោះ​ចំណាត់ការ​របស់​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ចំពោះ​បញ្ហា​ផ្លូវ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​នោះ​នឹង​មាន​ប្រសិទ្ធភាព ហើយ​សង្ឃឹមថា​ផ្លូវ​នឹង​លែង​មាន​ជង្ហុក​ឬ​ខូច​តទៅ​ទៀត ៕​