ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ខ្សាច់​មិន​គ្រប​បើក​មក​ឈប់​មុខ​សាលាឃុំ​ទន្លេ​បិទ បញ្ឈឺ​មេឃុំ​ថែម​ទៀត

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​តាម​សងខាង​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ បាន​នាំ​គ្នា​ត្អូញត្អែ​ថា រាល់​ថ្ងៃនេះ​មាន​រថយន្ត​ដឹក​ខ្សាច់​-​គ្រួ​ស​តូច​ធំ

ខេត្ត​ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​តាម​សងខាង​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ បាន​នាំ​គ្នា​ត្អូញត្អែ​ថា រាល់​ថ្ងៃនេះ​មាន​រថយន្ត​ដឹក​ខ្សាច់​-​គ្រួ​ស​តូច​ធំ  ចេញពី​មាត់ទន្លេ​ដឹក​ឡើង​ហៀរ​កំពប់​លើ​ថ្នល់​រាប់​ខែ​ឆ្នាំ​មក​ហើយ​។ កត្តា​នេះ​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ សូ​ម្បី​តែ​ការ​ទទួលទាន​បាយ ត្រូវ​បាចទឹក​លើ​ផ្លូវ ឬ​ចង​កៅស៊ូ​តង់​ជាដើម បើ​ពុំនោះ​ទេ​នឹង​ត្រូវ​ឈ្លក់ ហើយ​ថែម​ទាំង​ពិបាក​នឹង​ដកដង្ហើម​ផង​ដែរ​។

ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ ស៊ឹ​ម វ​ណ្ណី  អាយុ​៥៩​ឆ្នាំ នៅ​ភូមិ​យាយ​ស ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៦​ថា ផ្ទះ​របស់​គាត់​ដែល​នៅ​ជាប់​នឹង​ផ្លូវជាតិ ហើយ​ខាង​មុខ​បាន​លក់ដូរ​របស់របរ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ បាន​រង​ផល​ប៉ះពាល់ ដោយ​ហុយ​មក​ចូល​ផ្ទះ​របស់​គាត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទោះបី​ខិតខំ​ប្រាប់​ដល់​អាជ្ញាធរ​យ៉ាងណា​ក្តី ក៏​នូវ​តែ​មិន​មាន​ប្រសិទ្ធិ​ដដែល សូ​ម្បី​តែ​ទូកញ្ចក់​ដាក់​លក់​របស់របរ​នោះ​ត្រូវ​បាន​រថយន្ត​បើក​នៅ​លើ​ថ្នល់ កិនក្រួស​ខ្ទាត​ផ្លា​តម​ក​ត្រូវ​កញ្ចក់​បែក​ថែម​ទៀត​។ ស្ត្រី​ចំណាស់ ស៊ឹ​ម វ​ណ្ណី បាន​ប្រាប់​បន្ត​ថា ក្នុង​១​ថ្ងៃ​ៗ​ខាង​មុខ​ផ្ទះ​ត្រូវ​តែ​បោសសម្អាត​៣​ទៅ​៤​ដង ប្រមូល​គ្រួ​ស​ខ្សាច់​ធ្លាក់​មក​លើ​ផ្លូវ​ចាក់ចោល  បើ​មិន​បោស​ឲ្យ​ស្អាត​ទេ​ស្រួល​មិន​ស្រួល នៅ​ពេល​ដែល​មាន​រថយន្ត​បើក​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក កិន​គ្រួ​សនឹង​ខ្ទាត​មក​ត្រូវ​សមាជិក ក្រុម​គ្រួសារ​របស់​គាត់​មិន​ខាន​។

ដោយឡែក​ផ្ទះ​របស់​ស្ត្រី​ម្នាក់​ទៀត​ដែល​ប្រកប​របរ​លក់​មួក ក៏​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​រថយន្ត​ដឹក​គ្រួ​ស​ខ្សាច់​ចេញពី​ទន្លេ​បិទ​នោះ​ដែរ ច្រកចូល​ក្នុងផ្ទះ​ត្រូវ​បាន​ចង​កៅស៊ូ​តង់​បិទ ដើម្បី​កុំ​ឲ្យ​នៅ​ពេល​ដែល​នាំ​គ្នា​ហូប​បាយ​ទៅ​លំអងធូលី ហុយ​ចូល​ចាន​បាយ ពួក​គាត់​សំណូមពរ​ដល់​លោក​អភិបាលខេត្ត​មេត្តា​ជួយ​ធ្វើ​យ៉ាងណា មាន​វិធានការ​ក្តៅ​ចំពោះ​រថយន្ត​ដឹក​គ្រួ​ស​-​ខ្សាច់ ទាំងនោះ​ផង​។ កុំ​ឲ្យ​ជីវិត​រស់នៅ​ហឹ​ត​តែ​លំអងធូលី និង​នាំ​ឲ្យ​កើត​មាន​រោគ​ផ្លូវដង្ហើម​ផង​ដែរ​។

យោង​តាម​កំណត់ហេតុ​ប្រជុំ​នៅ​ថ្ងៃ​ទី​២៣ ធ្នូ ២០១៦​កន្លង​ទៅ​នោះ ត្រូវ​បាន​លោក គង់ សី​ហុង អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​លើក​ឡើង​ថា សូម​ឲ្យ​ប្រជាពលរដ្ឋ និង​អ្នក​ដែល​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ឲ្យ​ចេះ​គោរព​ច្បាប់​ចរាចរណ៍ និង​បញ្ហា​មួយទៀត​នៅ​ក្នុង​ឃុំ​ទន្លេ​បិទ ដោយ​សូម​ឲ្យ​ម្ចាស់​អាជីវកម្ម​ខ្សាច់​គ្រួ​ស​ធ្វើការ​ជួសជុល​រថយន្ត ដែល​ធ្លុះធ្លាយ ដើម្បី​កុំ​ឲ្យ​ជ្រុះ​ខ្សាច់​លើ​ផ្លូវ និង​ធ្វើការ​គ្រប​បិទ​បាំង​ខ្សាច់​គ្រួ​ស​នៅ​ពេល​ដឹក​ចេញ ។

លោក​អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ទទួល​ផែន​សណ្តាប់ធ្នាប់​បាន​បន្ថែម​ទៀត​ថា សុំ​ឲ្យ​ដេប៉ូ​ខ្សាច់​ជួយ​ផ្សព្វផ្សាយ​ដល់​រថយន្ត​ដឹក​ខ្សាច់ គ្រួ​ស​ឲ្យ​ចូលរួម​អនុវត្តន៍​សហការ ហើយ​ក្រោយ​ពី​ការ​ផ្សព្វផ្សាយ​ហើយ កងកម្លាំង​នឹង​ធ្វើការ​ចល័ត​មើល​រថយន្ត​ណា​ដែល​មិន​អនុវត្តន៍​បិទ​បាំង​ធ្វើ​ឲ្យ​ហុយ នោះ​កងកម្លាំង​ចរាចរណ៍​នឹង​ចាប់​ផាកពិន័យ​រថយន្ត​នោះ​។ ក្នុង​កំណត់ហេតុ​ក៏​មាន​ម្ចាស់​អាជីវកម្ម​លក់​ខ្សាច់​គ្រួ​ស ក្នុង​នោះ​មាន​១-​ឈ្មោះ ថូ សុ​ភ័​ក្រ  ២-​ឈ្មោះ សេង សានិ​ត ៣-​ឈ្មោះ ឆេ​ង ហ៊ួ​រ  ៤-​ឈ្មោះ វង់ ស្រី​នាថ បាន​ចុះហត្ថលេខា​យល់ព្រម​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​សមត្ថកិច្ច​ក៏​ដូច​ជា​អាជ្ញាធរ​ឃុំ​ផង​ដែរ​។

ចំណែក​លោក ភិន ឈុ​ន មេឃុំ​ទន្លេ​បិទ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា​រូប​លោក​បាន​បើក​កិច្ចប្រជុំ​បន្ត​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ ដល់​ក្រុមប្រឹក្សា​ឃុំ និង​មេ​ភូមិ ដើម្បី​ឲ្យ​បានដឹង និង​មាន​មាន​វិធានការ ចំពោះ​រថយន្ត​ដឹក​ខ្សាច់​គ្រួ​ស ដែល​មិន​ព្រម​គោរព​តាម​ការ​ណែនាំ ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២៣ ធ្នូ​កន្លង​ទៅ​នោះ​គឺ​ក្នុង​ករណី​ដែល​ដឹក​មិន​គ្រប បណ្តាល​ឲ្យ​ជ្រុះ​រាយ​ប៉ាយ​តាម​ផ្លូវ នឹង​ត្រូវ​ផាកពិន័យ​តាម​ច្បាប់​។

សូម​បញ្ជាក់​ថា ទោះបីជា​មាន​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២៣ ធ្នូ កន្លង​ទៅ ទំនងជា​ម្ចាស់​អាជីវកម្ម​លក់​ខ្សាច់​គ្រួ​ស​មិន​បាន​ផ្សព្វផ្សាយ​ដល់​អ្នកបើកបរ​រថយន្ត​នោះ​ទេ ព្រោះថា​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ ស្រាប់តែ​មាន​រថយន្ត​ដឹក​ខ្សាច់​១​គ្រឿង​មិន​ខ្ចី​គ្រប បើក​មក​ឈប់​មុខ​សាលាឃុំ​ទន្លេ​បិទ ធ្វើ​យ៉ាង​ព្រងើយ​ដោយ​មិន​ខ្វល់​៕