ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បើករថយន្ត​កុងតឺន័រ​ផែស្ងួត តេ​ង​ឡាយ បុក​គោ​គេ​ងាប់​ហើយ​លើកដាក់​លើ​ឡាន​បើក​រត់​ទៀត

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង បាន​ចាប់​ឃាត់​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង នៅ​វេលា​ម៉ោង ៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៦

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង បាន​ចាប់​ឃាត់​រថយន្ត​កុងតឺន័រ​មួយ​គ្រឿង នៅ​វេលា​ម៉ោង ៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​និមិត្តសញ្ញា​ឆ្នាំង​មាស របស់​ខេត្តកំពង់ឆ្នាំង ស្ថិត​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ការ​ឃាត់​ចាប់​រថយន្ត​ខាងលើ​គឺ​តាម​បណ្តឹង​របស់​ម្ចាស់​គោ ដែល​ប្តឹង​ថា រថយន្ត​ខាងលើ​បាន​បុក​គោ​គាត់​ងាប់​ហើយ លើកដាក់​លើ​រថយន្ត​បំណង​លួច​យក​តែ​ម្តង​។

ក្រោយ​ការ​ចាប់​ឃាត់​រថយន្ត​ខាងលើ អ្នកបើកបរ​រថយន្ត​មាន​ភាព​ច្រងេងច្រងាង ទម្រាំ​យក​រថយន្ត និង​គោ​១​ក្បាល មក​ដាក់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​នគរបាល​ខេត្ត  ត្រូវ​ប្រើ​ពេល​យូរ​។ លោក ឈឹ​ម សា​រុន ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ថា ក្រោយ​ពី​ម្ចាស់​ចាប់​ឃាត់​រថយន្ត ជាមួយ​មន្ត្រី​នគរបាល​ក្រុង​កំពង់ឆ្នាំង ហើយ​ធ្វើការ​សម្របសម្រួល​មិន​ត្រូវ​គ្នា​រួច​មក លោកស្នងការ​បាន​ឲ្យ​យក​រថយន្ត និង​គោ​ងាប់​មួយ​ក្បាល​នោះ មក​ស្នងការដ្ឋាន ដើម្បី​ដោះស្រាយ​។

លោក​បាន​បញ្ជាក់​ថា នៅ​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ រថយន្ត​កុងតឺន័រ​១​គ្រឿង របស់​ក្រុមហ៊ុន​ផែស្ងួត តេ​ង​ឡាយ  បាន​បុក​គោ​របស់​មន្ត្រី​យោធា​មួយ​រូប នៅ​ចំណុច​ម្ដុំ​ផ្លូវ​ចូល​បន្ទាយ​របស់​យោធា​អង្គភាព​អភិវឌ្ឍន៍​ព្រៃ​ខៀវ ស្ថិត​នៅ​ភូមិ​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូរណ៍ ពេល​បុក​ហើយ អ្នកបើកបរ និង​ព្រូ​២-៣​នាក់​បាន​ចងជើង​គោ ហើយ​លើកដាក់​លើ​ឡាន ដឹក​ចេញ​មក​តែ​ម្តង​។ ភ្លាម​ៗ​នោះ​ម្ចាស់​គោ បាន​ប្តឹង​ដល់​សមត្ថកិច្ច​ទើប​ចាប់​ឃាត់​រថយន្ត កុងតឺន័រ ជាមួយនឹង​វត្ថុ​តាង គោ​ងាប់​មួយ​ក្បាល​លើ​រថយន្ត​ផង​ដែរ​។

នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៦​នេះ លោក​ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ថា នៅ​យប់​ម៉ិ​ញ​នេះ ការ​ច​ចារ​សម្របសម្រួល មិន​ត្រូវ​គ្នា​នោះ​ទេ ដោយ​ម្ចាស់​គោ​ទារ​សំណង​១​លាន​រៀល បន្ថែម​លើ​តម្លៃ​យក​គោ​ងាប់​១​ក្បាល​នេះ​ទៅ​លក់​ឡៃ​ឡុ​ង​។ តែ​ភាគី​អ្នកបើកបរ​រថយន្ត​មិន​ព្រម នៅ​តែ​ថា​ចាំ​ថៅកែ​មក​ដោះស្រាយ​។ ដោយហេតុ​នេះ​ហើយ ខ្លាច​សត្វ​គោ​នោះ​ងាប់​ស្អុយ​ទើប​សម្រេច​បង្កើត​គណៈកម្មការ មួយ លក់​គោ​នោះ​ឡៃ​ឡុ​ង​ឲ្យ​អ្នក​កាប់​គោ បាន​ថ្លៃ​៦០​ម៉ឺន​រៀល យក​មក​តម្កល់​ទុកជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​បន្ត​នៅ​ព្រឹក​នេះ​ទៀត​។

ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ព្រម​ផ្តិត​មេដៃ​លើ​កំណត់ហេតុ​អ្វី​ទាំងអស់ សូ​ម្បី​កំណត់ហេតុ​លក់​គោ​ឡាយឡុង​។ បើ​ទោះបី​បែប​នេះ​ក្តី សមត្ថកិច្ច​នគរបាល​បាន​និយាយ​ថា បើ​អ្នក​បើ​បររថ​យន្ត​មិន​ព្រម​ដោះស្រាយ សម្របសម្រួល​ជាមួយ​ម្ចាស់​គោ​ទេ វា​នឹង​អាច​ក្លាយ​ពី​រឿង​ចរាចរណ៍​មក​បទល្មើស​ព្រហ្មទណ្ឌ​វិញ ព្រោះ​បាន​លើក​គោ​គេ​ដាក់​លើ​រថយន្ត​ចេញពី​កន្លែង​កើតហេតុ មិន​ប្រាប់​ម្ចាស់​គេ មានទោស​ស្មើ​លួច ព្រោះ​ចំណុច​កើតហេតុ​មាន​ស្លាក​សញ្ញា គោ​ឆ្លងកាត់​ទៀត​ផង​៕