ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ទូកក្តោង​ទាក់ទាញ​មហាជន​ថ្ងៃ​ដាច់​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ប្រភេទ​កីឡា​ទូកក្តោង ឬ​ហៅ​ថា Sailing ទើបតែ​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ តែ​គេ​កត់​សម្គាល់ថា កីឡា​ប្រភេទ​នេះ​ទាក់ទាញ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ប្រភេទ​កីឡា​ទូកក្តោង ឬ​ហៅ​ថា Sailing ទើបតែ​មាន​វត្តមាន​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយ តែ​គេ​កត់​សម្គាល់ថា កីឡា​ប្រភេទ​នេះ​ទាក់ទាញ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន និង​យុវជន​ដែល​ចង់​ក្លាយ​ខ្លួន​ជា​កីឡាករ ។ ក្រោយ​ពី​ជិះ​លេង​កម្សាន្ត កីឡា​ទូកក្ដោង ក៏​ត្រូវ​គេ​ឃើញ​លេចធ្លោ​មិនធម្មតា ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ ដែល​រុញ​ឱ្យ​មានការ​ចាប់អារម្មណ៍​ខ្ពស់​សម្រាប់​ចុងឆ្នាំ​២០១៦ ដែល​នឹង​ដាច់​ឆ្នាំ​ជា​ផ្លូវការ​នៅ​ថ្ងៃនេះ​ផង​ដែរ ។

លោក ថោ​ង រ​ដ្ឋា​ស័​ក្ត ប្រធាន​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា បានឱ្យ​ដឹង​ថា សម្រាប់​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​ទើបតែ​បញ្ចប់​មុន​នេះ គឺជា​ព្រឹត្តិការណ៍​ទី​២​ហើយ​ដែល​សហព័ន្ធ​កីឡា​ទូកក្តោង​កម្ពុជា​បាន​បង្ហាញ​កីឡាករ​មួយ​នេះ តែ​សម្រាប់​ចំណាប់អារម្មណ៍​គឺ​មាន​កម្រិត​ខុស​គ្នា ។ លោក​ថា ទាំង​យុវជន និង​មហាជន​មានការ​ចុះ​ឈ្មោះ​ចូល​លេង​កីឡា​ទូកក្ដោង​យ៉ាងច្រើន​កុះករ ដែល​ធ្វើ​ឱ្យ​លោក​មើលឃើញ​ពី​ចលនា​ឈាន​ឡើង​របស់​កីឡា​ថ្មី​នេះ​ជា​សាធារណៈ ។

លោក​ថា ក្រោយ​ការ​បញ្ជ្រាប​ជា​លើក​ទី​១​នេះ​កីឡាករ​ទូកក្ដោង​ហាក់​សស្រាក់សស្រាំ​ជាមួយ​កីឡា​ថ្មី​នេះ ដោយ​លោក​បាន​ចាត់​ទុក​ថា​មានការ​ចាប់អារម្មណ៍​មិន​ធ្លាប់​មាន​ពី​ស្រទាប់​យុវជន ពិសេស​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​បាន​មក​ចូលរួម​ក្នុង​ពិធីបុណ្យ​សមុទ្រ ។ លោក​ថា បណ្ដា​ភ្ញៀវ និង​យុវជន​កុះករ​បាន​លេង​កម្សាន្ត​ជាមួយ​ទូកក្ដោង និង​បាន​ទទួល​ការ​បង្ហាត់បង្រៀន​ស្របគ្នា​ពី​ក្រុម​អ្នកជំនាញ​បរទេស មក​ពី​ប្រទេស​សិង្ហ​បុរី និង​ក្លិប​រុ​ស្ស៊ី (​លោក​ខែ​បាំងឆត្រ​) ដោយ​ឥត​គិតថ្លៃ​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​នោះ ។

លោក​បន្ត​ថា មក​ដល់​ពេល​នេះ សហព័ន្ធ​មាន​គ្រូ​បង្គោល​មក​ពី​កងទ័ពជើងទឹក​កម្ពុជា​ចំនួន​១០​នាក់ និង​មាន​ក្រុម​អ្នកជំនាញ មក​ពី​បរទេស​មួយ​ចំនួន​ទៀត ដើម្បី​ជួយ​បង្ហាត់​បង្រៀន​ដល់​អ្នក​ស្ម័គ្រចិត្ត ឬ​អ្នកមាន​ចំណាប់អារម្មណ៍​លេង​កីឡា​ទូកក្ដោង ។ ក្រៅពី​នេះ សហព័ន្ធ​កីឡា​ទូកក្តោង បាន​បង្ហាត់បង្រៀន​យុវជន​កម្ពុជា​ដែល​មាន​សមត្ថភាព និង​ទេព​កោសល្យ​បាន​ចំនួន​៦​រូប​បន្ថែម​ទៀត បន្ថែម​ពីលើ​សមាសភាព​អ្នកជំនាញ​ដែល​មាន​ស្រាប់​។ កីឡាករ​ទាំងនោះ​ត្រូវ​បាន​បង្ហាត់បង្រៀន​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុម​អ្នក​ជំនាញ និង​បាន​សាកល្បង​ឱ្យ​ចូលរួម​ប្រកួតប្រជែង​ជា​របៀប​មិត្តភាព ជាមួយ​កីឡាករ​មក​ពី​ប្រទេស​ថៃ ដោយ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង និង​មានការ​កោតសរសើរ​ថា​កីឡាករ​កម្ពុជា​ក៏​មិនធម្មតា ថ្វី​ដ្បិតថា​កីឡា​ទូកក្ដោង​កម្ពុជា​ទើបតែ​លេចមុខ​មាត់ ។

លោក​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៧ សហព័ន្ធ​នឹង​ស្នើ​ដាក់​ប្រភេទ​កីឡា​នេះ ទៅ​ក្នុង​កម្មវិធី​កីឡា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ឱ្យទៅ​ជា​ជម្រើស​សម្រាប់​កីឡា​ទូកក្តោង ឬ Sailing ដោយ​កំណត់​យក​២​ប្រភេទ គឺ​ប្រភេទ Leser 470 និង​Class: RS one ។ លោក​ថា កីឡា​ទូកក្តោង​ធ្លាប់​មាន​វត្ត​មាននៅ​កម្ពុជា ក្នុង​ទស​វត្ស​ឆ្នាំ​៦០​ជាង ប៉ុន្តែ​បន្ទាប់​មក​ក៏​ត្រូវ​បាត់បង់​ទៅ​វិញ រហូត​មក​ដល់​ពេល​នេះ ។ អ៊ីចឹង​ហើយ​ទើប​លោក​នឹង​ធ្វើ​ឱ្យ​ប្រភេទ​កីឡា​មួយ​នេះ​រស់​ឡើង​វិញ ដោយ​លោក​មើលឃើញ​ថា កីឡា​ទូកក្ដោង​ក៏​ជា​កីឡា​របស់​ស៊ី​ហ្គេ​ម កីឡា​អូ​ឡាំ​ពិ​ក និង​ជា​កីឡា​អាស៊ី​ផង​ដែរ ដែល​មិន​ពិបាក​ទាក់ទាញ​យុវជន​ឱ្យ​ចូល​ហ្វឹកហាត់ ។ លោក​ថា សហព័ន្ធ​បាន​ស្តារ​ឡើង​វិញ​ដោយ​នាំ​មក​នូវ​ប្រភេទ​កីឡា​នេះ​ជា​ថ្មី ហើយ​មានការ​គាំទ្រ​ពេញទំហឹង​ពី​ប្រទេស​សិង្ហ​បុរី និង​មាន​កិច្ចសហការ​ពី​ប្រទេស​រុ​ស្ស៊ី​ដែល​ជា​អ្នក​ជ្រោមជ្រែង ។ ក្នុង​នោះ​ក៏​មានការ​ជួយ​ឧបត្ថម្ភ​ពី​មន្ទីរពេទ្យ​បំ​រ៉ុ​ង​រ៉ាត់ ប្រទេស​​ថៃ ដើម្បី​ឱ្យ​មាន​កីឡា Sailing ចូលរួម​ប្រកួត​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​ផង​ដែរ ទើប​កីឡាករ​ទាំងអស់​មាន​កម្លាំងចិត្ត ។

លោក ថោ​ង រ​ដ្ឋា​ស័​ក្ត បាន​អំពាវនាវ​ឱ្យ​មានការ​ចូល​លេង​ដោយ​សេរី និង​ឥត​គិតថ្លៃ​នៅ​រាល់ពេល​មាន​វត្តមាន​សហព័ន្ធ​ទូកក្តោង​ទៅ​ដល់​តំបន់​ដែល​បងប្អូន​រស់នៅ​ដូច​ជា​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​មុន​នេះ ។  ប៉ុន្តែ​បើ​ចង់​ចូល​ជា​សមាជិក​ក្លិប​ក៏​ត្រូវ​បំពេញ​កាតព្វកិច្ច និង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សហព័ន្ធ​ទូកក្តោង​កម្ពុជា​ផង​ដែរ ដើម្បី​ចេញ​ជា​អាជ្ញាប័ណ្ណ​ជូន​។

យុវជន សូត្រ មេ​សា និង ហៀ​ង ស៊ុន​ហេង បាន​បង្ហាញ​ពី​ចំណង់​ចំណូលចិត្ត​របស់​ពួក​គេ ក្នុង​ការ​លេង​កីឡា​ទូកក្តោង​នេះ ។ ពួក​គេ​បាន​អំពាវនាវ​ឱ្យ​យុវជន ពិសេស​អ្នក​រស់នៅ​ជាប់​នឹង​សមុទ្រ ចូលរួម​លេង​ឱ្យ​បាន​ច្រើន ព្រោះ​កីឡា​នេះ​មាន​ភាព​ល្បីល្បាញ​នៅ​លើ​សាកលលោក ហើយ​កម្ពុជា​ក៏​អាច​មាន​លទ្ធភាព បង្ហាញ​សមត្ថភាព​នៅ​លើ​ឆាក​អន្តរជាតិ​បាន និង​ដណ្តើម​យក​ភាព​ល្បីល្បាញ​លើ​ប្រភេទ​កីឡា Sailing នេះ​ផង​ដែរ ៕