ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ចាប់​បាន​ខ្មោច​អា​គក និង​ចាន​អាប៉ោង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ចោម​ចៅ​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​បង្កប់​វង់ល្បែង​អាប៉ោង បៀ

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​សង្កាត់​ចោម​ចៅ​បាន​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​បង្កប់​វង់ល្បែង​អាប៉ោង បៀ នៅ​ក្នុង​នោះ
ផង​ដែរ ដែល​មាន​ទីតាំងស្ថិត​នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទីរសៀល​ថ្ងៃ​ទី​២៨ ធ្នូ ដោយ​រឹបអូស​បាន​អា​គក​ជើង​ខ្លាំង​ងាប់​១​ក្បាល និង​កម្រាល​ព្រមទាំង​ចាន​អាប៉ោង​មួយ​ឈុត​ផង​ដែរ ។

អាជ្ញាធរ​បាន​និយាយ​ថា សង្វៀន​បញ្ជល់មាន់​ខាងលើ​នោះ​បាន​បើក​លេង​ដោយ​លួចលាក់ មួយ​រយៈពេល​មក​ហើយ ដោយ​មាន​មនុស្ស​ចូល​លេង​ច្រើន ហើយ​ក្រុម​អ្នក​ញៀន​ល្បែង​ខាងលើ​នោះ​ម្នាក់​ៗ បាន​ភ្នាល់​ចាញ់​ឈ្នះ ផ្កាប់មុខ ខ្លះ​អស់​លុយ ខ្លះ​អស់​ម៉ូតូ ដែល​ជា​ការ​ព្រួយបារម្ភ​ពី​ការ​កើត​មាន​អំពើ​ហឹ​ង្សា និង​ចោរកម្ម ។ ដើម្បី​អនុវត្ត​ឲ្យ​បាន​នូវ​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព ទើប​អាជ្ញាធរ​បាន​ដាក់​កម្លាំង​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ ។ ដោយ​មានការ​សហការ​យ៉ាង​ល្អ​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋានទើបបាន​ដឹង​ថា មាន​សង្វៀន​បញ្ជល់មាន់​មួយ​នោះ​កំពុង​បើក​លេង ហើយ​ក៏​បាន​នាំ​កម្លាំង​ប៉ូលិសចុះ​ទៅ​បង្ក្រាប​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ថា អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​នោះ គឺ​ទីតាំង​ល្បែង​ខាងលើ​ហាក់​មាន​កម្លាំង​បង្កប់ និយាយ​រួម​គឺ​មាន​រនុកក្នុង​ចាំ​ឲ្យ​ការ​ណ៏​ដល់​ម្ចាស់​សង្វៀន និង​អ្នក​ដែល​ចូល​ទៅ​លេង​នៅ​ទីនោះ ព្រោះ​នៅ​ពេល​ដែល​កម្លាំង​ចុះ​ទៅ​ដល់​ស្រាប់តែ​ទាំង​ក្រុម​អ្នក​ញៀន​ល្បែង និង​មេ​សង្វៀន​បាន​នាំ​គ្នា​រត់គេច​ខ្លួន​យ៉ាង​ទាន់ហន់បំផុត​គ្មាន​សល់​អ្នក​ណា​ម្នាក់​ទេ ។ ប៉ុន្តែ​បាន​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​នូវ​ខ្មោច​អា​គក​១​ក្បាល​ដែល​បាន​បញ្ជល់​ចាក់​គ្នា​ងាប់​រួម​ជាមួយកម្រាល និង​ចាន​អាប៉ោង​១​ឈុត​ផង​ដែរ​ទុកឱ្យ​ប៉ូលិស​ក្លែម​ទៅ​ចុះ ។ មិនតែប៉ុណ្ណោះ​ក្រុម​អ្នក​ចូល​ទៅ​លេង​នៅ​ទីនោះ​ក៏​ឆ្លាត​ដែរ​មុន​ទៅ​លេងល្បែង​បាន​យក​យានជំនិះ​របស់​ខ្លួន​មានម៉ូតូ និង​រថយន្ត​ទៅ​ទុក​នៅ​កន្លែង​ផ្សេង​ឆ្ងាយពី​បរិវេណ​ល្បែង​រួច​នាំ​គ្នា​ដើរទៅ​លេង ។ លុះ​ពេល​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ចាប់​ពួក​គេ​រត់​តែ​ខ្លួន​ទៅ ដោយ​មិន​បាន​បន្សល់​ទុក​យានជំនិះ​នៅ​កន្លែង​នោះ​ដូច​ពេល​មុន​ៗ​ទៀត​ឡើយ​សូ​ម្បី​ស្បែកជើង​ក៏​មិន​បន្សល់​ដែរ ។

លោក សុទ្ធ សាធ ចៅសង្កាត់​ចោម​ចៅ បាន​និយាយ​ថា សង្កាត់​របស់​លោក​នឹង​ធ្វើការ​ចុះ​បង្ក្រាប​រហូត​តាម​បែប​ភ្លៀងរលឹម​មិន​អនុញ្ញាត​ឲ្យ​កើត​មាន​តទៅ​ទៀត​ទេ​ព្រោះ​ដឹង​រួច​ហើយ​។ ហើយ​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បានដឹង​ថា មាន​សង្វៀន​បញ្ជល់មាន់ និង​ល្បែងស៊ីសង​នៅ​កន្លែង​ណា សូម​ជួយ​ផ្ដល់​ព័ត៌មាន​ផង ដើម្បី​លោក​បាន​ចាត់​កម្លាំង​ទៅ​បង្ក្រាប​ទាន់​ពេលវេលា និង​បាន​កាត់​បន្ថយ​រាល់​បទល្មើស​នានា​នៅ​ក្នុង​មូលដ្ឋា​ន ៕